ប្រាសាទគុហ៏យាយហម
២៨ សីហា ២០១៧៖ការសិក្សាស្រាវជ្រាវថ្មីៗ នេះរបស់សាស្រ្តាចារ្យ
និងនិស្សិតបុរាណវិទ្យា ប្រាសាទគុកយាយហម
ត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរនាសម័យអង្គរនៅក្រោម
រជ្ជកាលព្រះបាទជ័យវរម៌ទី៧
ប៉ុន្តែបើតាមរយៈសំណល់នៃស្ថាបត្យកម្មដូចជា ផ្តែរទ្វារ សិលាចារឹក
ទីនោះប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈបួសមួយតាំងពីមុនសម័យអង្គរទៅទៀត
។
គួរឲ្យសោកស្តាយណាស់ បច្ចុប្បន្ន ប្រាសាទគុកយាយហម
ដែលមានអាយុជិតមួយពាន់ឆ្នាំហើយ
នៅតែខំប្រឹងត្រដរស់យ៉ាងវេទនាកណ្តោចកណ្តែងតែម្នាក់ឯងកណ្តាលព្រៃវាលរហោស្ថាន
ដែលហ៊ុមព័ទ្ធទៅដោយស្រះ ត្រពាំងទឹក ទន្លេអុំ និងអូរខ្វាត់ខ្វែង ។
ប្រាសាទនេះត្រូវទទួលរងការខូចខាតយ៉ាងដំណំ
មិនត្រឹមតែថ្មកំពែងប្រាសាទត្រូវអ្នកស្រុកជីកគាស់រំលើងដឹកយកទៅធ្វើស្ពានប្រើប្រាស់ក្នុងភូមិស្រុកនោះទេ
សូម្បីតែផ្តែរទ្វារប្រាសាទដែលមានក្បូរក្បាច់រចនាយ៉ាងល្អប្រណិតក៏ត្រូវបានគេយកទៅធ្វើស្ពានដែរ។
នេះដោយសារតែគាត់មិនបានយល់ពីតម្លៃប្រវត្តិសាស្រ្តរបស់ប្រាសាទ
ពោលគឺគាត់យល់តែមួយផ្នែកតូច
គឺធ្វើបែបនេះវាផ្តល់ផលប្រយោជន៍សម្រាប់អ្នកស្រុកគាត់ ។
សព្វថ្ងៃនេះ ប្រាសាទគុកយាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ
ខែត្រកំពង់ចាម ។ បើចង់ឃើញ
និងទស្សនាសិក្សាស្រាវជ្រាវពីប្រាសាទដ៏ចំណាស់មួយនេះ
គេគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ 6A ដែលមានចម្ងាយប្រហែលជាង
៩០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ ។ នៅពេលទៅដល់ទីប្រជុំជន ស្គន់
មានផ្លូវបំបែកជាពីរ
ដោយផ្លូវមួយបត់ឆ្វេងដៃជាផ្លូវទៅកាន់ខែត្រកំពង់ធំ
និងមួយទៀតបត់ទៅស្តាំជាផ្លូវទៅកាន់ខែត្រកំពង់ចាម ។
គេត្រូវបន្តដំណើរពី ស្គន់ ក្នុងចម្ងាយផ្លូវ ៨គីឡូម៉ែត្រទៀត
បន្ទាប់មកបត់ឆ្វេងតាមខ្លោងទ្វារវត្តមួយឈ្មោះថា វត្តសង្កែ ។
បន្តពីខ្លោងទ្វារវត្តទៅដល់វត្តមានចម្ងាយ ៣គីឡូម៉ែត្រ
និងពីវត្តទៅកាន់ ប្រាសាទគុកយាយហម មានចម្ងាយ ១គីឡូម៉ែត្រទៀត ។
រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា «យាយហម» បានស្ម័គ្រចិត្តបូជាជីវិតដើម្បីនៅចាំថែរក្សាប្រាសាទ និងសម្បត្តិទ្រព្យប្រាសាទនៅក្នុងកាលៈទេសៈ មួយដែលស្រុកទេសកើតមានសង្គ្រាម ។ ដូច្នេះហើយក្រោយពី យាយហមស្លាប់ទៅ គេក៏បានហៅប្រាសាទនេះថា ប្រាសាទគុកយាយហម ជាប់រហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្ននេះ យើងឃើញមានរោងមួយដែលបងប្អូនប្រជាជនយើងបានសាងសង់ដោយមានការធ្វើជារូបតំណាងឲ្យរូប យាយហម តម្កល់នៅក្នុងរោងនោះដែលស្ថិតនៅពីខាងមុខប្រាសាទ ។
ចំណែកតាមការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយបុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាលព្រះបាទជ័យវម៌្មទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏ប៉ុន្តែតាមរយៈស្លាកស្នាមនៃសំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពីមុនសម័យអង្គរ គឺប្រហែលនៅ ស.វ. ទី៧ ឬទី៨ នៃគ.ស. ហើយប្រហែលជាក្រោយមកសំណងនោះត្រូវបានខូចខាត ទើបនៅសម័យអង្គរព្រះមហាក្សត្រខ្មែរបានស្ថាបនាជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់តែសង់នៅលើបរិវេណនៃប្រាសាទពីមុន ។
សព្វថ្ងៃនេះ អ្វីដែលនៅសល់ គឺតួប្រាង្គប្រាសាទមួយធ្វើពីថ្មភក់សុទ្ធសាធ ។ ប្រាសាទនេះមាន ទ្វារចូលទាំងបួនទិស តែទ្វារខាងកើតជាច្រកសំខាន់ ពោលគឺជាទិសសំខាន់របស់ខ្មែរ ។ នៅជាប់ពីខាងលិចនៃតួប្រាង្គនេះ យើងឃើញនៅមានសល់ទួលបុរាណ២ ជាតួប្រាសាទឥដ្ឋដែលទទួលរងនូវការជីកកកាយយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ នៅមានសំណង់ផ្ទាំងថ្មជាមេទ្វារប្រាសាទ ផ្តែរទ្វារ ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និងដងខ្លួនព្រះពុទ្ធ ថ្មកំពូលប្រាសាទដែលធ្លាក់មកដី ចម្លាក់បដិមា ក្បាច់ស្លឹករកា និងអំបែងកុលាលភាជន៍ជាដើម ។ល។
នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំង ប្រាសាទគុកយាយហម ប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ។
គួរបញ្ជាក់ផងដែរថា ដោយយល់ឃើញពីតម្លៃនៃប្រាសាទនេះ ក្រុមអ្នកស្រាវជ្រាវ និងក្រុមនិស្សិតបុរាណវិទ្យាបានលើកជាសំណើរដោយសំណូមពរ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ទ្ធទាំងឡាយ ជាពិសេសប្រជាពលរដ្ឋនៅតំបន់នោះ មេត្តាជួយថែរក្សា និងការពារបេតិភណ្ឌប្រាសាទដ៏ចំណាស់នេះឲ្យបានគង់វង្សរហូតផង ។
ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ
ReplyDeleteល្អប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ
ReplyDelete