ហួត តាត
សម្ដេចព្រះសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ (ប្រសូតថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥/គ.ស.១៨៩២ សុគត ឆ្នាំថោះ ព.ស.២៥១៩/គ.ស.១៩៧៥) ជាសម្ដេចព្រះសង្ឃរាជអង្គទី៥ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៥១៣ ដល់ ព.ស.២៥១៩ ក្នុងសម័យសាធារណរដ្ឋខ្មែរ។៚
ព្រះរាជជីវប្រវត្តិ
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥ គ.ស.១៨៩២ នៅភូមិផ្សារឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត។ការសាងព្រះផ្នួស
- ព្រះជន្មាយុបាន៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត ក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ មាស។
- ព្រះជន្មាយុបាន១៣ឆ្នាំ បួសជាសាមណេរ នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលិខិត ស៊ូ។
- ព្រះជន្មាយុបាន២១វស្សា នៅឆ្នាំជូត ព.ស.២៤៥៦ គ.ស.១៩១២ បានឧបសម្បទាក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្ដេចព្រះសង្ឃរាជ និល ទៀង ជាព្រះឧបជ្ឈាយ៍។
ព្រះសមណស័ក្ដិ
- ព្រះជន្មាយុបាន៥៧វស្សា នៅឆ្នាំ ជូត ព.ស.២៤៩២ គ.ស.១៩៤៨ ព្រះអង្គបានទទួលសមណស័ក្ដិជា ព្រះពោធិវ័ង្ស។
- ព្រះជន្មាយុបាន៧៣វស្សា នៅឆ្នាំរោង ព.ស.២៥០៨ គ.ស.១៩៦៤ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ ២៤ រ.វ. ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៤។
- ព្រះជន្មាយុបាន៧៨វស្សា នៅឆ្នាំរកា ព.ស.២៥១៣ គ.ស.១៩៦៩ ព្រះអង្គបានឡើងសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណៈមហានិកាយ។
- ព្រះជន្មាយុបាន៧៩វស្សា នៅឆ្នាំច ព.ស.២៥១៤ គ.ស.១៩៧០ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្ដម ចេង ហេង ប្រធានសភាជាតិ។
No comments:
Post a Comment