Wednesday, August 30, 2017

និល ទៀង

និល ទៀង

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ (ប្រសូត ថ្ងៃ​អាទិត្យ ៧ ​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​ព្រហស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្ស័ត្រិយ៍​៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះអង្គ​ឌួង ២. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ៣. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ

ព្រះរាជ​ជីវប្រវត្តិ​

ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៧ ​កើត ខែ​អាសាធ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​កៀនស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​ជា​បុត្រ​ច្បង​នៃ បិតា​នាម និល មាតា​នាម ឡឹក។

​ ការ​ភៀស​ព្រះ​កាយ​នៅ​ស្រុក​សៀម

ក្នុង​គ.ស.​១៨៣១ កាល​នោះ​កុមារ​ទៀង ទើប​តែ អាយុ​បាន​៨​ឆ្នាំ ទ័ព​យួន និង​សៀម បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​កៀនស្វាយ​ដើម្បី​ដណ្ដើម​យក​ស្រុក​ខ្មែរ។ គ្រួសារ​សម្ដេច​ទៀង​ទាំង​ប៉ុន្មាន ត្រូវ​ទ័ព​សៀម​ចាប់​កេណ្ឌ​កៀរ​យក​ទៅ​ស្រុក​សៀម ទុក​ធ្វើ​ជា​ទាសា​ទាសី។ កុមារ​ទៀង និង​ជីដូន ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក។ នៅ​ទី​នោះ​កុមារ​ទៀង បាន​ជួប​នឹង​មា​ម្នាក់​ឈ្មោះ ពៅ ជា​អាមាត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ អង្គ​ឌួង កាល​ព្រះអង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​ដែល​សៀម​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ដែរ។ ចំណែក​គ្រួសារ​សម្ដេច​មួយ​ផ្នែក​ទៀត ត្រូវ​សៀម​បញ្ជូន​ទុក​ឲ្យ​រស់​នៅ ស្រុក​មង្គលបុរី ក្នុង​ខេត្ត​បាត់ដំបង

ការ​សាង​ព្រះ​ផ្នួស

បព្វជា្ជ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៨៣៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំមមី ព.ស. ២៣៧៨ ក្នុងពទ្ធសីមាវត្តមហាធាតុយុវរាជរង្សឬទ្ធិ សង្កាត់ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (ដន) អធិបតីសង្ឃវត្តមហាធាតុយុវរាជរង្សឬទ្ធិ ជាព្រះឧបជ្ឈាយ៍​ ។
ឧបសម្បទា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៨៤៤ ត្រូវនឹងថ្ងៃច័ន្ទ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៣៨៨ ក្នុងពទ្ធសីមាវត្តព្រះស៊ីរតនសាស្ដារាម នាព្រះបរមមហារាជវាំង ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (នាគ) វត្តរាជបូរណរាជវរវិហារ សង្កាត់វាំងបូរព៌ាភិរម្យ ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះឧបជ្ឈាយ៍ ព្រះព្រហ្មមុនី (ថឹក) វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ សង្កាត់ ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះកម្មវាចាចារ្យ ព្រះធម្មឧត្តម (សែង) វត្តអរុណរាជវរារាមរាជវរមហាវិហារ សង្កាត់វត្តអរុណ ខណ្ឌបាងកកយ៉ៃ ទីក្រុងបាងកក ជាព្រះអនុសាវនាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យបព្វជិតនាមថា អរិន្ទមមុនី ប្រែថា អ្នកប្រាជ្ញបង្កា្របសត្រូវតាមផ្លូវធម៌ ។

ការ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

ព្រះជន្ម​បាន​២៦​វស្សា ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៣៩៣ គ.ស.​១៨៤៩ ព្រះ​អង្គ​បាន​ទៅ​ថ្វាយ​ព្រះ​ពរ​លា​សម្ដេច​ព្រះ​ណាំក្លាវ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លុះ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ព្រះ​បាទ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គឌួង ទ្រង់​សូម​និមន្ត​ឲ្យ​គង់​នៅ​ប្រទេស​កម្ពុជា ហើយ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​សុភអក្សរ ថ្វាយ​សម្ដេច​ព្រះ​ណាំក្លាវ។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ក្រុង​កម្ពុជា​ធិបតី

ព្រះជន្ម​បាន​៣៤​វស្សា ក្នុង​ឆ្នាំ​ម្សាញ់ នព​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់​បាន​លើក​ព្រះ​ព្រហ្មមុនី និល ទៀង ឲ្យ​គ្រង​ទី​សម្ដេច​ព្រះមហាសង្ឃរាជា​ក្រុង​កម្ពុជា។
លុះ​រំលង​ពី​នោះ​មក​បាន​មួយ​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ មាន​គោរម្យងារ​ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក” សម្រេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះរាជា​គណៈ​ទាំង​៤​សម្រាប់។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ព្រះមហាក្សត្រ​៣​ព្រះ​អង្គ

សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ព្រះ​អង្គ​មាន​ឋានន្តរស័ក្ដិ​ជា​មហាសង្ឃរាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖
  1. ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង
  2. ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
  3. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី

    ព្រះ​ទិវង្គត

    ព្រះជន្ម​បាន​៩០​វស្សា​គត់ នៅ​ក្នុង​ឆ្នាំ​ឆ្លូវ ព្រះអង្គ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​តុលា គ.ស.​១៩១៣ វេលា​ម៉ោង​១២​និង៤០​នាទី​អាធ្រាត ដោយ​ព្រះរោគជរាពាធ នៅ​ព្រះរាជ​តំណាក់​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ

    ព័ត៌មាន​ទាក់ទង

    ចម្លង​ចេញ​ពី​សៀវភៅ​ព្រះរាជជីវប្រវត្តិ សម្ដេច​ព្រះ​សង្ឃ​រាជ រៀបរៀង​ដោយ ភិក្ខុ​បញ្ញាវិមលោ លឹម វាសនា ចៅ​អធិការ​ស្ដីទី​វត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ​២០០៤ 
អានបន្ថែមក្នុងវេបសាយ វិគីភីឌា

No comments:

Post a Comment