ញ៉ុក ថែម
លោក ញ៉ុក ថែម គឺជាអ្នកនិពន្ធដែលបានបន្សល់ទុកនូវស្នាដៃយ៉ាងច្រើន ពិសេសនោះគឺប្រលោមលោករឿងកូលាបប៉ៃលិន និងថែមទាំងបានចុះផ្សាយអត្ថបទមួយចំនួនធំក្នុងទស្សនាវដ្ដីកម្ពុជសុរិយាផងដែរ ។
ដោយលោកមានចំណេះដឹងច្រើន ទាំងអក្សរសាស្ត្រជាតិ និងភាសាបរទេស លោក ញ៉ុក ថែម បានបំពេញនាទីសំខាន់ៗ ជាច្រើនក្នុងការរៀបចំព្រះត្រៃបិដក ក៏ដូចជាអភិវឌ្ឍភាពនៃវិស័យអក្សរសាស្ត្រជាតិ ។
ពេលមានអាយុ ១៦ឆ្នាំ លោកបានបន្តវិជ្ជាព្រះពុទ្ធសាសនានៅបាងកករហូតដល់ឆ្នាំ ១៩៣០ បានត្រឡប់មកមាតុភូមិវិញ និងបានចូលបម្រើការងារនៅក្រុមជំនុំបកប្រែព្រះត្រៃបិដក ក្រោមអធិបតីព្រះធម្មលិខិត ល្វី ឯម ។ លោកបាន ក្លាយជានិពន្ធនាយកទស្សនាវដ្ដីកម្ពុជសុរិយា នៅព្រះរាជបណ្ណាល័យក្នុងឆ្នាំ ១៩៣៨ ។
ដើមខែកុម្ភៈ ឆ្នាំ ១៩៣៩ រាជការបានចាត់ឲ្យធ្វើព្រះរាជតំណាងសម្ដេចព្រះរាជអយ្យកោ នរោត្តម សុធារស ព្រះអធិបតីនៃពុទ្ធសាសនបណ្ឌិត្យកម្ពុជា ។ ឆ្នាំ ១៩៤៣ លោកធ្វើជាតំណាងឲ្យអគ្គលេខាធិការ ព្យែរ ឌុយប៉ង់ត៍ ដើម្បីរៀបចំកម្មវិធីសិក្សាភាសាបាលី និងរៀបចំបង្កើតពុទ្ធសាសនបណ្ឌិត្យនៅខេត្តប៉ាក់សេ ប្រទេសលាវ ។ ឆ្នាំបន្ទាប់មក លោកបានទទួលនាទីជាអ្នកការទូតប្រចាំសហភាពឥណ្ឌូចិន ក្នុងឋានៈជាអ្នកបកប្រែផ្សព្វផ្សាយតាមវិទ្យុពីភាសាបារាំង មកភាសាថៃ និងខ្មែរ ។
ខែមករា ឆ្នាំ ១៩៤៧ ក្រសួងអប់រំជាតិ បានតែងតាំងលោកជាសមាជិកនៃគណៈកម្មការវប្បធម៌ ហើយលោកបានសុំលាឈប់ពីពុទ្ធសាសនបណ្ឌិត្យនៅចុងឆ្នាំ ១៩៤៩ ។ បន្ទាប់ពីនោះមក លោក ញ៉ុក ថែម បានបន្តធ្វើជាសាស្ត្រាចារ្យជាប់កិច្ចសន្យារហូតដល់ឆ្នាំ ១៩៥៦ ។
លោកក៏ជាស្ថាបនិកមួយរូបនៃសមាគមអ្នកនិពន្ធខ្មែរដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ ។ ក្នុងចន្លោះឆ្នាំ ១៩៥៦ និង ១៩៥៧ លោកផ្លាស់ទៅធ្វើការនៅវិទ្យាល័យព្រះមុនីវង្ស នាក្រុងបាត់ដំបង ប៉ុន្តែនៅឆ្នាំ ១៩៥៨ ត្រូវត្រឡប់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ តាមសេចក្ដីស្នើសុំពីក្រសួងអប់រំជាតិវិញ ។
អានបន្ថែម វិគីភីឌា លោក ញ៉ុក ថែម
No comments:
Post a Comment