អ៊ុម ស៊ុម
អំពីជីវភាពផ្នួស
យោងតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា អាយុបាន១៦ឆ្នាំ ឪពុកម្តាយបានអនុញ្ញាតឱ្យកូនប្រុសអ៊ុម ស៊ុម បួសជាសាមណេរនៅវត្តនទីរង្សី ហៅវត្តជីរោ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះអាយុ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងពទ្ធសីមា វត្តនទីរង្សី ហៅវត្តជីរោ ក្នុងសំណាក់ព្រះនាគមុនី ជាឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍បានដាក់នាមបញ្ញត្តិថា សង្ឃត្ថរោ។ បន្ទាប់មកបានបន្តការសិក្សាព្រះបរិយបត្តិធម៌ នៅវត្តកោះគល់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួចមកបន្តការសិក្សានៅវត្តសារាវ័ន្តតេជោ ក្រុងភ្នំពេញ ដរាដល់ប្រឡងជាប់សាលាបាលីជាន់ខ្ពស់។ អំពីចំណេះវិជ្ជា កិច្ចការបម្រើព្រះពុទ្ធសាសនា និងប្រទេសជាតិ ឆ្នាំ១៩៥០ ភិក្ខុអ៊ុម ស៊ុម បានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ បច្ចុប្បន្នហៅថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ ក្រៅពីភាសាខ្មែរ និងភាសាបាលី ភិក្ខុអ៊ុម ស៊ុម បានសិក្សាភាសាបារាំង និងភាសាអង់គ្លេស អាចប្រើការបាន ។ អាស្រ័យដោយសមត្ថភាព ចំណេះដឹងទាំងវិជ្ជាផ្លូវលោក និងផ្លូវធម៌ ភិក្ខុអ៊ុម ស៊ុម ត្រូវបានទទួលនាទីជាអាចារ្យបង្រៀនភាសាបាលីជាច្រើនឆ្នាំ នៅវត្តសារាវ័ន្តតេជោ វត្តសំពៅមាស ក្រុងភ្នំពេញ និងវត្តនទីរង្សី ខេត្តកំពង់ចាម ។ ភិក្ខុអ៊ុម ស៊ុម បានជួយបណ្តុះបណ្តាលឱ្យកើតមានសាលាបាលីរង សាលាធម្មវិន័យ ព្រមទាំងជួួយជ្រើសរើសគ្រូអាចារ្យទៅបង្រៀនតាមទី ផ្សេងៗផង ។ ទន្ទឹមនឹងការរីកចម្រើននៃសំណង់ព្រះពុទ្ធសាសនា លោកគ្រូអាចារ្យអ៊ុម ស៊ុម ក៏បានយកព្រះទ័យទុកដាក់ចំពោះប្រទេសជាតិ ដូចជាការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះទឹកជាដើម ទាំងវិស័យសង្គមកិច្ច មានការជួយសង្គ្រោះអ្នកក្រខ្សត់ ជនពិការ អ្នកជំងឺរបួស សម្រាកក្នុងមន្ទីរពេទ្យដែរ ។ ក្នុងនោះព្រមទាំងបានអប់រំអំពីសីលធម៌ និងជីវភាពរស់នៅក្នុងសង្គមឱ្យបានថ្លៃថ្នូរចំពោះព្រះសង្ឃ និងគ្រហស្ថ ជាបន្តបន្ទាប់នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ស្នាព្រះហស្តក្នុងការតែងនិពន្ធ
១-បញ្ចធម៌ ២-ត្រៃលោកគោកត្រៃលក្ខណ៍ ៣-រកធម៌ ៤-បំភ្លឺបុណ្យ ៥-ជុំវិញបញ្ហាបួស ៦-ព្រះសទ្ធម្មលា ៧-ទស្សនៈព្រះពុទ្ធសាសនា ៨-បញ្ហាឧបាសក ៩-គុណសីល ១០-សុខរបស់គ្រហស្ថ ១១-អានិសង្សសីល ១២-កុរុធម៌ ជាដើម ។ ក្រៅពីនោះមានអត្ថបទជាច្រើនទៀតដែលបានចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយា ។
អំពីតួនាទី
ឆ្នាំ១៩៥៧ បានទទួលតួនាទីជាចៅអធិការស្តីទី នៅវត្តកែវព្រះភ្លើងភ្នំពេញ ។ ឆ្នាំ១៩៦០ បានទទួលតួនាទីជាគ្រូសូត្រស្តាំ នៅវត្តសារាវ័ន្តតេជោភ្នំពេញ ។ ឆ្នាំ១៩៥៦ បានទទួលតួនាទីជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រសួងធម្មការ ភ្នំពេញ ។ ឆ្នាំ១៩៦៩ បានទទួលតួនាទីជាសមាជិកថេរសភា ជាលេខាធិការបោះពុម្ពវចនានុក្រមខ្មែរលើកទី៥ អមសម្តេចព្រះសង្ឃរាជជួន ណាត និងជាសមាជិកសកម្មរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ផ្នែកការងារធម្មទូត ។
អំពីសមណសក្តិ
ចាប់ពីឆ្នាំ១៩៥៧ រៀងមកលោកគ្រូអាចារ្យអ៊ុម ស៊ុម បានទទួលសមណសក្តិទីជាឋានានុក្រមនិងជារាជាគណៈដូចថតទៅ ៖ -ជាបាឡាត់ភទ្ទបាល (ទីឋានានុក្រម) ។ -ជាព្រះវិន័យធរ (ទីឋានានុក្រម) ។ -ជាព្រះធម្មបិដក(ទីរាជាគណៈថ្នាក់ចត្វា) ។ -ជាព្រះញាណវង្ស (ទីរាជាគណៈថ្នាក់ត្រី) ។ -ជាព្រះសាសនសោភ័ណ(ទីរាជាគណៈ ថ្នាក់ទោ ) ។
អំពីការបាត់បង់ភាពផ្នួស
នាឆ្នាំ១៩៧៥ដល់១៩៧៨ ឆ្នាំ១៩៧៥ សភាពការណ៍ប្រទេសជាតិ បានជួបប្រទះនូវគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ។ ព្រះសង្ឃទូទាំងប្រទេស បានចាប់ផ្សឹក និងសម្លាប់ចោល ហើយនឹងយកទៅធ្វើជាទាសករ ដូចជាពលរដ្ឋខ្មែរ ដទៃៗទៀត ។ ចំណែកឯវត្តអារាម សាលារៀន មន្ទីរពេទ្យ ត្រូវបានកម្ទេចចោលទាំងស្រុង ។ ព្រះសង្ឃក៏ត្រូវបានជម្លៀសចេញពីវត្តសារាវ័ន្តតេជោ និងបានទៅគង់នៅវត្តនានា ក្នុងខេត្តកំពង់ចាម ។ បន្ទាប់មកពួកអង្គការខ្មែរក្រហមចាប់ឱ្យធ្វើពលកម្ម និងផ្សឹកពីភេទជាព្រះសង្ឃ ។
អំពីផ្នួសលើកទី២
ថ្ងៃ៧ មករា ១៩៧៩ ប្រជាពលរដ្ឋបានរំដោះសង្គ្រោះឱ្យរស់រានមានជីវិតផុតពីរបបប្រល័យពូជសាសន៍ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ អ្វីៗដែលជាប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ត្រូវបំផ្លាញនាសម័យនោះ ក៏មានជីវិតរស់ឡើងវិញយ៉ាងផុលផុស ។ លោកអាចារ្យអ៊ុម ស៊ុម ក៏ត្រូវបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អញ្ជើញពីវត្តសំរោងបុរី ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មកបំពេញឧបសម្បទា នៅវត្តឧណ្ណាលោម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៨០ ដោយបានទទួលនាមបញ្ញត្តិដដែលថា សង្ឃត្ថេរ ។ ក្រោយពីបានបំពេញឧបសម្បទាថ្មីហើយ ភិក្ខុសង្ឃត្ថេរោ បានមកគង់នៅវត្តឧណ្ណាលោម និងបានយកព្រះទ័យទុកដាក់បម្រើកិច្ចការក្នុងព្រះពុទ្ធសាសនា និងការងារប្រទេសជាតិ ដោយឥតគិតពីការនឿយហត់ ។ ដោយបានដឹកនាំព្រះពុទ្ធសានាជាមួយនឹងសម្តេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស (កាលណោះនៅជាព្រះវិន័យធរ) ព្រោះថានៅពេលរំដោះភ្លាមមានបព្វជិតជាច្រើនដែលបានបួសជាចេតនាកម្ម ក៏ត្រូវបានសម្រួលឱ្យបួសឡើងវិញតាមបញ្ញត្តិកម្មឱ្យស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ។ ឆ្នាំ១៩៨១ ព្រះសង្ឃត្ថេរោ បានទទួលនាទីជាអនុប្រធានរណសិរ្សរដ្ឋធានីភ្នំពេញ និងជាសមាជិកនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីកសាងការពារមាតុុភូមិកម្ពុជា ។ បន្ទាប់មកព្រះអង្គបានទទួលនាទីជាប្រធានសង្ឃរដ្ឋធានីភ្នំពេញ ទទួលបន្ទុកដឹកនាំគ្រប់គ្រងព្រះសង្ឃទាំងអស់នៅក្នុងក្រុង និងបានទទួលឋានៈជាសមាជិកគណៈអធិបតីកិត្តិយស នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និងជាសមាជិកសង្ឃនាយករងទី២ នៃគណៈមហានិកាយ ។ ឆ្នាំ១៩៨៨ ក្នុងខែមិថុនា តាមសំណូមពរ និងសេចក្តីជ្រះថ្លារបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ភិក្ខុសង្ឃត្ថេរ បានស្រាវជ្រាវរកឃើញព្រះសារីរឹកធាតុ ព្រមទាំងសម្ភាររបស់ព្រះសក្យមុនីចេតិយខ្លះទៀត យកទៅធ្វើបុណ្យពុទ្ធាភិសេក និងដង្ហែទៅតម្កល់ទុកនៅព្រះសក្យមុនីចេតយវិញយ៉ាងឧឡារឹក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៨៩ ។ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំមមី ត្រស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ១៩៩១ ភិក្ខុសង្ឃត្ថេរ ត្រូវបានតែងតាំងជាចៅអធិការវត្តមហាមន្ត្រី រដ្ឋធានីភ្នំពេញ និងជាអនុគណខណ្ឌចំការមន ភ្នំពេញនាឆ្នាំ១៩៩១ ។ ថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ភិក្ខុសង្ឃត្ថេរ ត្រូវបានតែងតាំងជាព្រះមង្គលទេពាចារ្យសមណស័ក្តិទីរាជាគណៈថ្នាក់ទី១ (ថ្នាក់ឯក) ។ ថ្ងៃពុធ ២រោច ខែផល្គុន ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩២ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងព្រះមង្គលទេពាចារ្យ ទីជាសម្តេចព្រះមង្គលទេពាចារ្យ ។ ឆ្នាំ១៩៩៣ សម្តេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ត្រូវបានតែងតាំងជាអគ្គាថាធិការនៃពុទ្ធិកសិក្សាជាតិ ទទួលបន្ទុករៀបចំពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទំនាក់ទំនងការងារក្រៅប្រទេស
ទន្ទឹមនឹងការងារព្រះពុទ្ធសាសនា និងការងារប្រទេសជាតិ ដែលសម្តេចបានរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងប្រទេស សម្តេចបានទៅបំពេញការងារជាប្រយោជន៍ពុទ្ធសាសនា និងប្រទេសជាតិ នៅក្រៅប្រទេសជាច្រើនថែមទៀត គឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩០ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក លើកទី១ រយៈពេល១ខែ បានចំនួន៨រដ្ឋ ។ ថ្ងៃទី៨ កក្កដា ឆ្នាំ១៩៩២ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារលើកទី១នៅប្រទេសបារាំង ។ ថ្ងៃដដែលនោះបានបន្តដំណើរពីប្រទេសបារាំង ទៅសហរដ្ឋអាមេរិកម្តងទៀត នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីដំណើររការងារពុទ្ធិកមធ្យមសិក្សា ជាមួយនឹងព្រះភិក្ខុ ចន្ទវណ្ណោ អ៊ុង មាន (អតីតនិស្សិតទៅរៀននៅឥណ្ឌា) ។ ថ្ងៃទី២១-៦ ខែមករា-មីនា ១៩៩៣-៩៤ សម្តេចបាននិមន្តទៅធ្វើទស្សនកិច្ចការងារនៅប្រទេសចិន លើកទី១ ទី២ និងលើកទី៣ ។ ថ្ងៃទី២៧ ខែឧសភា ១៩៩៣ សម្តេចបាននិមន្តទៅក្រុងកណ្ឌមណ្ឌូប្រទេសនេប៉ាល់ ដើម្បីចូលរួមធ្វើសិក្ខាសាលា ។ ថ្ងៃទី២៧ ខែឧសភា ១៩៩៤ សម្តេចបាននិមន្តទៅក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ដើម្បីប្រជុំដោះស្រាយបញ្ហាជម្លោះខ្មែរ ។ ថ្ងៃទី៨ ខែវិច្ឆិកា ១៩៩៨ សម្តេចបាននិមន្តទៅចូលរួមសន្និសីទពុទ្ធសាសនានៅក្រុងកូឡាឡាំពួរ ប្រទេសស្រីលង្កា ។ ក្រៅពីនេះ សម្តេចបាននិមន្តទៅទស្សនកិច្ចនៅសហភាពសូវៀត៣ដង ប្រទេសម៉ុងហ្គោលី៣ដង សាធារណរដ្ឋសង្គមនិយមវៀតណាម៧ដង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៣ដង និងប្រទេសថៃជាច្រើនដង ។ សម្តេចព្រះមង្គលទេពាចារ្យ ត្រូវបានព្រះសង្ឃនិងគ្រហស្តពុទ្ធបរិស័ទទូទៅទាំងសិស្សគណ ទាំងមិនមែនជាសិស្សគណ គោរពប្រតិបត្តិ ស្រឡាញ់ និងទទួលយកដំបូន្មាន គ្រប់ៗគ្នា។ សម្តេចត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាព្រះមហាថេរពហុសូត្រមួយអង្គ ដែលមានចំណេះដឹង និងពិពិសោធន៍ ចាស់ទុំក្នុងផ្លូវព្រះពុទ្ធសាសនា និងផ្លូវលោក (ជា គាន, ជីវប្រវត្តិសម្តេចអ៊ុម ស៊ុម បោះពុម្ពលើកទី១ឆ្នាំ២០០០) ៕
No comments:
Post a Comment