Wednesday, August 30, 2017

ល្វី ឯម

ល្វី ឯម

សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម
សាស្ត្រាចារ្យ ឈឹម ស៊ុម រៀបរៀង

កុមារភាព

កុមារ ឯម ប្រសូត ពី​ថ្ងៃ ២ ᧥ ៦ ឆ្នាំ​រោង ទោស័ក ព. ស. ២៤២២ ក្នុង​ក្រុង​ភ្នំពេញ ។ បិតា​នាម មាន់ (ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង) មាតា​នាម ប្រាក់ ។ កាល​លោក​ឧកញ៉ា មាន់ ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុក ខេត្ត​ត្បូងឃ្មុំ ផ្លាស់​ទៅ​ខេត្ត​លង្វែក បាន​បំបួស​កុមារ ឯម ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បាន​ហាត់​សូត្រ​ធម៌ ១ ចប់ ភាណវារ​បាលី ព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្ម ថោង បាន ៣ គម្ពីរ, ត​មក បាន​រៀប​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ យ៉ាំង, លោក​គ្រូ​អាចារ្យ រ៉ត, លោក​ឧកញ៉ា សុធម្មមេធា អ៊ុង និង​លោក​ឧកញ៉ា​សទ្ធម្មប្រីជា កង ទៀត រួម​ទាំងអស់ ៩ គម្ពីរ ។

បព្វជ្ជា

សាមណេរ ឯម បាន​បព្វជ្ជា​អស់ ៦ វស្សា ដល់​ជន្មាយុ​គ្រប់ ២១ ឆ្នាំ បាន​សូម​ឧបសម្បទា​ជា​ភិក្ខុ ពី ព. ស. ២៤៤៣ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍, ព្រះ​ពុទ្ធវង្ស នន្ទ និង​ព្រះ​មង្គល​ទេពាចារ្យ កុយ ជា​ឧបសម្បទាចារ្យ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, មាន​លោក​ឧកញ៉ា​មហា​មន្ត្រី ប៉ុក ឌុច ជា​អ្នក​ឧបត្ថម្ភក៍ ។

ការតែងតាំង

សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។

ស្នាព្រះហស្ត

ដល់ ព. ស. ២៤៥៤ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតី ដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កា ទ្រង់​បាន​ឃើញ​វត្ត​លង្កា ដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិច សល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារ ដែល​មាន​តែ​រោង​ស្បូវ​មួយ គ្រប​ព្រះ​ពុទ្ធ​រូប ១ ព្រះ​អង្គ, ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូប ដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹង ស្ងាត់​ឈឹង មិន​សូវ​មាន​បរិស័ទ​សោះ ទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការ ឯម ពី​វត្ត​ស៊ីធរ មក​គង់​នៅ​វត្ត​លង្កា​វិញ ដើម្បី​ជួយ​កសាង​វត្ត​នេះ ព្រោះ​លោក​គ្រូ​ចៅអធិការ ខាត់ សុគត​ទៅ​ហើយ ។ សម្ដេច​ព្រះ​មហា​សង្ឃរាជ ទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្ម ថោង ឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ ។ លោក​គ្រូ​ព្រះ​មហា​វិមលធម្ម បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កា ពី​ព. ស. ២៤៥៤​។ លោក​គ្រូ​ព្រះ​អាចារ្យ ឯម ជា​ចៅអធិការ​វត្ត​លង្កា គង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ ដែល​ជា​សាលា​រៀន​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង ដែល​លោក​អ្នក​ឧកញ៉ា​យោមរាជ ម៉ែម សេនាបតី​ក្រសួង​យុត្តិធម៌ រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន ។ លោក​គ្រូ​ចៅអធិការ ឯម ខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារ តាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរ និង​ជញ្ជាំង​ឡើង​ជា​ដំបូង ដរាប​ដល់​ខឿន​កំពែង និង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំ ដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ ខាង​អាគ្នេយ៍​វត្ត​ភ្នំ មក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​បាន​កសាង​កុដិ ១ ខ្នង ពីរ​ជាន់ ដែល​រុះ​ចេញ​បាត់​ទៅ ហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ, លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នង ដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់, សាលា​ធម្មសភា​មួយ​ខ្នង គ្រឿង​ស៊ីម៉ងត៍ ២ ជាន់ មាន​រោង​ជួង ១ ជាន់​នៅ​នោះ​ផង, កំពែង​ស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធ​វត្ត​លង្កា ពី​ចំហៀង​ខាង​ជើង​និង​ខាង​កើត ប្រវែង ២៤៧ ម. ៨២ បាន​កសាង​សាលា​បាលី​រង ១ ខ្នង, សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា ១ ខ្នង គ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នា ចំ​ខាង​ក្រោយ​ព្រះ​វិហារ, បាន​កសាង​កុដិ​ឈើ ១ ខ្នង ខាង​លិច​កុដិ​ថ្ម​ធំ, បាន​សាង​ប្រាង្គ ១ ខាង​មុខ​ព្រះ​វិហារ បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្ម ថោង , បាន​ចាក់​ដី​ជម្រៅ ២ ម៉ែត្រ ពេញ​វត្ត​លង្កា​ទាំង​មូល ព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិ ពេញ​បរិវេណ​វត្ត​លង្កា​ចំនួន ៣៦ ខ្នង ។ មិន​តែ​ប៉ុណ្ណោះ, លោក​បាន​កសាង​សាលា​បាលី​រង ១ និង​កុដិ​ធំ ១ (គ្រឿង​ឈើ) ចេតិយ ១ នៅ​វត្ត​ក្រាំងពន្លៃ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បញ្ចុះ​ធាតុ​លោក​ឧកញ៉ា ល្វីជោ មាន់ (១) ជា​បិតា និង​លោក​ស្រី ប្រាក់ ជា​មាតា ។ (១)​ ឧកញ៉ា ល្វី ជោ ជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែក ព្រោះ​សាលា​ខេត្ត​នេះ តាំង​នៅ​ក្នុង​ឃុំ​ល្វី ។ ឃុំ​ល្វី កែ​ជា​ឃុំ​បន្ទាយ​លង្វែក ពី​ឆ្នាំ ១៩៣៥ តាម​ពាក្យ​សុំ​របស់​លោក ម៉ី អ៊ុំ មេ​ឃុំ​ល្វី និង​លោក ទេស លឹម ចៅហ្វាយ​ស្រុក​កំពង់​ត្រឡាច និង​លោក សូរ មៀច គ្រូ​បង្រៀន នៅ​សាលា​ពាម​លង្វែក បាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្ត នឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង ។ ពាក្យ​ថា ល្វី ថា ល្វី នេះ បាន​ជា​ឲ្យ​ដាក់​នាម​ថា ល្វី ឯម ជាប់​ត​មក ។

សមណស័ក្តិ

កាល​ពី ព. ស. ២៤៤៦ លោក​គ្រូ​អាចារ្យ ឯម បាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា ។ ដល់​មក ព. ស. ២៤៥៧ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា (រាជា​គណៈ​ចត្វា) ។ ដល់ ព. ស. ២៤៥៨ មាន​ព្រះ​រាជ​ប្រកាស និង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរ តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខ គឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត ។
ជំនាន់​មុន កាល​សាលា​បាលី​ជាន់​ខ្ពស់ ពុំ​ទាន់​កើត​ឡើង ការ​សិក្សា​ធម៌​វិន័យ និង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋ មាន​ស្ដួចស្ដើង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យ ធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ ។ តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើង មាន​ព្រះ​សព​ព្រះ​មហា​វិមល ថោង ជា​នាយក មាន​ព្រះ​ញាណ​បវរ​វិជ្ជា ឯម , ព្រះ​គ្រូ​សង្ឃសត្ថា ជួន ណាត, ព្រះ​គ្រូ​សង្ឃវិជ្ជា ហួត តាត ជាដើម ដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង លោក​បាន​រៀបចំ​ការ​សិក្សា និង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ មាន​អធិករណ៍​យ៉ាង​ធំ ៗ ខាង​ផ្លូវ​ពុទ្ធសាសនា ដូចជា​មហា​សង្គ្រាម ១ កើត​ឡើង​ក្នុង​ប្រទេស ព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង ។ លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជា ឯម ហាក់​ដូចជា​ធម្មទេសនា ១ រូប​យ៉ាង​ឆ្នើម, វត្ត​លង្កា ហាក់​ដូចជា​សមរភូមិ ១ យ៉ាង​ធំ ក្នុង​ប្រទេស​កម្ពុជា ។
ដោយ​ហេតុ​អធិករណ៍​នេះ បាន​ជា​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម ខំ​កសាង​ធម្ម​អាវុធ គឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេង ៗ (ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅ តទៅ​ខាង​មុខ) សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទាន ដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញា នៃ​ពុទ្ធសាសនិកជន ជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ ។ ប៉ុណ្ណោះ​ហើយ ក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់, បាន​ជា​វេលា​មួយ លោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់ នរោត្តម សិង្ហរ៉ា ជា​ព្រះ​រាជ​សុណិសា នៃ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ, បាន​សម្រេច​ដោយ​យោបល់​ថា​ : គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​ជា​ភាសា​បាលី ឲ្យ​ជា​សេចក្ដី​សម្រាយ ដើម្បី​ឲ្យ​ជន​ទាំងលាយ មើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នា កុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត ។ អ្នក​អង្គ​ម្ចាស់ នរោត្តម សិង្ហរ៉ា មាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លា បាន​ជាវ​គ្រឿង​ប្រដាប់​សរសេរ មាន​ក្រដាស​ជាដើម មក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត ។ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាញ​បវរ​វិជ្ជា ល្វី ឯម ក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈ ជា​សហការី​របស់​លោក​ហើយ ក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូង រហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គ ព្រម​ទាំង​ប្រែ​ផង (២) (ចម្លង​នៅ​វត្ត​លង្កា ក្នុង ព. ស. ២៤៦០) ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយ ដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល ហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​ : កិច្ចការ​នេះ​ធំ​ណាស់ សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត តម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះ ពោធិវ័ង្ស ម៉ា និង​ព្រះ​រាជា​គណៈ​ខ្លះ ខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការ ទើប​នឹង​បាន​សម្រេច ហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង ។ ដំណើរ​ការ​នេះ ក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែន ប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះ អស់​វេលា​ដ៏​យូរ​ឆ្នាំ ។ (២)​ សំណៅ​នេះ សព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ ។
លុះ​មក​ដល់ ព. ស. ២៤៧២ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម បាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់, ដល់ ព. ស. ២៤៧៥ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ សីរីសម្មតិវង្ស, កាល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​បាន​រាជាភោសេក​ហើយ, ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម បាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើ អំពី​ការ​ប្រែ និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង​រាជការ​អាណាព្យាបាល​បារាំងសែស ក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយ ព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង ។ ការ​កសាង​ព្រះ​ត្រៃបិដក ក៏​បាន​លូត​លាស់​​មក​ជា​លំដាប់ ។ ការ​សិក្សា​ធម្មវិន័យ ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ និង​សាលា​បាលី​ក្នុង​វត្ត​លង្កា ក៏​ចម្រើន​ដោយ​ក្រៃលែង ដរាប​តែ​ព្រះ​ថេរានុត្ថេរៈ ខេត្ត​ក្រៅ មាន​ខេត្ត​បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម បាន​បើក​សាលា​រៀន​បាលី និង​ធម្មវិន័យ យក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត ។
អានបន្ថែម wikipedia

ហែម ចៀវ

ហែម ចៀវ


 
លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានខ្លួនជាមនុស្ស ក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

ជីវប្រវត្ត

លោកគ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ
  1. ហែម លី
  2. ហែម ចៀវ
  3. ហែម ហួត
  4. នាងហែម សុច
  5. ហែម សាយ ។
បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។

 កុមារភាព

កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាល គោ រកអុស ដេញចាប តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោមក្រុងភ្នំពេញ ដោយហេតុមេស្រុក ហែម និងព្រះគ្រូ សង្ឃសត្ថាជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។

កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានមាត់ពាក្យរហ័សច្បាស់លាស់ មានសន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។ កុមារនេះបានព្យាយាមខ្ជាប់ខ្ជួនល្អណាស់ បានរៀនអក្សរសាស្ត្រក្នុងសំនាក់ព្រះគ្រូស ង្ឃសត្ថាតាំងអំពីដំបូង រហូតទាល់តែមើលបាន សរសេរអក្សរកើតដោយបរិបូណ៌ ។

កុមារ ហែម ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា ជួន ណាត អស់យូរឆ្នាំ ដោយបានដើរស្ពាយយាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម ចៀវ បានស្តាប់ធម៌ទេស នារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ ចៀវ មានសេចក្តីឆ្លៀវឆ្លាស យល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។

កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖
  • ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាចយឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទី ទៃ ទៅព្រៃម្តាយជាមួយ» ។
លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូត្រយកចិត្តទុកដាក់អោយមែនទែន ។
  • បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!
  • ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
  • ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទមាតាបិតា ណាស់ មិន​ដែល​ធ្វើ​អោយ​អ្នក​មាន​គុណ​ព្រួយ​ចិត្តម្តងណាឡើយ ។
 សាងផ្នួស


វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថា ត្រូវបំបួសនៅវត្តឧណ្ណាលោម ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅវត្តឧណ្ណាលោមដដែល ។ លុះបួសរួចហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។

ថ្ងៃខែចេះតែកន្លងជាលំដាប់... សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា វិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។ ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិ បូណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថាជួន ណាត ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុហែម ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡងយកសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អាន ណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្ត កំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានស ញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកឯវត្តឧណ្ណាលោមក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិឯខេត្តកំពតយក វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម ចៀវ បានទៅនៅបង្រៀន អក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍កន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ »ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់លើក ឧទាហរណ៍ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។

លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ុម)។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះ បាលាត់ឃោសនានាគ ហែម ចៀវ មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។

ចំពោះភ្ញៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយវែកញែក អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វ លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ ។

សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណាខ្ជិល រៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ
  • ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន... ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួចពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេចកើត ? តើនរណា គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ... តើយើងមកដើម្បីអ្វី ? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។
ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់គ្រូ ហើ យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចា ប់នឹងពួកអនានិគមបារាំងខាំងឡើងៗជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរ សិស្សសាលាបាលីជាន់ ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។

សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃសំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកាដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម ចៀវ ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិនបានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណាដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុ ន៉្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែលោ កអាចារ្យសំដែងធម៌ទេសនារាល់ថ្ងៃសីល និង បុណ្យទាន ។ នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែសូត្រមន្ត ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ព្រះសង្ឃដែ លខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត។

ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបតទៅ តាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។

លោកគ្រូអាចារ្យ ហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សំដេចព្រះសង្ឃរាជ ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោកអោយភ្លេចបានឡើយ។ លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបន្ដោយអោយពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ ។ ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោសនាគ ហែម ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោកប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ -មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំបារាំង ។

វេលាថ្ងៃមួយ លោកសឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖
  • លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
  • ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។
លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា
  • ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិនត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុក អោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំករុណា និមន្តព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យ ហើយ។
  • យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
  • ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅ ទេសនា រឺ ពន្យល់ទៀតមិនកើត ។
  • ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយយក ការណ៍ទៅអោយបារាំងវិញ!
  • ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបានសំរេច។
  • ពរ ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ក្រុមបដិ វត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទអោយ ស្គាល់ អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
  • ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមាន ខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!
  • កុំប្រញាប់អញ្ជើញពេកលោក!
  • ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
  • ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក ។
ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ឡើង ។ លោកប៉ាច ឈឺន មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជាអ្នកស្រលាញ់ជា តិពិតប្រាកដ ។ ប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែកខាងព្រះសង្ឃ ដែលខំតស៊ូ យ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យប៉ាង ខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត លោកគ្រូអាចារ្យសូរ ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ ជុំ គង់នៅវត្តលង្កា ព្រះងារចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសា បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូនខ្មែរយើងស្អប់ខ្ពើមិមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោ យកូនធ្វើទាហានទេ ព្រោះខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិន ហោចទ្រព្យសម្បត្តិមិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។

គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល។ ពេលនោះកងទ័ពបារាំង មានកំលាំងខ្សោយណា ស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តី ស្នើរបស់លោកសឺង ង៉ កុថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ដើម្បីអោយជ្រាបច្បាស់ បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះគឺ
  • កុំធ្វើមនុស្សអោយចង្អៀតលោក ។
  • ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
  • ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។
  • កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
  • មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
  • បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា)។
  • មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែកដែលមិនជាធុរ ជាមនុស្សគឺគេណែនាំ រឺប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រលោតខឹង មនុ ស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវមនុស្សដូចនោះជាការល្អ (១០០គាថា)
  • បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។
ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើវាសនា ទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះ មិនល្អទេ ។ ក្រៅពីលើកពុទ្ធភាសិត លោកអាចារ្យបាន ទាញឧទាហរណ៍ល្អៗ ពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែបន្ដុះស្មារតីអោ យខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរអោយស្រលាញ់ការសិក្សា អោយយ ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់... ព្រះអាចារ្យ ហែម ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀតដែលរាប់អានគ្នា ។ នៅពេលយប់ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ សាមណេរបានមកចោមរោម ដើម្បីអោយលោកអធិប្បាយធម៌ រឺ រឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូង លោកលើករឿង អ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ «ប្រទេសយើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើនរុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា ធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំអោយខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។
ខណនោះលោកតាម្នាក់ពោលឡើង
  • ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំង ញញឹមផង
  • ពរជាការងាយទេ លោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយយើងដើរ ហើ យថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះមកវិញបានឡើយ ។ អាត្មាមិនពេញចិត្ត នឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោក តា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន កេងយកកំរៃពីសាសនាសំបើមណាស់។
  • ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់។ ពេល និមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជា មួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។

ព្រះបាលាត់ ហែមចៀវ ត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ... សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍ស៍កលលោក បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។ ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយ មិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វី ឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេ បែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាច ក៏កើតមានឡើង ។

តែខ្មែរឈាមអង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធ ឡើង ។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោកដែលកំពុងច្បាំង គ្នា ។ ពេលនោះព្រះងាចារ្យ ហែមចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំការឧបត្ថម្ភពីប្រជា រាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។ ចំនែកប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្ត ផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅ៍អោយបារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត (១)។ តាម «សៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់ នៃក្រុមបដិវត្តន៍ បានសរ សេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួងនោះ មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោក អាចារ្យ ហែម ចៀវ និងលោក នួន ឌួង ជាមេដឹកនាំពួកទាហានខ្មែរអោយបះបោរប្រឆាំង នឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍ ។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់ តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំ លិខិតមួយដុំផង បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោ យទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មក។ លោក ជុំ មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយ ពុំហ៊ានសួរគេ ។

លោក ជុំ មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក ក៏បានសួរលោក ជុំ មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ មួង ក៏ទូលលោកតាមដំនើរ ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង ង៉ុកថាញ់បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវអោយប្រញាប់រត់ចូលទៅឯមន្ទីរកងអា វុធហត្ថជប៉ុនជាប្រញាប់ ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិត ដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល ?លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅ ដល់ ស្រាប់តែលោក ទា សាន ប្រើអោយបំរើទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម ចៀវ អោយផ្លា ស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណា ក៏មិនទាន់ ។ គិតទៅពួកគេចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។ ----------------------------------- ១ : មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេចសីហនុខ្សឹបអោយបារាំងចាប់ ទើបបានជាពួកវាដឹង ។ ស្តេចសីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោល ទើបធ្វើដូច្នេះ ។

លោក ជុំ មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅជំរាប លោក សឺង ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។ រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង វត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និងជាសិស្សរបស់លោក ។

ក្នុងពេលជាមួយគ្នានោះ លោក នួន ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹង ខ្មែរគ្នាឯង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយជនបរទេស ញាំញីតាមអំ ពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍ដែល នឹងជិតបានសំរេច ផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមក ហើយ ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពករសាត់ គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹកភ្នែក សស្រាក់៖ - អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ...។ - តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ! - អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបា រាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេស ខ្ញុំកញ្ជោះគេដែរ ។ អោមិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា......។
ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាលភាពមិនអាច ពណ៌នាបានឡើយ ។

រីឯលោក នួន ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។

មហាបាតុកម្មថ្ងៃ២០ កក្កដា ១៩៤២

ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួល យ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំងដោះលែងលោកគ្រូអា ចារ្យ ហែមចៀវ និងលោក នួន ឌួង ពីទីឃុំឃ្លាំងមកវិញ ។ មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា តែត្រូវអាក់ខាន ទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី ឯម ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត។ ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង ង៉ុកថាញ់ បានភៀសខ្លួនទៅពួនឯការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំង សែស ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបានសំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធីរបស់ ខ្លួនជាស្រេច ។

ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់....
ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិចវត្ត ភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យសោកថា «យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ »។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយទិដ្ឋភាព នេះគួរគយគន់ឥតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោ មខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំង ពីហេតុការណ៍ផ្សេងៗ និង សុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត ។ ពេល នោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើ យបារាំងក៏បិទទ្វារ រួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។

ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថប្រើដុំថ្ម ដំបង និងកូនតឹងជាអាវុធដែរ ។

ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុន ជួយធ្វើអន្ត រាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុ ល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស ។ ជនណាយឺតដំនើរក៏ ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេ សសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។

ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។

ចំនែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាល ពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាម មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ (លោកតាម្នាក់មានប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹក ប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបានសោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច ។

បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួន ប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។

ការកាត់ទោសប្រហារជីវិត

នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។ នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង, និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សំដែង​នូវ​សេចក្ដី​អាឡោះអាល័យ​មាតុភូមិ មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ លោកស្តាយខានបាន រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាស នា ។ លោកអាចារ្យ​កម្សត់​លើក​ដៃ​ទាំង​ពីរ​ប្រណម​ហើយ​ពោល​ខ្សឹបៗ ៖
  • ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំ
ចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។ អោកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរព្រៃសម្លាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយ សារខ្ញុំ ស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែជាតិ! សាសនារស់...។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួល ហួសប្រមា ណ លោក​ស្អប់​ខ្ពើម​ពួក​ស្តេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ រហេមរហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់ លុយជាតិរាប់រយលាន! ចំណែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។

ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកម្រនឹងបានជួប ។

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបណ្ដុះវិជ្ជារបស់លោក ។ លោកសម្លឹងកំពូលសាលាដោយចុកណែនឱរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកម្សត់ ៖
  • ឱសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំ
មិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់រាប់អានគ្នាឥតមានហ្មង... លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។

ចំណែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ ។ លោកប៉ាច ឈឺនក្តី លោកនួន ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកឯទៀតក្តី គ្មានស្តាយស្រណោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាព ដើ ម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។

ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សម្ងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃ នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបឥតឧបមា ។

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំឡេងទៅកាន់លោកអាចារ្យហែម ចៀវ ដោយញ័រៗ
  • ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
  • អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
  • ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
  • អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសម្លាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។
លោក នួន ឌួង ឆ្លើយ
  • មិនអីទេ ខ្មែរយើងភ្ញាក់​រឭក​ខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
  • ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥឡូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។
ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅ គុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខ្លាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាសចាកមនុស្សធម៌នេះ កើត ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេ លចូលទៅដល់ លោក នួន ឌួង បានត្រូវមេតម្រួតគុកព្រៃនគរវាយធាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោ សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌ ស ដូចលោក នួន ឌួង ។

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរា ឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអាចារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទម្លាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួត ត្រាក៏បោះសម្ដីទាំងកម្រោលទៅកាន់អាចារ្យហែម ចៀវថា៖
  • ចុះអាទ្រើកនោះមានរឿងអីដែរ ?
លោកអាចារ្យក៏​ឆ្លើយ​ទៅវាវិញ
  • ប្របាទ ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំង
គេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!
  • អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!
ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រឡើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើង ទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា សុភាពរាបសា សម្ដីពិរោះ ចិត្តល្អមិនចេះឈ្នានីសជនណាមួយដូចលោកអាចារ្យ ហែម ចៀវ តែងបានទទួលនូវសេចក្តីអាណិត អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ កញ្ជះបារាំងដូចគ្នា ?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាងខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំណែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញ នឹងធ្លាក់ដល់ ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ ដែលធ្វើអោយ វីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់របស់អាឯងណាស់អាហន្ទយុំ! អាកំ សាក! សម្លាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំណុំរឿង ចេញមកឈរនៅចំពោះ មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះលោកប៉ាច ឈឺន ។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ
  • បាទ!
  • អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!
ឯលោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំណែកលោកប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំណោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំណែក​លោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹមដោយ ការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រ ហារជីវិតបង់ថា៖
  • យើងនឹងបញ្ជូនសំណុំ​រឿងអ្នកឯង ទៅសុំសម្រាលទោសពីលោកឧត្តមសេនីយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បី
អោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។ សម្លេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំណាចនោះក៏បញ្ជាអោយភ្នាក់ងារគុក នាំអ្នកទោសវិលមកកាន់ទី ឃុំឃាំង។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវ មានចិត្តអណិតអាសូរលោកប៉ុណ្ណ ចន្ទម៉ុលនិងមិត្តឯទៀតណាស់ដោ យត្រូវគេបញ្ជូនទៅអោយនៅគុកឯកោះត្រឡាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសម្រេច ចិត្តពីឧត្តមសេនីយ ប៉េតាំង សិន ។
ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។ (ពាក្យពេចន៍​ខ្លះ​គ្រាន់តែ​ជា​សម្ដី​អ្នក​និពន្ធ​ដែល​ស្អប់​រាជានិយម​តែ​ប៉ុណ្ណោះ)

(ដកស្រង់ចេញពីវេបសាយ https://km.wikipedia.org)

រស់សិរីសុទ្ធា

រស់សិរីសុទ្ធា


ភាពល្បីល្បាញនៃខេត្តបាត់ដំបង

ខេត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណសុម្ភាជ ជាមេគណខេត្តបាត់ដំបង តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) លោកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត លោក អ៊ិម សុងសឺម អ្នកស្រី ហួយមាស អ្នកស្រី ប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី​ អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិន​ជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន លោកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា លោករិនសាវេត លោក សេនរ៉ានុត​ អ្នកនាងឆៃលីដាឡែន អ្នកនាងអ៊ិមស្រីពៅ និងតារានិពន្ធ លោកគង្គប៊ុនឈឿន លោក នូហាច លោក ញ៉ុកថែម លោកគ្រូ​​អាចារ្យ ប៊ុតសាវង្ស លោកឆានឈួ ជាដើម។

​ជីវប្រវត្តិ​

ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់សុទ្ធា ឈ្មោះហៅក្រៅ រៃ ។​ ឈ្មោះសិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីព ជាអ្នកចម្រៀង។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់សេរីសុទ្ធា ទៅវិញ។ សូមអានប្រវត្តិខាងក្រោម ដើម្បីអោយដឹងថា ហេតុអ្វី តារាសំនៀងមាស យើង មានឈ្មោះថា រស់សិរីសុទ្ធា។

​ប្រវត្តិកុមារភាព​

អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបឋមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ នេតយ៉ង់​​​ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់​ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ​ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត​ គឺលោកឪពុករបស់ខ្ញុំឈ្មោះ សាស្ត្រាចារ្យ ប៊ុនថង​ ក៏ជាគ្រូ​បង្រៀនរបស់​កុមារីសុទ្ធានោះដែរ​។​ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា​ ឈ្មោះលោកគ្រូ រស់ ប៊ុន​ ដែលជាលោកគ្រូភ្លេងខ្មែរផង ​ជាលោកគ្រូស្តោះផ្លុំ​ យ៉ាងល្បីមួយរូបផង។​ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ​ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល​ ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង​ ​ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។​ រីឯម្តាយរបស់អ្នកស្រីវិញ​ មាននាមថា ណាត់ សាមៀន​ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង​។​ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។​ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សាបឿន​ សព្វថ្ងៃរស់នៅបាត់ដំបង​ ក្នុងវ័យប្រហែល៧០ឆ្នាំ។​ បងស្រីទី២​មានឈ្មោះថា រស់សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ​ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ​ នៅសម័យខ្មែរក្រហម។​ ចំណែកប្អូនស្រីពៅមានឈ្មោះថា​​ រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សិរីសុទ្ធា។​ អ្នកស្រីរស់សិរីសោភ័ណ​ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ​​ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់លោក អ៊ុកស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។​
កាលនៅក្នុងវ័យសិក្សា​ អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់​ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា​ អារៃ ត្បិតអ្នកស្រីមានសម្លេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង។​​ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសមេ្លងធម្មតា! មិនសូវជាឮប៉ុន្មានទេ​ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់​ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយ នៅអាចរក្សា សំឡេងស្រួយមុត​បានដូចអ្នកស្រីសុទ្ធាណាស់។ កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចី​ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ​។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ដែលអ្នកស្រីឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក។ នៅពេលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ​ “បងរៃ” ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះជានិច្ច​។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង​ យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។
យុវតីរស់សិរីសុទ្ធាមានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់​ ហើយមានទឹកមុខញញឹមជានិច្ច​​ ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ​​ គឺនាងពូកែលាក់អារម្មណ៍ណាស់​ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។​ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ​ តែជាមនុស្សមានសម្ដី ជាក់លាក់ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន។​​​ នៅឯសាលារៀនវិញ​សុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប​ ហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុត​​។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយ​អ្នកស្រី ប៉ែនរ៉ន និងអ្នកស្រីហួយមាស តែ យុវតីសុទ្ធាមានឈ្មោះបោះសំឡេង ​ក្នុងវិទ្យាល័យ​ យ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀត។ នោះ ព្រោះដោយសារ សំណៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាន នោះឯង។
កាលសុទ្ធានៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន​​ តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារីសុទ្ធាទេ ដែលមានអំណោយទានជាងគេ ​ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។​ ដោយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត​ ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ​ តាំងពីនៅកុមារភាព។​​ ជាពិសេសបំផុតនោះ គឺលោកតារស់ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង។​ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាដែរ មានតែកុមារីសុទ្ធាទេ​​ ដែលរៀនដុះដាលជាងគេ គឹរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន។​

​មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង

ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត​ ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង​ មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។
ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់លោកឧកញ៉ាគេហបតី គីស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ​ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា​ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះ​ដែរ។​ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិរោះ កម្លោះយើង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះ​របស់លោកកម្លោះម្នាក់នោះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់​លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀន​កាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ។ លោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ​ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពី​គាត់ប៉ុន្មាន​ ហើយលោកឪពុករបស់ខ្ញុំ​ក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព​ មួយរូប​ ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់លោកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីប៉ារីស​នោះ។ គេក៏បានសន្យា ផ្តល់តម្លែសេវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតា​រស់ប៊ុនជាឪពុកទេ​ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណោះ។​ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ​ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបាន ប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង​ និង​ដោយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់ប៊ុនក៏ដាច់ចិត្ត បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀង​ក្នុងពិធីនោះ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។​ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ​ តែម្នាក់ឯង​​ ជំរាបឪពុកម្តាយថា​ សុទ្ធាត្រូវគេឃាត់ទុក​ អោយនៅគេងទីនោះ ត្បិត​យប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព​ តែគេបានប្រគល់ប្រាក់កម្រៃ​​ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់​ មិនបានដេកពួនឡើយ។​​
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ​ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។​ នាងស្ទុះទៅអោបឪពុក​ ស្រែកទ្រហោរយំ ជំរាបលោកថា​ កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង​ ពេលភ្ញៀវចេញទៅផ្ទះអស់។​ ពេលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់​ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។​ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ​​ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។​ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម​​ ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។​ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម នឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី​ គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យ លើនារី។​ ថ្វីបើត្រូវលោកតារស់ប៊ុន គម្រាមយ៉ាងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល​ ដែលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ​ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស​ របស់លោកគីស៊ានហូ។​ ចៃដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។​​ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។​
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា​ ដោយសារការបាត់បង់ដីស្រែ​ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត​។​ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង​រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។​ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរ៉ាវអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិ​ផង​ ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករក អ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល​ ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខ​ឌីណារី និងលោក ឌី​ កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង​ ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា​ ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា​ រស់ សិរី​​ សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ​​ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។​​​ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាល​ថា​​ សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ​ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា​ នៅភ្នំពេញ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំ​សុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់​ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍​ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។​ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ​ នៅកម្ពុជា មានលោកអ៊ិមសុងសឺម អ្នកស្រី​ហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀង​ល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមាច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌​ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់​​ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។

​ប្រវត្តិជាអ្នកចម្រៀងអាជីព​

ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អ៊ឹម សុងសឺម​ ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។​ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ។​ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង​ ជាដើម។​ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ​​ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត​​ ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនម៉ាល័យ ជាដើម។​ នៅទីបំផុត​ យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព ស៊ិនស៊ីសាមុត​ ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន​ តាំងពីពេលនោះមក​។​ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកស៊ិនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវ៉ោយហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត​ ដូចជា លោកគង្គប៊ុនឈឿន លោកមែរប៊ុន លោកហេងហួរវេង​ លោកម៉ាឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស​ ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប​ បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង​​ ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់​ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសម៉ាត់ ដែលជាអ្នកចំរៀងបុរស​ ដែលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ​ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ​ យ៉ាង ភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ​ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។​ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើម ទាំងពីររូប​ របស់លោកសុសម៉ាត់ មកចូលរួមពិធីមង្គលការនោះផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ​ ព្រោះលោកសុសម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះឡើងទៅទះតប់ វាយធ្វើបាបភរិយា​ យ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក។​ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់​ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ​។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង​ បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង​ រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ​។ ដំណឹងនេះបានល្បី ទៅដល់លោកស៊ិនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា​ ដល់លំនៅ ឯបាត់ដំបង។​ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ​ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។​ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកស៊ិនស៊ីសាមុត និងក្រុមតន្រ្តី ដែលលោកស៊ិនស៊ីសាមុតណែនាំតែប៉ុណ្ណោះ។​ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចំរុងចំរើន រហូតរៀងបន្តមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្ម ថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ​ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ​​។​ រីឯមុខរបររកស៊ី ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ​ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី​ ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង​ រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា​​ ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកស៊ីផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកស៊ីផាន់ទៀតផង។​ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។​
កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន​ ទើបលោក ស្រីយ៉ា​ បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយ៉ា អ្នកស្រីសុទ្ធា បានសុំយកបងប្រុស​ រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង​​ ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកស៊ីណារេត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយ​លោកស៊ិនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន​​ ជាដើម ដើម្បីទៅថតចម្រៀងកាសែត ដូចជានៅប្រទេសសាំងកាពួរ​ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយ៉ា េដីម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ​​ ឬតាមពិធីជប់លៀងពិសេស នានា​ យ៉ាងសេរី​ ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់​ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។​ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយ៉ា នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ​ ដើម្បីរក្សាសុវត្ថិភាពផង។ ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ​ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង​ បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុង ខ្សែភាពយន្តខ្មែរមួយ រឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង។ កាលនោះ លោកស្រីយ៉ាមានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ​ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំពេញវិញ។

​ភាតរមិត្តភាពនិងសន្តានចិត្ត​

ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា​ ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីត​របស់អ្នកស្រី អោយស្តាប់ ថាតើថា​ មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ​​ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង​ រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។​ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ​​ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍​ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង​ ចូលស្រុកកំណើតម្តងៗ។

​ប្រវត្តិ​នៅជំនាន់ខ្មែរក្រហម១៩៧៥

ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ​​ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប ​រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍​ ជំលៀសចេញ តាមផ្លូវជាតិលេខបួន​ សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។​ ក្រោយមកទៀត​ អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង​ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធា​បានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ​ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃ កែប្រែពាក្យពេចន៍​ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។​ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា​ អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច​​ ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប​ ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។​ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ​ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង​ អោយទៅបំពេញកិច្ច។​ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច។ ចំណែកអ្នកស្រីវិញ មិនអាចតបត​ ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ។​ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ​​ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី​ មិនអោយឆ្លើយតបត​ មានមាត់ក​ មានហឹង្សា ជាមួយលោកយោធា​ កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត​ នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។​ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា​​ អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។​ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា​ អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ​ រស់នៅឯប្រទេសបារំាង។
(ពតមានរបស់ខ្ញុំដែលសុំកែប្រែនិងបន្ថែមក្រោយ ឈ្មោះ ម៉ូនិសា) តែទោះជាយ៉ាងណា ដន្លងរបស់ឪពុកម្ដាយខ្ញុំ​ ដែលធ្លាប់បំរើការនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០ បានប្រាប់ខ្ញុំថា តារាចម្រៀងដ៍ល្បីល្បាយរូបនេះ ទទួលមរណភាពនៅទីនោះ ដោយសារមហារីកបំពង់កនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០នោះ។)

​ឯកសារយោង

– មាសស្រោបនគរ ភាគមួយ​ ដោយលោក សេងតារា -​ ប្រវត្តិជីវិតសិល្បករខ្មែរ ដោយ​លោក នួនសុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ -​ ទស្សនាវដ្តី ឥន្រ្ទទេវី – ទស្សនាវដ្តី ប្រជាប្រិយ – ទស្សនាវដ្តី ខ្មែរអប្សរា – ទស្សនាវដ្តី អង្គរធំ – ទស្សនាវដ្តី តារា

រតន៍ ថោង

រតន៍ ថោង



ព្រះមហាវិបលធម្ម ថោង ជាវីរសមណៈ អ្នកប្រាជ្ញ១អង្គ ដែលមានព្រះទ័យទុកដាក់បំផុតក្នុងការពង្រីកព្រះពុទ្ធសាសនា
និងអក្សរសាស្ត្រខ្មែរឱ្យមានការអភិវឌ្ឍទាន់សម័យ។ជាព្រះអាចារ្យបង្រៀនព្រះត្រៃបិដក និងអតីតចាងហ្វាងសាលាបាលីជា
ន់ខ្ពស់។ព្រះអង្គបានបណ្តុះបណ្តាលកូនសិស្សជាច្រើនឱ្យបានទៅជាអ្នកប្រាជ្ញ ហើយព្រះអង្គជាគំរូល្អ និងបានបន្សល់ទុកនូវ
ស្នាដៃដល់អ្នកជំនាន់ក្រោយ។
កុមារ ថោង កើតនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំកុរ ចត្វាស័ក ព.ស.២៤០៦ គ.ស.១៨៦២    នៅភូមិកំពង់ផែ
ក្រុងភ្នំពេញ ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌដូនពេញ សង្កត់ទន្លេបាសាក់។ ឪពុកឈ្មោះ រតន៍ មានគោរមងារជាឧកញ្ញ៉ាពិភក្តិវាទី
និងម្តាយឈ្មោះ ខាវ។
យោងតាមសៀវភៅមហាបុរសព្រះពុទ្ធសាសនានៅប្រទេសខ្មែរ បានបង្ហាញថា កុមារថោង អាយុ១១ឆ្នាំបានបួសជា
សាមណេរក្នុងសំណាក់សម្តេចមហាសង្ឃរាជទៀង ជាឧបជ្ឈាយ៍នៅវត្តឧណ្ណា លោមក្រុងភ្នំពេញ។បន្ទាប់ពីបានបួសហើយ
សាមណេរអង្គនេះបានសិក្សាភាសាបាលី និងព្រះត្រៃបិដកពី ព្រះឧបជ្ឈាយ៍  និងពីលោកឧកញ៉ាសុធម្មមេធា រ៉ត   ជាដើម
ហើយបានធ្វើជាអាចារ្យបង្រៀនភាសាបាលី តាំងពីសាមណេរ។មកដល់អាយុ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុនៅវត្តឧណ្ណា
លោម ក្នុងឆ្នាំមមី ចត្វាស័ក ព.ស.២៤២៦ គ.ស.១៨៨៣  ដែលមានព្រះមហាសង្ឃរាជ ទៀង ជាព្រះគ្រូឧបជ្ឈាយ៍។
ក្នុងសៀវភៅដដែលនេះបានបន្តទៀតថា ព្រះជន្ម៤១ឆ្នាំ   ដោយមានបំណងចង់បានសាស្ត្រាបាលីព្រះត្រៃបិដកអក្សរ
ខ្មែរពីប្រទេសសៀម ដើម្បីយកមកតម្កល់ទុកនៅប្រទេសខ្មែរ លោកក៏បានសុំអនុញ្ញាតពីព្រះឧបជ្ឈាយ៍។ព្រះអង្គបាននិមន្ត
តាមផ្លូវទឹកខ្លះ ផ្លូវគោកខ្លះអស់ជាច្រើនថ្ងៃទៅដល់ប្រទេសសៀម គង់នៅវត្តចក្កវត្តិរាជាវាស ទីក្រុងបាងកក និងបានការទំ
នុកបម្រុងពីឥស្សរជនទាំងឡាយមានព្រះយាវុឌ្ឍិការ និងក្រុមព្រះទម្រង់   រាជានុភាពជាដើម។ព្រះអង្គគង់នៅអស់ ១២ខែ
ទើបត្រឡប់ពីទីក្រុងបាងកកវិញ មកដល់ខេត្តបាត់ដំបងតាមសំបុត្រ១ច្បាប់របស់ព្រះចៅក្រុងសៀម  ហើយនិមន្តមកដល់
ក្រុងភ្នំពេញ បាននាំទាំងគម្ពីរដីកាផ្សេងៗជាច្រើនមកជាមួយផង។
ដោយសារការខិតខំប្រឹងប្រែងបម្រើដល់ព្រះពុទ្ធសាសនា មកដល់គ.ស.១៨៩០    ព្រះអង្គបានទទួលឋានៈជាព្រះគ្រូ
សង្ឃសត្ថា បន្ទាប់មកបានជាព្រះបាឡាត់សង្ឃវិជ្ជា។មិនយូរប៉ុន្មានបីឆ្នាំក្រោយមក នៅគ.ស.១៩០៣ ព្រះករុណាព្រះបាទ
នរោត្តម ព្រះរាជទានតំណែងជារាជាគណៈងារជាព្រះមហាវិបលធម្ម រឿងហ្លួង ។និងមកដល់គ.ស.១៩១៤ព្រះករុណាព្រះ
បាទស៊ីសុវត្តិតែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់  ក្រុងភ្នំពេញ។ តមករាជការតែងតាំព្រះអង្គជាក្រុមជំនុំសព្វវចនា
ធិប្បាយខ្មែរ។
នៅឆ្នាំ១៩០៩ តំណាងរាជការបារាំង ព្រះមហាក្សត្រខ្មែរព្រះបាទ ស៊ីសុវត្ថិ និង សម្តេចព្រះសង្ឃរាជ និល ទៀង  និង
កុង្សីយ៍ សេនាបតីខ្មែរ បានព្រមព្រៀងគ្នាថា នឹងត្រូវបង្កើតសាលាបាលីនៅក្នុងប្រទេសកម្ពុជា   ហើយគប្បីមានសាលានៅ
នគរវត្ត១ និងនៅវិហារព្រះកែវ ក្រុងភ្នំពេញ១។
ព្រះតេជគុណ ជិន លន ជាសាស្ត្រាចារ្យបង្រៀននៅពុទ្ធិកវិទ្យាល័យសុរាម្រឹត មានថេរដីកាថា  បន្ទាប់ពីបានបង្កើតសា
លាបាលីនេះហើយ សម្តេចព្រះសង្ឃរាជនិល ទៀង បានប្រាប់ឱ្យព្រះមហាវិមលធម្ម ថោងចាត់ចែងក្នុងកិច្ចការនេះ គឺជ្រើស
រើសរកអ្នកទៅកាន់ការ។ពេលនោះព្រះអង្គក៏បានជ្រើសរើសព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី   ជាសិស្សច្បងគេក្នុងចំណោមសិស្ស
ទាំងអស់ដែលអាចនឹងកាន់ការបាន។ព្រះអង្គបានបញ្ជាក់ទៀតថា ព្រះមហាវិបលធម្ម    ថោងមានកូនសិស្សច្រើន រួមមាន
ព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ព្រះធម្មបិដក ហ៊ឹម ឧកញ្ញ៉ាភក្តី រាជា យ៉ាំង ព្រះវ័នរតន៍ ទិច មឿង ព្រះធម្មលិខិត ល្វីឯម ព្រះធម្មលិ
ខិត ម៉ឹង សែស ព្រះមុនីកោសល សោម ឈុន ក្រោយមកទៀតមានសម្តេចជួនណាត សម្តេចហួត តាត និងអាចារ្យ ហែម
ចៀវ ជាដើម។
ក្នុងឯកសារបានបញ្ជាក់ថា ព្រះមហាវិបលធម្ម ថោង មានទទួលគ្រឿងឥស្សរិយយស ចំនួនបី គឺនៅថ្ងៃទី២៩ ខែសីហា
ឆ្នាំ ១៩០៥ បានទទួលគ្រឿងឥស្សរិយយសមុនីសារភណ្ឌ។ដប់ពីឆ្នាំ ក្រោយមកគឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩១៧ បានទទួល
មេដាយមាស និងមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ១៩២២   បានទទួលគ្រឿងឥស្សរិយយសអូហ្វិស្យេរដាកាដេមី។ព្រះអង្គ
ចេះភាសាបាលី ភាសាសៀម ភាសាឡាវស្ទាត់ជំនាញដូចជាភាសាខ្មែរ។រីឯភាសាភូមា លង្កា អាចមើលនិងសរសេរយកជា
ការបាន។ស្នាដៃដែលបាននិពន្ធមានចំនួន៨ក្បាល គឺសៀវភៅអនាគារិយវិន័យ បព្ជជាខន្ធកៈសង្ខេប ឧបោសថ    កាលាម
សូត្រ បរាភវសូត្រ អក្ខរាភិធានស័ព្ទ គម្ពីរវុត្តោទ័យ និងសៀវភៅអរិយសច្ចៈ។
ព្រះជន្មាយុគម្រប់៦៥វស្សា ព្រះអង្គមានអាពាធជាទម្ងន់រយៈ១៥ថ្ងៃក៏អនិច្ចធម្ម នៅវេលារាត្រីរំលងអធ្រាត្រ   គឺម៉ោង២
និង១០នាទី នៅថ្ងៃអង្គារ៍ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ព.ស.៤៤៧០ត្រូវនឹងថ្ងៃទី០២ ខែសីហា គ.ស.១៩២៧នៅ
មហាកុដិរបស់ព្រះអង្គក្នុងវត្តឧណ្ណាលោម។

សូរ ហាយ

សូរ ហាយ



ព្រះមុនីកោសល សូរ ហាយ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជា នៅសម័យសង្គមរាស្ត្រនិយម។  ព្រះអង្គបាន
បំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងសន្តិភាព  និងបានទទួលគ្រឿងឥស្សរិយយសជាច្រើន។មិន
តែប៉ុណ្ណោះថែមទាំងបាននិពន្ធសៀវភៅជាច្រើនសម្រាប់អប់រំប្រជាពុទ្ធបរិស័ទខ្មែរ ទាំងផ្លូវសាសនា និងទាំងផ្លូវលោក។
យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារសូរ ហាយ  កើតនៅថ្ងៃប្រហស្បតិ៍ 
រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៤៤៨ គ.ស. ១៩០៤ នៅភូមិឫស្សីជួរក្នុងសង្កាត់ក្រោលគោ ខេត្តស្វាយរៀង។មាតា
ឈ្មោះ  ម៉ុង អុក ជាស្ត្រីមានសីលតាំងពីក្មេង បិតាឈ្មោះ សៅ សូរ។មាតាបិតា នៃកុមារនេះមានមុខរបរកសិកម្ម ក្នុងជីវភាព
មធ្យម។កុមារសូរ ហាយមានបងប្អូន ០៦ នាក់ ស្រី៤នាក់ គឺ ១សូរ នួន  ២-សូរ-យួន ៣-សូរថោ ៤-សូរ-ឡូត។ប្រុស២នាក់
គឺ សូរ ហុង  និងសូរ ហាយ។
កាលអាយុ ១០ ឆ្នាំ មាតាបិតានាំយកទៅឱ្យសិក្សាអក្សរសាស្ត្រជាតិតាមប្រពៃណីនៅវត្តបឹងរ៉ៃ   ក្នុងសំណាក់លោកគ្រូ
សូត្រ ទេព យិន។ក្រោយពីលោកគ្រូសូត្រនេះបានលាចាកសិក្ខាបទទៅជាគ្រហស្ថ    ក៏មកនៅរៀនក្នុងសំណាក់លោកគ្រូ
សុខ ហែម។លុះបីឆ្នាំក្រោយមកទៀត គឺដល់អាយុ១៣ ឆ្នាំ បានទទួលការសិក្សាអក្សរសាស្ត្រចេះដឹងគួរសម ដែលអាចមើ
លបាន និងសរសេរកើត ទើបត្រឡប់មកនៅផ្ទះវិញក្នុងគោលបំណងដើម្បីជួយបំពេញកិច្ចការរបស់មាតាបិតាតាមទំនៀម
នៃត្រកូលកសិករ។
បន្ទាប់ពីមកនៅផ្ទះបាន៤ឆ្នាំ គឺដល់អាយុ១៧ ឆ្នាំ ក៏បានត្រឡប់ទៅសិក្សាធម៌វិន័យនៅឯវត្តបឹងរ៉ៃវិញ  ដើម្បីបួសជាសា
មណេរ ក្នុងថ្ងៃ ៨កើត  ខែពិសាខ ព.ស. ២៤៦៦ គ.ស. ១៩២២ ដោយមានលោកគ្រូចៅអធិការ កែវ ទិត ជាព្រះឧបជ្ឈាយ៍
។លុះបានទទួលផ្នួសបួសជាសមាណេរនៅក្នុងវត្តនោះបាន១ ព្រះវស្សា ក៏បានសូមលាព្រះឧបជ្ឈាយ៍   ចេញអំពីវត្តបឹងរ៉ៃ
  ដើម្បីទៅរៀនទន្ទេញមេសូត្រតាមបែបសម័យនោះនៅវត្តសិរីសាគរកំពង់ត្របែកបានចំនួន២ខែ។
បន្ទាប់មកទៀតក៏បានចេញអំពីវត្តសិរីសាគរ មកស្នាក់អាស្រ័យនៅរៀនវត្តព្រែកចាម ស្រុកពាមរក៍ ខេត្តព្រៃវែង ក្នុងសំ
ណាក់លោកគ្រូអាចារ្យ មុត។ព្រះអង្គបានរៀនប្រែមូលកច្ចាយនៈ ចំនួន ៤ខែ ទើបចេញអំពីទីនោះ មករៀនតនៅវត្តឧណ្ណា
លោម ក្រុងភ្នំពេញ នៅក្នុងឆ្នាំ ១៩២២ ក្នុងសំណាក់លោកគ្រូព្រះមហា សោម ឈុន ជាអតីតចៅអធិការវត្តនិរោធរង្សី និង
លោកគ្រូម៉ៅ នុត ចំនួន២ឆ្នាំ។បន្ទាប់មកព្រះអង្គមានមានអាពាធគ្រុនចាញ់ជាទម្ងន់  ព្រោះហេតុនេះ   ក៏ត្រឡប់ទៅឯវត្តកំ
ណើតដើមវិញ  ដើម្បីព្យាបាលរោគគ្រុនចាញ់នោះ ជាង ១ ខែទើបបានជាសះស្បើយ     រួចមកក៏ទៅរៀននៅឯវត្តស្វាយ
ព្រហូត   ក្នុងសង្កាត់គោកព្រីង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង  ក្នុងសំណាក់លោកគ្រូអាចារ្យ ទៀង   បាន១វស្សាគត់។
បន្ទាប់មកក៏បានវិលត្រឡប់ទៅវត្តឧណ្ណាលោម ក្រុងភ្នំពេញវិញ នៅកុដិក្នុងក្រុមដដែលដូចមុន។ព្រះអង្គបានរៀនប្រែគម្ពីរ
ធម្មបទក្នុងសំណាក់លោកគ្រូព្រះមហាសោម ឈុន  និងលោកគ្រូអាចារ្យ ម៉ៅ នុត។
មកដល់អាយុ ២១ ឆ្នាំទើបត្រឡប់ទៅបំពេញឧបសម្បទាជាភិក្ខុ នៅវត្តបឹងរ៉ៃដែលជាវត្តដើមកំណើតរបស់ខ្លួនវិញ ក្នុង
ថ្ងៃ៨កើត ខែជេស្ឋ សប្តស័ក ព.ស.២៤៦៩ គ.ស.១៩២៥ ដែលមានលោកគ្រូ កែវ ទិត ជាឧបជ្ឈាយ៍ លោកគ្រូ សុខ ហែម
និងលោកគ្រូ ងួន ស៊ិន ជាឧបសម្បទាចារ្យ។បន្ទាប់ពីបានបួសរួចមកក៏និមន្តទៅនៅវត្តឧណ្ណាលោមវិញ។