រស់សិរីសុទ្ធា
ភាពល្បីល្បាញនៃខេត្តបាត់ដំបង
ខេត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណសុម្ភាជ ជាមេគណខេត្តបាត់ដំបង តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) លោកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត លោក អ៊ិម សុងសឺម អ្នកស្រី ហួយមាស អ្នកស្រី ប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិនជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន លោកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា លោករិនសាវេត លោក សេនរ៉ានុត អ្នកនាងឆៃលីដាឡែន អ្នកនាងអ៊ិមស្រីពៅ និងតារានិពន្ធ លោកគង្គប៊ុនឈឿន លោក នូហាច លោក ញ៉ុកថែម លោកគ្រូអាចារ្យ ប៊ុតសាវង្ស លោកឆានឈួ ជាដើម។ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់សុទ្ធា ឈ្មោះហៅក្រៅ រៃ ។ ឈ្មោះសិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីព ជាអ្នកចម្រៀង។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់សេរីសុទ្ធា ទៅវិញ។ សូមអានប្រវត្តិខាងក្រោម ដើម្បីអោយដឹងថា ហេតុអ្វី តារាសំនៀងមាស យើង មានឈ្មោះថា រស់សិរីសុទ្ធា។ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀន នៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត គឺលោកឪពុករបស់ខ្ញុំឈ្មោះ សាស្ត្រាចារ្យ ប៊ុនថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធានោះដែរ។ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា ឈ្មោះលោកគ្រូ រស់ ប៊ុន ដែលជាលោកគ្រូភ្លេងខ្មែរផង ជាលោកគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផង។ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សាបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល៧០ឆ្នាំ។ បងស្រីទី២មានឈ្មោះថា រស់សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម។ ចំណែកប្អូនស្រីពៅមានឈ្មោះថា រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សិរីសុទ្ធា។ អ្នកស្រីរស់សិរីសោភ័ណ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់លោក អ៊ុកស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។
កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសម្លេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសមេ្លងធម្មតា! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយ នៅអាចរក្សា សំឡេងស្រួយមុតបានដូចអ្នកស្រីសុទ្ធាណាស់។ កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចីៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ដែលអ្នកស្រីឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក។ នៅពេលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ “បងរៃ” ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះជានិច្ច។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។
យុវតីរស់សិរីសុទ្ធាមានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដី ជាក់លាក់ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន។ នៅឯសាលារៀនវិញសុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុត។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែនរ៉ន និងអ្នកស្រីហួយមាស តែ យុវតីសុទ្ធាមានឈ្មោះបោះសំឡេង ក្នុងវិទ្យាល័យ យ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀត។ នោះ ព្រោះដោយសារ សំណៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាន នោះឯង។
កាលសុទ្ធានៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារីសុទ្ធាទេ ដែលមានអំណោយទានជាងគេ ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព។ ជាពិសេសបំផុតនោះ គឺលោកតារស់ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាដែរ មានតែកុមារីសុទ្ធាទេ ដែលរៀនដុះដាលជាងគេ គឹរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន។
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់លោកឧកញ៉ាគេហបតី គីស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិរោះ កម្លោះយើង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់លោកកម្លោះម្នាក់នោះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ។ លោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព មួយរូប ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់លោកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីប៉ារីសនោះ។ គេក៏បានសន្យា ផ្តល់តម្លែសេវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតារស់ប៊ុនជាឪពុកទេ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណោះ។ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបាន ប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង និងដោយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់ប៊ុនក៏ដាច់ចិត្ត បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ តែម្នាក់ឯង ជំរាបឪពុកម្តាយថា សុទ្ធាត្រូវគេឃាត់ទុក អោយនៅគេងទីនោះ ត្បិតយប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់ មិនបានដេកពួនឡើយ។
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។ នាងស្ទុះទៅអោបឪពុក ស្រែកទ្រហោរយំ ជំរាបលោកថា កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់។ ពេលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម នឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យ លើនារី។ ថ្វីបើត្រូវលោកតារស់ប៊ុន គម្រាមយ៉ាងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស របស់លោកគីស៊ានហូ។ ចៃដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបងរួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរ៉ាវអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករក អ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា រស់ សិរី សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា នៅភ្នំពេញ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំសុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ នៅកម្ពុជា មានលោកអ៊ិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀងល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមាច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។
ប្រវត្តិជាអ្នកចម្រៀងអាជីព
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ។ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង ជាដើម។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនម៉ាល័យ ជាដើម។ នៅទីបំផុត យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព ស៊ិនស៊ីសាមុត ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក។ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកស៊ិនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវ៉ោយហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត ដូចជា លោកគង្គប៊ុនឈឿន លោកមែរប៊ុន លោកហេងហួរវេង លោកម៉ាឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស ជាដើម។នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសម៉ាត់ ដែលជាអ្នកចំរៀងបុរស ដែលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ យ៉ាង ភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើម ទាំងពីររូប របស់លោកសុសម៉ាត់ មកចូលរួមពិធីមង្គលការនោះផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោកសុសម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះឡើងទៅទះតប់ វាយធ្វើបាបភរិយា យ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ។ ដំណឹងនេះបានល្បី ទៅដល់លោកស៊ិនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា ដល់លំនៅ ឯបាត់ដំបង។ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកស៊ិនស៊ីសាមុត និងក្រុមតន្រ្តី ដែលលោកស៊ិនស៊ីសាមុតណែនាំតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចំរុងចំរើន រហូតរៀងបន្តមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្ម ថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ។ រីឯមុខរបររកស៊ី ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកស៊ីផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកស៊ីផាន់ទៀតផង។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។
កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រីយ៉ា បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយ៉ា អ្នកស្រីសុទ្ធា បានសុំយកបងប្រុស រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកស៊ីណារេត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយលោកស៊ិនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាសែត ដូចជានៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយ៉ា េដីម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេស នានា យ៉ាងសេរី ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយ៉ា នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង។ ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុង ខ្សែភាពយន្តខ្មែរមួយ រឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង។ កាលនោះ លោកស្រីយ៉ាមានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំពេញវិញ។
ភាតរមិត្តភាពនិងសន្តានចិត្ត
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីតរបស់អ្នកស្រី អោយស្តាប់ ថាតើថា មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង ចូលស្រុកកំណើតម្តងៗ។
ប្រវត្តិនៅជំនាន់ខ្មែរក្រហម១៩៧៥
ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ ជំលៀសចេញ តាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។ ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធាបានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃ កែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច។ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហឹង្សា ជាមួយលោកយោធា កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារំាង។
(ពតមានរបស់ខ្ញុំដែលសុំកែប្រែនិងបន្ថែមក្រោយ ឈ្មោះ ម៉ូនិសា) តែទោះជាយ៉ាងណា ដន្លងរបស់ឪពុកម្ដាយខ្ញុំ ដែលធ្លាប់បំរើការនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០ បានប្រាប់ខ្ញុំថា តារាចម្រៀងដ៍ល្បីល្បាយរូបនេះ ទទួលមរណភាពនៅទីនោះ ដោយសារមហារីកបំពង់កនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០នោះ។)
No comments:
Post a Comment