Tuesday, August 29, 2017

ជីវ តាក្វាន់

កំណត់ត្រារបស់ ជីវ តាក្វាន់

 

  រូប​សំណាក​​ក្រមួន​របស់​លោក ជីវ តាក្វាន់ នៅ​ភូមិ​វប្បធម៌​កម្ពុជា ខេត្ត​សៀមរាប

លោក ជីវ តាក្វាន់ មាន​កំណើត​នៅ​​ស្រុក​វ៉េងតា ខេត្ត​ជាក់កាង ក្នុង​ភូមិ​ភាគចិន​ខាង​ត្បូង ។ លោក​គឺ​ជា​បេសកទូត​របស់​អធិរាជ​ចិន​ដែល​បាន​មក​ស្នាក់​នៅ​អង្គរ​ពី​ឆ្នាំ​ ១២៩៦ ដល់​ឆ្នាំ​១២៩៧ ។ កំណត់​ហេតុ​របស់​លោក ជីវ​ តាក្វាន់ គឺ​ជា​ឯកសារ​តែ​មួយ​គត់​ដែល​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ជីវភាព​រស់​នៅ​ ប្រចាំ​ថ្ងៃ និង​ទិដ្ឋភាព​នៃ​ចក្រភព​អង្គរ​នា​សម័យ​កាល​​នោះ ។
កំណត់​ហេតុ​ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដោយ​លោក លី ធាមតេង បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧៣ មាន​កម្រាស់​ ៨១ ទំព័រ ដែល​ក្នុង​នោះ​ ៦១ ទំព័រ​ជា​ខ្លឹមសារ​នៃ​កំណត់​ហេតុ​សុទ្ធ និង ២០ ទំព័រ​ជា​ការ​ពន្យល់​​ដើម​ហេតុ​នៃ​ការ​បកប្រែ និង​សេចក្ដី​ពន្យល់​ពាក្យ​ខ្មែរ​ដែល​លោក​ ជីវ តាក្វាន់ កត់​ត្រា​តាម​សំនៀង​ចិន ។ កំណត់​ហេតុ​នេះ​បែងចែក​ជា ៤០ ជំពូក ដែល​ជំពូក​ខ្លះ​មាន​តែ​២ ឬ​៣ បន្ទាត់ និង​ជំពូក​ខ្លះ​មាន​ច្រើន​ទំព័រ ជា​រួម​ជំពូក​ទាំង​នេះ​ពិពណ៌នា​អំពី​ សាសនា ការ​កាត់​ក្ដី ភាព​ជា​ព្រះ​មហាក្សត្រ កសិកម្ម សត្វ​ស្លាប បន្លែ ប្រពៃណី​នៃ​ការ​ងូត​ទឹក និង​ទាសាទាសី ។ ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវភាព​ខ្មែរ​នៅ​សតវត្ស​ទី​១៣ ដែល​លោក​ ជីវ តាក្វាន់ បាន​រៀបរាប់ ដូចជា ការ​ស្លៀកពាក់ ឧបករណ៍​ប្រើប្រាស់ សត្វ​អូស​ទាញ និង​ការ​ជួញ​ដូរ នៅ​តែ​ឃើញ​មាន​បន្ត​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ​១៩៩០ ។ ចំណែក​ឯ​ទិដ្ឋភាព​ផ្សេងៗ​ទៀត ដូចជា ទាសាទាសី ច្បាប់​គ្រប់គ្រង​ និង​ការ​កាត់​ក្ដី​​មិន​ផ្អែក​លើ​ហេតុ​ផល​ច្បាស់លាស់ ត្រូវ​បាន​កែប្រែ​នៅ​សតវត្ស​ទី​១៩ ។

 ប្រពៃណីអ្នកស្រុកចេនឡា

រឿង​រ៉ាវ​ទាំង​នេះ លោក​ ជីវ តាក្វាន់ បាន​និពន្ធ​ឡើង​ក្នុង​សម័យ​រាជ​សន្តតិវង្ស ងន់ (ក្នុង​រាជ្យ​​ព្រះបាទ ងន់ ចេង) គឺ​នៅ​ស្រុក​វ៉េងតា ហើយ​ក្រោយ​មក​លោក ហ្កូវ គង់​ បាន​កែ​សម្រួល​ក្នុង​​រវាង​រាជ​សន្តតិវង្ស ម៉េង (សតវត្ស​ទី​១៣‑១៤) ក្នុង​ស្រុក​សេងអាន (ខេត្ត​ហូណាន់) ។ សេចក្ដី​អធិប្បាយ​ទាំង​ស្រុង​មាន​ដូច​តទៅ ៖
ចេនឡា ឬ​ចាមឡា អ្នក​ប្រទេស​នេះ​ហៅ​ខ្លួន​​ឯង​ថា “កាន់ផៃចី” តាម​កំណត់​ខ្លះ​របស់​ពួក​បស្ចិម​ប្រទេស បាន​ហៅ​ថា កាំពូចី ដែល​មាន​សម្លេង​ស្រដៀង​នឹង “កាំពួចេ” ដែរ ។
ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អ៊ូជីវ (ខេត្ត​ជាក់កាង) តាម​ផ្លូវ​ទឹក តាម​ទន្លេ​ស្រុក​ម៉ាំងគូយ និង​គង់តុង កាត់​សមុទ្រ “ឈិតជីវ” ទៅ​ដល់​សមុទ្រ “កាវជីវ” ក៏​បាន​ទៅ​ដល់​ទីក្រុង “ចាម” បន្ត​ដំណើរ​បណ្ដោយ​ខ្យល់​ចេញ​ពី​ក្រុង​ចាម​ទៅ​អស់​រយៈ​ពេល​កន្លះ​ខែ​ទៀត ក៏​បាន​ទៅ​ដល់​ស្រុក ចេងផូវ (ជម្ពូ?) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​នេះ ។ លុះ​ចេញ​ពី​ ចេង ផូវ​ ទៅ​ទៀត​ឆ្លង​សមុទ្រ​ឃុនលុន ក៏​ទៅ​ដល់​មាត់​ពាម គឺ​បែក​ចេញ​ពី​មាត់​សមុទ្រ​ទៅ​ជា​ដៃ​ទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្ដា​ច្រក​ទាំង​នោះ មាន​តែ​ច្រក​ទី​៤​ទេ ទើប​អាច​ចូល​ទៅ​បាន ក្រៅ​ពី​នេះ​គេ​ដឹង​ថា មាន​ទឹក​រាក់​ណាស់​នាវា​ធំៗ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ ត្រង់​ពាម​ជា​មាត់​ច្រក​នោះ ឃើញ​មាន​ព្រៃ​ស៊ុបទ្រុប ហើយ​ក្រៅ​ពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបូស និង​អំពៅ​ព្រៃ ដុះ​បែក​ផ្កា​ស​សំព្រូស ម៉្លោះ​ហើយ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ផ្លូវ​រក​ច្រក​ចូល​ទៅ​ណាស់ ។
 ចូលផុត​ពី​មាត់​ពាម ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​អស់​រយៈ​ដំណើរ​ប្រមាណ​កន្លះ​ ខែ​ទៀត ទើប​បាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ ឆេណាំ (ឆ្នាំង?) ដែល​ជា​ខេត្ត​មួយ​នៃ​ប្រទេស​នេះ ។ លុះ​ធ្វើ​ដំណើរ​ពី​ ឆេណាំ បណ្ដោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​រយៈ​១០​ថ្ងៃ​ទៀត កាត់​ភូមិ​ពូឡូវឈឹង (ប្រែថា​ភូមិ​កណ្ដាល​ផ្លូវ) ហ៊ុតឈឹង (ភូមិ​ព្រះពុទ្ធ) ឆ្លង​កាត់​សមុទ្រ​ទឹក​សាប (ទន្លេសាប) ទៅ​ទៀត ទើប​បាន​ដល់​ទី​ក្រុង​កាងពាងឈូ (កំពែងជួរ?) ។ ក្រុង​នេះ​មាន​ទំហំ ៥០ លី (១ លី​ប្រវែង ១.៨០០ ហត្ថ) បើ​តាម​សៀវភៅ​ពួក​បស្ចិម​ប្រទេស​សរសេរ​ថា ប្រទេស​នេះ មាន​ទំហំ​ដី ៧.០០០ លី និង​មាន​ព្រំប្រទល់​ខាង​ជើង​ទល់​នឹង​ក្រុង​ចម៉្បា គឺ​ត្រូវ​ធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចម្ងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាង​ត្បូង​ឃ្លាត​ពី​ទីក្រុង “ហួងអ៊ូ” ចម្ងាយ​ ផ្លូវ​១០​ថ្ងៃ ឯ​ខាង​កើត​ប្រទេស​គឺ​មហាសមុទ្រ ហើយ​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង ខាង​សេដ្ឋកិច្ច​ជាមួយ​ស្រុក​យើង​តាំង​ពី​ដើម​រៀង​មក​ផង ។

នៅគ្រា​ដែល​ប្រទេស​ចិន (ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុងហ្គោល) បាន​ត្រួតត្រា​លើ​មហាសមុទ្រ​ក្នុង​ទ្វីប​លោក​ហើយ លោក​ចមពល (មេ​ទ័ព​ធំ) ឈ្មោះ ជុន តូវ ដែល​នៅ​ឈរ​ប្រចាំ​ការ​ត្រួតត្រា​ទី​ក្រុង​ចាម បាន​ចាត់​មន្ត្រី​២​នាក់​ គឺ​លោក ហ៊ូ​ ប៉េកហូវ អ្នក​មាន​ប៉ាន​មាស​១ និង​លោក ឆាយ ហូវ ឲ្យ​ទៅ​​កាន់​ប្រទេស​ចេនឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​ឲ្យ​មក​វិញ ។ លុះ​មក​ដល់​រជ្ជកាល​ស្ដេច ងន់ ចេង (គ.ស ១២៩២) ខែ​ទី​៦ ព្រះរាជា​អង្គ​នេះ ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក​ប្រទេស​ចេនឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជា​មួយ​ដែរ ។ គឺ​នៅ​ក្នុង​ខែ​ទី​២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ស្រុក ម៉េងជីវ នោះ​មក​ទៀត ។ លុះ​ថ្ងៃ​១៥ ខែ​ទី​៣ ទើប​មក​ដល់​ទីក្រុង​ចាម ។ នៅ​កណ្ដាល​ផ្លូវ ជួប​នឹង​ខ្យល់​បក់​បញ្ច្រាស​ពី​មុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រអាក់រអួល​ក្នុង​ដំណើរ ។ ដល់​មក​ខែ​៧​ដែល​ជា​សរទ​រដូវ​ទើប​បាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះ​ចូល​ទៅ (ព្រម​ទទួល​រាក់​ទាក់​បេសកជន) ។
លុះ​ដល់​មក​រជ្ជកាល​ស្ដេច តាយ តេក (គ.ស ១២៩៧) ខែ​ទី​៦ ខ្ញុំ​ជិះ​នាវា​ត្រឡប់​មក​វិញ ហើយ​ដល់​ថ្ងៃ​១២ ខែ​៨ ទើប​នាវា​ចូល​ចត​ដល់​កំពង់​ផែ​ស្រុក​ស៊ីម៉េង 

១. បរិវេណ​នៃ​ទីក្រុង

បរិវេណ​នៃ​ទីក្រុង​នេះ មាន​ទំហំ ២០ លី មាន​ទ្វារ​៥ ។ ទ្វារ​ទាំង​នោះ​សុទ្ធ​តែ​សាង​កម្រាស់​ជា​២​ជាន់​ក្នុង​ក្រៅ គឺ​នៅ​ទិស​ខាង​កើត​មាន​ទ្វារ​២ ។ ក្រៅ​ពី​នេះ ក្នុង​មួយ​ទិស​មាន​ទ្វារ​តែ​មួយ​ទេ ។ នៅ​ក្រៅ​កំពែង​ក្រុង សុទ្ធ​តែ​មាន​ប្រឡាយ​ទឹក​ធំៗ ពី​ក្រៅ​ប្រឡាយ​នោះ មាន​ផ្លូវ​ដើរ​ទៅ​កាន់​ស្ពាន​ធំៗ ហើយ​នៅ​សងខាង​ស្ពាន​នីមួយៗ មាន​ទេវរូប​ថ្ម​៥៤ ដូចជា​រូប​មេទ័ព​ថ្ម​ដ៏​ធំៗ​ដូច្នេះ​ដែរ ។ រូប​ទាំង​នោះ​ដូចៗ​គ្នា​នៅ​តាម​ច្រក​ទាំង​៥ ។ បង្កាន់​ដៃ​ស្ពាន​ទាំង​នេះ គេ​ធ្វើ​អំពី​ថ្ម​ហើយ​មាន​ឆ្លាក់​ជា​រូប​ពស់​ដ៏​ធំ (នាគ) ដែល​មាន​ក្បាល​៩ ឯ​រូប​ថ្ម​ទាំង​៥៤​នោះ សុទ្ធ​តែ​យក​ដៃ​ចាប់​ទាញ​ពស់​នេះ​ឯង​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ស្ទុះ​ទៅ​ រួច ។ នៅ​ខាង​លើ​ខ្លោង​ទ្វារ​មាន​ពុទ្ធ​រូប​ថ្ម​៥​អង្គ បែរ​ភ័ក្ត្រ​ទៅ​ទិស​ខាង​លិច ហើយ​មួយ​អង្គ​ដែល​ស្ថិត​នៅ​ចំកន្ដាល​គេ មាន​ទឹក​មាស​ល្អ​ស្រស់​ផង ។ នៅ​សង​ខាង​ទ្វារ​មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត ។
កំពែងទីក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំង​អស់ មាន​កំពស់ ២០ ហត្ថ តម្រៀប​ថ្ម​យ៉ាង​ជិត​ហើយ​មាំ​ណាស់ ។ នៅ​ពី​លើ​គ្មាន​ស្មៅ​ដុះ​ឡើយ តែ​នៅ​ចន្លោះ​មួយ​ដុំៗ​មាន​ដាំ​ដើម​ជ្រៃ ។ ឯ​ផ្ទៃ​ក្នុង​នៃ​កំពែង ដែល​មាន​ចន្លោះ​​ពី​គ្នា​​ដល់​ទៅ​ជាង ១០០ ហត្ថ​នោះ ស្ថិត​នៅ​ជា​ដី​ជម្រាល​បីដូច​ជម្រាល​នៃ​ភ្នំ រលីង​ស្អាត​ណាស់ ។ លើ​កំពែង​ដែល​មាន​ផ្ទៃ​ជា​ដី​ជម្រាល​នោះ មាន​ទ្វារ​ធំៗ​ដែល​បិទ​ជិត​នៅ​ពេល​យប់ ហើយ​បើក​ចំហ​នៅ​ពេល​ថ្ងៃ​តាំង​ពី​ព្រលឹម និង​មាន​អ្នក​យាម​ប្រចាំ​ការ​ជានិច្ច ។ សត្វ​ឆ្កែ គេ​មិន​ឲ្យ​ចូល​ក្នុង​ទ្វារ​នេះ​ទេ ។ ជនណា​ដែល​ធ្លាប់​មាន​ទោស​ត្រូវ​គេ​កាត់​ម្រាម​ជើង ក៏​មិន​ឲ្យ​ចូល​ដែរ ។ កំពែង​ព័ទ្ធ​ជុំ​វិញ​នោះ មាន​ជ្រុងជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ត្រង់​ជ្រុង​នីមួយៗ​សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់​ជ្រុង ។
នៅ​កណ្ដាលទី​ក្រុង​នេះ មាន​ប្រាសាទ​មាស​មួយ (ប្រាសាទ​បាយ័ន្ត) និង​នៅ​ជិត​ខាង​នេះ​មាន​ប្រាង្គ​ប្រសាទ​ជាង​២០​ទៀត ព្រមទាំង​មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​រយ​បន្ទប់​ផង ។ នៅ​ប៉ែក​ខាង​កើត​មាន​ស្ពាន​មាស​មួយ មាន​រូប​តោ​មាស​២​ស្ថិត​នៅ​អម​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ស្ពាន​មាស ។ មាន​ព្រះពុទ្ធ​រូប​មាស​៨​អង្គ តម្កល់​នៅ​តម្រៀប​គ្នា​ចំ​ពី​ក្រោម​ប្រាង្គ​សិលា ។ នៅ​ខាង​ជើង​ប្រាសាទ​មាស​ចម្ងាយ​ប្រមាណ​ជាង​មួយ​លី មាន​ប្រាសាទ​ស្ពាន់​មួយ​ទៀត​ដែល​មាន​កំពស់​ខ្ពស់​ជាង​ប្រាសាទ​មាស គួរ​ឲ្យ​គយ​គន់​ណាស់ ។ ចំ​ពី​ក្រោម​ប្រាសាទ​ស្ពាន់​នេះ ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែល​ជា​១០​ដែរ ។ ចេញ​ពី​នេះ​ទៅ​ខាង​ជើង​ថែម​មួយ​លី​ទៀត គឺ​ជា​ព្រះរាជដំណាក់​ដែល​ស្ដេច​គង់​នៅ ។ នៅ​ក្នុង​ល្វែង​ដែល​ជា​ព្រះ​ដំណាក់​នោះ មាន​ប្រាង្គ​មាស​មួយ​ទៀត ។ ទំនង​ជា​ដោយ​ហេតុ​នេះ​ហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំណាលថា ប្រទេស​ចេនឡា ថ្កុំថ្កើង​រុង​រឿង​ណាស់ ។
ចេញ​ពី​កំពែង​តាម​ទ្វារ​ខាង​ត្បូង​ទៅ​ចម្ងាយ​ប្រមាណ​ជា​ជាង​កន្លះ​លី តាម​ពាក្យ​ចចាម​អារាម​គេ​និយាយ​ថា​មាន​ចេតិយ​ លូប៊ូន (ប្រាសាទ​អង្គរវត្ត) សង់​តែ​មួយ​យប់ ។ ផ្នូរ​សព ឬ​ចេតិយ លូប៊ូន ស្ថិត​នៅ​ក្រៅ​កំពែង​ខាង​ត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​​ព័ទ្ធ​ជុំវិញ​ប្រមាណ​ជាង​១០​លី និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ​ទៀត​ផង ។ នៅ​ស្រះ​ខាង​កើត​កំពែង​នគរ​ប្រមាណ​ចម្ងាយ​១០​លី មាន​ប្រាសាទ​ថ្មី​មួយ​ទៀត (ប្រាសាទ​មេបុណ្យ​ខាង​លិច ដែល​គេ​ច្រឡំ​ថា​ជា​ទិស​ខាង​កើត)ដ៏​មាន​បរិវេណ​ព័ទ្ធ​ជុំ​វិញ​ប្រវែង​១០០​ លី ។ នៅ​ក្នុង​ប្រាសាទ​នេះ មាន​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ទ្រង់​ផ្ទុំ​ពី​ស្ពាន់ ហើយ​មាន​ទឹក​ចេញ​ជា​និច្ច​ពី​ត្រង់​ផ្ចិត ហូរ​ធ្លាក់​ទៅ​ក្នុង​ស្រះ​ធំ​មួយ​នៅ​ពី​ខាង​ជើង​ប្រាសាទ​នេះ ។ នៅ​ទិស​ខាង​ជើង​កំពែង​នគរ​ចម្ងាយ​ប្រមាណ​៥​លី មាន​ប្រាសាទ​មាស​រាង​៤​ជ្រុង (ទំនង​ជា​ប្រាសាទ​នាគព័ន្ធ) និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ ហើយ​នៅ​ក្នុង​នោះ គេ​ឃើញ​មាន​ព្រះពុទ្ធ​រូប​មាស​ រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃ​ទៀត​ធ្វើ​ពី​ស្ពាន់ ច្រើន​ឥតគណនា ។

២. ដំណាក់‑លំនៅ​ឋាន

ព្រះដំណាក់ ផ្ទះ​នាម៉ឺន​មន្ត្រី និង​ផ្ទះ​អ្នក​មាន​ទាំង​អស់​សុទ្ធ​តែ​បែរ​មុខ​ទៅ​កើត ។ ព្រះរាជ​ដំណាក់​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទ​មាស និង​ស្ពាន​មាស ហើយ​នៅ​ជិត​មាត់​ទ្វារ​ដ៏​មាន​បន្ទាយ​ព័ទ្ធ​ជុំ​វិញ​ប្រវែង ៥ ឬ​ ៦ លី ។ ក្បឿង​ប្រក់​តួ​ប្រាសាទ​កណ្ដាល​ធ្វើ​ពី​សំណរ ឯ​អគារ​ផ្សេង​ទៀត​សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង ។ សសរ និង​ស៊ុម​ទ្វារ​សុទ្ធ​តែ​ឆ្លាក់ ឬ​គូរ​រចនា​រូប​ផ្សេងៗ តែ​ភាគ​ច្រើន​គឺ​រូប​ព្រះពុទ្ធ ។ ដំបូល​ទាំង​នោះ​ល្អ​មើល​ណាស់ ។ របៀង​ប្រាសាទ​ និង​ថែវ​យ៉ាង​វែង អាច​ដើរ​បាន​ជា​ផ្លូវ​ខ្វាត់​ខ្វែង ហើយ​ដំបូល​នោះ​ក៏​ខ្ពស់ៗ​សម្បើម​ណាស់ ។ ទី​នេះ​ជា​កន្លែង​ព្រះរាជ​វាំង​ដែល​ស្ដេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ស្ដេច​គង់​ប្រថាប់ មាន​សសរ​បួន​ជ្រុង​តម្កល់​កញ្ចក់​តម្រៀប​គ្នា​ប្រមាណ​ជា​សែសិប ឬ​ហាសិប​បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (ត្រង់​នេះ​គឺ​បុស្បុក​មួយ ដែល​មាន​សសរ​បួន និង​ក្បាច់​លម្អ​ដោយ​កញ្ចក់​ជើង​ទ្រ​ធ្វើ​ជា​រូប​ដំរី តែ​លោក ជីវ តាក្វាន់ សរសេរ​ថា​ជា​ស៊ុម​មួយ ព្រោះ​ឃើញ​មាន​គែម​ក្រប​ជុំ​វិញ) ។
ខ្ញុំឮ​គេ​និយាយ​ថា ទីត្រង់​នេះ​មាន​របស់​ប្លែកៗ​ច្រើន​ណាស់ ប៉ុន្តែ​បម្រាម​តឹង​តែង​ពេក មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន ។ ក្នុង​បណ្ដា​រឿង​ប្លែក​ទាំង​នោះ មាន​ការណ៍​មួយ​ថា នៅ​កណ្ដាល​ប្រាសាទ មាន​ប្រាង្គ​មាស​មួយ ហើយ​ថា​រាល់​យប់​ ស្ដេច​តែង​ឡើង​ទៅ​ផ្ទុំ​លើ​ប្រាង្គ​មាស​នោះ ។ អ្នក​ស្រុក​គេ​មាន​ជំនឿ​ហើយ​នាំ​គ្នា​និយាយ​ថា នៅ​ក្នុង​ប្រាង្គ​មាស​នោះ​ឯង​មាន​បិសាច​មួយ មាន​រូប​ជា​ពស់​ក្បាល​ប្រាំបួន (ពស់​ក្បាល​ប្រាំបួន​នេះ គឺ​ជា​នាគ ព្រោះ​នាគ​ខ្មែរ​មាន​ខ្លួន​ជា​ពស់ ឯ​នាគ​ចិន​មាន​ជើង ក្បាល​តូច ឥត​ពពារ​ទេ) ។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ ។ រាល់​យប់ បិសាច​តែង​តំណែង​ខ្លួន​ជា​មនុស្ស​ស្ត្រី ហើយ​ស្ដេច​ត្រូវ​រួម​ផ្ដេកផ្ដិត​នឹង​នាង​នេះ សូម្បី​តែ​មហេសី ឬ​ស្នំ​ស្និទ្ធ​ព្រះអង្គ ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ទី​នោះ​ដែរ ។ លុះ​ដល់​មជ្ឈិម​យាម ទើប​ស្ដេច​ចេញ​មក​ពី​នាង​ពស់​នោះ មក​រួម​រ័ក្ស​នឹង​មហេសី ឬ​ស្ត្រី​ស្នំ​ដទៃ​ទៀត​បាន ។ បើ​បាត់​ពស់​នោះ​មិន​និម្មិត​មក​ទេ នោះ​ថា​គ្រោះ​ថ្នាក់​នឹង​មក​ដល់​អាយុ​ស្ដេច​ ហើយ​រឿង​រ៉ាវ​អាក្រក់​នឹង​កើត​ឡើង ។ បើ​ស្ដេច​មិន​បាន​យាង​ចូល​ទៅ​ទី​នេះ​មួយ​យប់​ណា​ហើយ ពេល​នោះ​អពមង្គល​នឹង​ពិត​ជា​កើត​ឡើង​ភ្លាម​មិន​ខាន​ដែរ ។
បន្ទាប់មក ដំណាក់​ព្រះញាតិវង្ស ឬ​លំនៅ​នាម៉ឺន‑មន្ត្រី​ធំៗ សង់​យ៉ាង​ធំ​ទូលាយ​ស្ដុក​ស្ដម្ភ​ប្លែក​ពី​ផ្ទះ​អ្នក​ស្រុក​សាមញ្ញ ។ ផ្ទះ​ទាំង​នោះ​សុទ្ធ​តែ​ប្រក់​ស្លឹក មាន​តែ​ផ្ទះ​អ្នក​ធំ និង​វិហារ​ទេ​ដែល​ប្រក់​ក្បឿង ។ ហើយ​ទំហំ​ផ្ទះ​ទាំង​នោះ​ត្រូវ​សង់​ទៅ​តាម​លំដាប់​យស​សក្តិ​នៃ​ម្ចាស់​ផ្ទះ​ ផង ។
ចំណែក​ផ្ទះ​ប្រជារាស្ត្រ​វិញ សុទ្ធ​តែ​ប្រក់​ស្លឹក (ឬស្បូវ) គេ​មិន​ហ៊ាន​ប្រក់​ក្បឿង​ទេ ឯ​ទំហំ​សោត សង់​ទៅ​តាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​ឲ្យ​ដូច​លំនាំ​អ្នក​ធំ​ឡើយ ។

៣. សម្លៀក​បំពាក់ និង គ្រឿង​អលង្ការ

អ្នក​ស្រុក​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​បួង​សក់​ទាំងអស់ ហើយ​គេ​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំ​វិញ​ខ្លួន របៀប​គេ​ចង​ពុង ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពី​លើ ។ ការ​ស្លៀក​ពាក់​នេះ មាន​លក្ខខណ្ឌ​ទៅ​តាម​ឋានៈ​ទៀត ។ ព្រះ​ពស្ត្រ​របស់​ស្ដេច មាន​តម្លៃ​ជា​មាស​បី ឬ​បួន​តម្លឹង គឺ​ល្អ​ដាច់​ពី​សម្លៀក​បំពាក់​អ្នក​ផង​ទាំង​ពួង ។ អ្នក​ស្រុក​នេះ ចេះ​ត្បាញ​សំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម​ និង​ចាម​ផង​ដែរ ។ សំពត់​ពិសេស​មក​ពី​បស្ចិម​ប្រទេស​ដែល​មាន​សាច់​ម៉ដ្ធ​ល្អ មាន​តែ​ស្ដេច​ទេ​ដែល​មាន​ប្រើ គឺ​ជា​សំពត់​ផ្កា​សរសៃ​សូត្រ​ឆ្មារ ។ ស្ដេច​ពាក់​មកុដ​មាស បើ​ជួនកាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រង​ផ្កា​ដូចជា​ផ្កា​ម្លិះ​ជា​ដើម ព័ទ្ធ​ជុំ​វិញ​ព្រះ​សិរ ។ នៅ​លើ​កំពូល​ព្រះ​កេស មាន​ស្នៀត​សក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង ។ គ្រាន់​តែ​គ្រឿង​អលង្ការ​ដែល​ពាក់​នៅ​នឹង​ព្រះ​បាទ និង​ព្រះ​ហស្ត មាន​ទម្ងន់​ដល់​ទៅ​ជាង​បី​នាឡិ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែក​ឆ្មា ។ បាត​ព្រះ​ហស្ត​ និង​បាត​​ព្រះ​បាទ​មាន​លាប​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក​ម្ដងៗ​តែ​ងកាន់​ព្រះ​ខ័ន​មាស​មួយ​ ជានិច្ច ។
ចំណែក​ប្រជា​រាស្ត្រ​វិញ មាន​តែ​ស្ត្រី​ភេទ​ទេ​ដែល​អាចលាប​ថ្នាំ​ក្រហម​នៅ​បាត​ដៃ​បាត​ជើង​បាន ឯ​ប្រុសៗ​មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា​រង្វើលៗ​បាន ឯ​មន្ត្រី​ធម្មតា​ប្រើ​បាន​តែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ​ស្រីៗ​អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​ដែរ ។
ជនជាតិចិន​ដែល​ទើប​នឹង​មក​ដល់​ប្រទេស​នេះ​ថ្មីៗ ទោះ​បី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សង​ខាង ក៏​គេ​មិន​ថាអី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម អ្នក​​ស្រុក​​ហៅ​ថា ពួក​ង៉ានទីង ប៉ា ឆា (មិន​ដឹង​ភាសា?) ។

៤. អំពី​មន្ត្រី

ប្រទេស​នេះ​មាន​រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ មាន​ច្រើន​ឋានៈ​ទៀត ដូចជា​នៅ​ប្រទេស​ចិន​ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ ។ មន្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​ពូជ​ពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង​ទាល់​តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ ​ឲ្យ​ធ្វើ​ជា​ស្នំ​ស្ដេច ។ ការ​ធ្វើ​ដំណើរ​នៃ​មន្ត្រី​ទាំង​នោះ គេ​សម្គាល់​តាម​គ្រឿង​ហែហម​តាម​ឋានៈ ។ អ្នក​ធំ​ជាង​គេ​អង្គុយ​លើ​គ្រែ​ស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស​បួន ។ អ្នក​បន្ទាប់​មក​ទៀត ​គ្រែ​ស្នែង​មាស​ក្លស់​ដង​មាស​ពីរ ចុះ​មក​ទៀត​មាន​គ្រែ​ស្នែង​មាស​ដែរ តែ​ក្លស់​ដង​មាស​មួយ ។ អ្នក​តូច​មក​ទៀត​គ្រែ​ស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស​មួយ ។ អ្នក​តូច​បន្ត​មក​ចេះ​តែ​ថយ​មក​ក្លស់​ដង​មាស​តែ​មួយ រួច​ក្លស់​ដង​ប្រាក់​មួយ​ ឥត​មាន​គ្រែ​ស្នែង ។
ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែ​ស្នែង​ប្រាក់ និង​ក្លស់​ដង​មាស​មួយ​ឡើង​ទៅ សុទ្ធ​តែ​ហៅ​ថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នក​ដែល​មាន​តែ​ក្លស់​ដង​ប្រាក់ ហៅ​ថា “សីឡាត់ទី” (ស្រិស្ធិន?) ។ ក្លស់​នោះ​ គេ​យក​សំពត់​ជា​តី​សូត្រ​ដែល​ធ្វើ​មក​ពី​ប្រទេស​ចិន​ពាស ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆ័ត្រ​តាំង​យូរ គេ​យក​សំពត់​សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀត​ផង ។

៥. អំពី​លទ្ធិ​សាសនា​បី​បែប

អ្នក​ចេះ​ដឹង (ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ានឃាប (ទំនង​មក​ពី​ពាក្យ​ “បណ្ឌិត”) លោក​សង្ឃ​គេ​ហៅ​ថា ជូគូ (ប្រហែល​មក​ពី​ពាក្យ “ចៅ​គូ”) ពួក​តាបស​គេ​ហៅ ប៉ាស៊ីវ៉ី (ប្រហែល​មក​ពី​ពាក្យ “បស្វៈ” ឬ “បស្វិ”) ។
ដែល​ហៅ​ថា ប៉ានឃាប នេះ​មិន​ដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​នេះ​ឯង​ដែល​ស្លៀក​ពាក់​ដូច​តែ​ជន​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​ពាក់​អំបោះ​ស​វេញ​មួយ​ខ្សែ​នៅ​ក ហើយ​អំបោះ​នេះ ពាក់​ជាប់​នឹង​ក​អស់​មួយ​ជីវិត ។ គេ​តែង​រើស​យក​ពួក​ ប៉ានឃាប នេះ​ឯង ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុក​ជា​អ្នក​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ ។
ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះកេស គ្រ​ង​ចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មារ​ខាង​ស្ដាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែក​ជើង​ឡើយ ។ ព្រះវិហារ​មួយ គេ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្ដាល​ព្រះវិហារ​នោះ​មាន​តម្កល់​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ដែល​មាន​ភិនភាគ​ដូចជា​ព្រះ​សក្យមុនី​ដែរ (តាម ​មហាយាន គេ​ជឿថា មាន​ព្រះ​ពុទ្ធ​២​អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋាន​សួគ៌​នាម “អាមិតាតៈ” និង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម “សក្យមុនី”) គេ​ហៅ​ថា “ពុតឡៃ” លាប​លន​ពណ៌​ក្រហម ដោយ​​គេ​យក​ដី​ស​មក​សូន​ធ្វើ​ ហើយ​លាប​ពណ៌​ផ្សេងៗ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពី​នេះ​ទេ ។ មាន​ព្រះ​ពុទ្ធរូប​តូចៗ​ច្រើន​អង្គ​ទៀត មាន​ព្រះ​ភក្ត្រ​មិន​ដូច​គ្នា​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់ ។ ព្រះ​សង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំង​នេះ​ថ្វាយ​ព្រះ​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​និមន្ត​ទៅ​បិណ្ឌ​បាត​ពី​ផ្ទះ​បាសក​តែ​មួយ​ដង​ទេ ហើយ​គ្មាន​រៀប​ដណ្ដាំ​ស្ល​នៅ​ក្នុង​វត្ត​ឡើយ ។ លោក​ឆាន់​មួយ​ដង​ក្នុង​មួយ​ថ្ងៃ ។
ធម៌​ដែល​លោក​សូត្រ​មាន​ច្រើន​ណាស់ គេ​ចង​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស ដិត​ស្នាម​អក្សរ​ពណ៌​ខ្មៅ តែ​មិន​មែន​សរសេរ​ដោយ​ជក់ ឬ​ខ្មៅ​ដុស​ឡើយ ។ ខ្ញុំ​មិន​ដឹង​គេ​សរសេរ​ដោយ​អ្វី​ទេ (ការ​ពិត​គេ​ចារ​ដោយ​ដែក​ចារ ហើយ​យក​ធ្យូង​លាយ​ប្រេង​មក​លុប ទើប​បាន​ជា​ស្នាម​ខ្មៅ​នេះ) ។ គេ​មាន​យក​គ្រែ​ស្នែង និង​ក្លស់​ដង​មាស​ ឬ​ដង​ប្រាក់​ មក​សែង​មក​បាំង​លោក​សង្ឃ​ដែរ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​នឹង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​ដែល​ធំៗ​របស់​ស្រុក​ទេស ។ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដូន​ជី​នៅ​ក្នុង​វត្ត​ទាំង​នោះ​ទេ ។
រី​ឯ​ពួក​តាបស​ដែល​ហៅ ប៉ាស៊ីវ៉ី នេះ​ស្លៀក​ពាក់​ជា​អ្នក​ស្រុក​ធម្មតា​ដែរ តែ​មាន​ជួត​ក្បាល​កំណាត់​ពណ៌​ស ឬ​ពណ៌​ក្រហម របៀប​ដូច​ពួក​ស្រី​តារតា​ នៃ​ជាតិ​ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្តិច ។ ពួក​នេះ​មាន​វត្ត​ដូច​ព្រះ​សង្ឃ​ពុទ្ធសាសនា​ដែរ តែ​មាន​ទំហំ​តូច​ជាង ។ លទ្ធិ​ពួក​តាបស​នេះ គ្មាន​ឥទ្ធិពល​ខ្លាំង​ដូច​សាសនា​ព្រះពុទ្ធ​ទេ ។ ពួក​គេ​គោរព​ចំពោះ​តែ​ថ្ម​មួយ​ដុំ​ធំ (លិង្គ) ដូច​ថ្ម​រូប​អ្នក​តា​ព្រះ​ស្រុក​ដូច្នោះ​ដែរ ។ ប្រភព​ក្ដី របៀប​ប្រតិបត្តិ​នៃ​ពួក​នេះ​ក្ដី ខ្ញុំ​ពុំ​បាន​ដឹង​ទេ ។ ពួក​នេះ​មាន​ដូន​ជី ហើយ​វិហារ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន​ដែរ ។ ពួក ប៉ាស៊ីវ៉ី មិន​បរិភោគ​របស់​អ្នក​ដទៃ​ទេ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​​ទី​សាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់​ខាត ។ ខ្ញុំ​មិន​ដែល​ឃើញ​តាបស​សូត្រ​ធម៌ ឬ​ក៏​ធ្វើ​អំពើ​អ្វី​ជា​ប្រយោជន៍​អ្នក​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ ឡើយ ។
ចំណែក​ក្មេង​កូន​ អ្នក​ស្រុក​វិញ ដែល​ត្រូវ​ការ​រៀន​សូត្រ​ គេ​តែង​យក​ទៅ​ទុក​ដាក់​រៀន​ជាមួយ​ព្រះសង្ឃ​ ហើយ​បួស​ជា​សង្ឃ​ផង លុះ​ដល់​អាយុ​ច្រើន​ក៏​វិល​ត្រឡប់​មក​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ ។ ឯ​ការ​ល្អិត​ល្អន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​បាន​ដឹង​ឲ្យ​ច្បាស់​លាស់​ឡើយ ។

៦. អំពី​អ្នក​ស្រុក

​ តាម​ទម្លាប់​របស់​ពួក​មនុស្ស​ដែល​មិន​ទាន់​ស៊ីវិល័យ ច្រើន​តែ​មាន​រូប​ឆោម​ខ្មៅ​គម្រីង​គម្រាំង មិន​និយម​ទៅ​នៅ​លើ​កោះ​ដែល​សម្បូណ៌​ដោយ​ទឹកទេ ចូល​ចិត្ត​តែ​នៅ​ក្នុង​ភូមិ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ។ ទម្លាប់​បែប​នេះ​ជា​ការ​ពិត​ណាស់ ។
ចំណែកស្ត្រី​ក្នុង​វាំង ឬ​ស្ត្រី​ក្នុង​ត្រកូល​ថ្កុំ​ថ្កើង​វិញ​មាន​សាច់​ស​ដូច​ចាន ព្រោះ​តែ​គេ​មិន​ងាយ​ប្រទះ​នឹង​កម្ដៅ​ថ្ងៃ​ឡើយ ។ តាម​ធម្មតា​ទាំង​ស្រី ទាំង​ប្រុស គ្មាន​ស្លៀក​ដណ្ដប់​អ្វី​ក្រៅ​ពី​សំពត់​មួយ​ផ្ទាំង​រុំព័ទ្ធ​ភ្ជាប់​នឹង​ ចង្កេះ​នោះ​ទេ ។ គេ​លែង​ខ្លួន​ទុក​ដើម​ទ្រូង​នៅ​កណ្ដាល​វាល​ ឯ​សក់​បួង ជើង​ទទេ គ្មាន​ស្បែក​ជើង​ឡើយ ទោះ​ជា​ស្ត្រី​មហេសី​ស្ដេច​ក៏​ដោយ ។
ព្រះមហាក្សត្រ​មាន​មហេសី​ប្រាំ​អង្គ គឺ​អគ្គមហេសី​មួយ​ និង​មហេសី​សាមញ្ញ​បួន​ប្រចាំ​ទិស​ធំ​ទាំង​បួន​ដែរ ។ ចុះ​ពី​នោះ​មក ខ្ញុំ​ឮ​ថា​មាន​ស្ត្រី​ស្នំ បួន​ពាន់ ឬ​ប្រាំ​ពាន់​នាក់ ហើយ​មាន​ចែក​ជា​ជាន់​ថ្នាក់ និង​មិន​ឲ្យ​ចេញ​ដើរ​ទៅ​ណា​មក​ណា​ផ្ដេស​ផ្ដាស់​ឡើយ ។ ខ្ញុំ​ចូល​ទៅ​ក្នុង​វាំង​ពេល​ណា ក៏​ឃើញ​ស្ដេច​ខ្មែរ​ចេញ​មក​ជា​មួយ​អគ្គ​មហេសី ហើយ​គង់​ប្រថាប់​នៅ​ក្នុង​ស៊ុម​មាស (បុស្បុក​ដែល​ជាទី​ប្រថាប់​ក្នុង​ក្រឡា​ព្រះ​គំនាល់) នា​ល្វែង​កណ្ដាល​ធំ​ទូលាយ ។ ចំណែក​មន្ត្រី អ្នក​ក្នុង​វាំង​វិញ នាំ​គ្នា​ទៅ​អង្គុយ​ក្នុង​ថែវ​ព័ទ្ធ​ជុំ​វិញ​តាម​លំដាប់​ថ្នាក់​យស​សក្តិ​ រៀង​ខ្លួន ហើយ​នាំ​គ្នា​លប​មើល​ពី​ក្រោម​ស៊ុម​មាស​នោះ​មក ។ ខ្ញុំ​បាន​ចូល​ទៅ​ឃើញ​ម្ដង គឺ​ឲ្យ​តែ​នរណា​មាន​កូន​ក្រមុំ​ល្អ ច្បាស់​ជា​ត្រូវ​គេ​ហៅ​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​វាំង ។ ពួក​ស្រី​នៅ​ខាង​ក្រោយ​នេះ ដែល​ដើរ​ច្រវាត់​ចេញ​ចូល​បម្រើ​គេ​ហៅ​ថា “តាំងកេឡាង” (ស្រឹង្គារ?) ។ ពួក​នេះ​មាន​ចំនួន​មិន​តិច​ជាង​មួយ​ពាន់ ឬ​ពីរ​ពាន់​នាក់​ទេ តែ​អាច​យក​ប្ដី​រស់​នៅ​ជាមួយ​អ្នក​ធម្មតា​បាន ។ ស្ត្រី​ទាំង​នេះ​សុទ្ធ​តែ​កោរ​សក់​ពី​លើ​ថ្ងាស់​បន្តិច​ ហាក់​ដូច​ជា​ពួក​អ្នក​បើក​ផ្លូវ​ទឹក​នៅ​ស្រុក​ចិន​ខាង​ជើង ហើយ​គេ​លាប​ជាតិ​ហិង្គុល​នៅ​ត្រង់​ជើង​សក់​ក្បែរ​គុម្ព​ត្រចៀក​ទាំង​សង​ ខាង ។ នេះ​ហើយ​ជា​សញ្ញា​សម្គាល់​ពួក​ តាំងកេឡាង ជេនគាឡាង គឺ​មាន​តែ​ពួក​នេះ​ហើយ​ដែល​អាច​ចូល​ក្នុង​វាំង​បាន ឯ​អ្នក​ថយ​ថោក​ពី​នេះ​ទៀត ចូល​ទៅ​កាន់​ផ្លូវ​ខ្វែង​ខ្វាត់​ខាង​ក្រោម​ប្រាសាទ​នោះ​មិន​បាន​ទេ ។
ស្ត្រីអ្នក​ភូមិ​ធម្មតា ក៏​បួង​សក់​ដែរ ប៉ុន្តែ​គ្មាន​សៀត​ស្នៀត​សក់ និង​តុប​តែង​លម្អ​លើ​សក់​ក្បាល ឬ​លម្អ​មុខ​ឡើយ ។ នៅ​ក​ដៃ​មាន​ពាក់​កង​មាស​នៅ​នឹង​ម្រាម​ដៃ មាន​ពាក់​ចិញ្ចៀន​មាស ។ ម្យ៉ាង​ទៀត ពួក​ជេនគាឡាង និង​អ្នក​នៅ​ក្នុង​វាំង​ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​លាប​ប្រេង​ក្រអូប​ដែល​ផ្សំ​ធ្វើ​ឡើង​ពី​ជាតិ​ឈើ​ក្រអូប និង​ក្រលៀន​ប្រើស ។
គ្រប់​គ្រួសារ​ទាំង​អស់​សុទ្ធ​តែ​គោរព​ប្រណិបតន៍​ព្រះពុទ្ធ ។
ក្នុងប្រទេស​នេះ មាន​មនុស្ស​ស្រី​ភេទ​ខ្លះ​ស្អាតៗ រាល់​ថ្ងៃ​តែង​ដើរ​ជា​ក្រុម​ដប់​នាក់ ឬ​លើស​ពី​នេះ ទៅ​ពាស​ពេញ​ទី​ផ្សារ​ជា​ញឹក​ញយ​ណាស់​មាន​បំណង​ទាក់​ទង​ពួក​ចិនៗ ដូរ​យក​របស់​មាន​តម្លៃ ដែល​ជា​ទម្លាប់​មួយ​មិន​ល្អ មិន​ថ្លៃ​ថ្នូរ​សោះ ។

៧. អំពី​ស្ត្រី​សម្រាល​កូន

ស្រីអ្នក​ស្រុក​នេះ ក្រោយ​ដែ​លសម្រាល​កូន​រួច​ទៅ គេ​យក​បាយ​ក្ដៅ​ប្រឡាក់​លាយ​អំបិល ហើយ​ញាត់​ចូល​ទៅ​ក្នុង​ទ្វារ​មាស លុះ​ដល់​បាន​មួយ​យប់​មួយ​ថ្ងៃ ទើប​គេ​យក​ចេញ​មក​វិញ ។ ការ​ធ្វើ​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​មិន​សូវ​មាន​ជម្ងឺ និង​ឲ្យ​បាន​រួម​ទ្វារ​មាស​តូច​ដូច​ជា​ស្រី​ក្រមុំ​ទៀត​ផង ។ កាល​ខ្ញុំ​ទើប​នឹង​ដឹង​រឿង​នេះ​ដំបូង ឆ្ងល់​ថា ក្រែង​មិន​ពិត​ដូច្នោះ​ទេ​ដឹង ? ព្រោះ​ថា បើ​បាន​ជា​មាន​ប្ដី និង​មាន​កូន​ទៅ​ហើយ ចុះ​ម៉េច​ខ្លាច​គេ​ដឹង​រឿង​នេះ​ទៀត ? ប៉ុន្តែ​នៅ​នឹង​ផ្ទះ​ដែល​ខ្ញុំ​សំណាក់​នៅ​មាន​ស្រី​ម្នាក់​សម្រាល​កូន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​លាស់ៈ នៅ​ក្រោយ​ពេល​សម្រាល​កូន​ហើយ មួយ​ថ្ងៃ​ទៀត ស្រី​នោះ​ពរ​​កូន​ខ្ចី​ទៅ​មុជ​ទឹក​ទន្លេ ដែល​ជា​ការ​ចម្លែក​មិន​ដែល​ជួប​ប្រទះ​ទេ ។
នៅពេល​ដែល​ខ្ញុំ​ទៅ​ជួប​នឹង​គេ​ម្ដង​ណា គេ​តែង​ពោលថា ស្រី​ស្រុក​នេះ​ក្រាស់​ដោយ​កាម​តណ្ហា​ណាស់ ។ ក្រោយ​ពេល​ដែល​សម្រាល​កូន​ហើយ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គេ​ក៏​រួម​ដំណេក​ជា​មួយ​ប្ដី​ទៀត​ហើយ ។ បើ​ប្ដី​នោះ​បំពេញ​ចំណង់​ខ្លួន​មិន​បាន​ទេ នឹង​ត្រូវ​គេ​បោះ​បង់​ចោល​​ដូច​ពួក​បូយឆេង (ពួក​ដែល​គេ​ទិញ​ដាច់​មិន​ឲ្យ​ទៅ​នៅ​មាន​ប្រពន្ធ​កូន​ឡើយ) មិន​ខាន ។ ប្រសិន​ប្ដី​នោះ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​អស់​ពេល​ច្រើន​យប់ ចាប់​ពី​ដប់​យប់​ឡើង​ទៅ ច្បាស់​ជា​ត្រូវ​ប្រពន្ធ​ស្ដី​ឲ្យ​ថា “ខ្ញុំ​មិន​មែន​ស្រី​ខ្មោច​ទេ តើ​ឲ្យ​ខ្ញុំ​ដេក​ម្នាក់​ឯង​ម្ដេច​នឹង​បាន ?” ។ ខ្ញុំ​ឮ​ថា​មាន​ស្ត្រី​ច្រើន​ណាស់​រក្សា​ទុក​សេចក្ដី​បរិសុទ្ធ​របស់​ ខ្លួន ។ ស្រីៗ​ច្រើន​តែ​ឆាប់​ចាស់​ណាស់ ពី​ព្រោះ​តែ​គេ​ឆាប់​មាន​ប្ដី ឆាប់​មាន​កូន​ពេក ។ មនុស្ស​ដែល​មាន​អាយុ ២០ ឬ ៣០ គឺ​ប្រហែល​គ្នា​នឹង​ជនជាតិ​ចិន​ដែល​មាន​អាយុ ៤០ ឬ ៥០ ឆ្នាំ​ដូច្នោះ​ដែរ ។

៨. អំពី​ស្ត្រី​ក្រមុំ

ពួក​ឪពុកម្ដាយ​ដែល​មាន​កូនស្រី តែង​ឲ្យ​ពរ​កូន​ថា “សូម​ឲ្យ​ឯង​ទៅ​អនាគត​បាន​ជា​ស្រី​ដែល​មាន​ប្ដី​រាប់​រយ​ពាន់ (ឲ្យ​មាន​គេ​ស្រឡាញ់​ច្រើន)” ។
កូន​ស្រី​ក្នុង​គ្រួសារ​អ្នក​មាន ចាប់​ពី​អាយុ ៧ ទៅ ៩ ឆ្នាំ គ្រួសារ​អ្នក​ក្រខ្សត់​រហូត​ដល់​អាយុ ១១ ឆ្នាំ គេ​និមន្ត​លោក ឬ​តា​បស​មក​បើក​មុខ​កូន​ស្រី​ហៅ​ថា ឆឺនថាន 
ពិធីនេះ រាជការ​ដាក់​កម្រិត​ឲ្យ​ធ្វើ​មួយ​ឆ្នាំ​ម្ដង នៅ​ក្នុង​ខែ​ដែល​ត្រូវ​នឹង​ខែ​ទី​៤​របស់​ចិន ដោយ​រើស​យក​ថ្ងៃ​ណា​មួយ​ធ្វើ​តែ​ម្ដង ។ អ្នក​មាន​កូន​ស្រី​ដែល​ត្រូវ​ធ្វើ​ពិធី​នេះ តោង​ជម្រាប​រាជការ​ជាមុន ហើយ​អ្នក​រាជការ គេ​ក៏​ឲ្យ​ទៀន​ធំ​មួយ​ដើម​មក​ទុក​មុន និង​មាន​គូស​គំនូស​មួយ​ជា​កំណត់​សញ្ញា​ផង​ថា​ដល់​ពេល​យប់​ធ្វើ​ពិធី​នេះ បើ​ដុត​ទៀន​អស់​ត្រឹម​គន្លាក់​នោះ​ហើយ​ត្រូវ​ចាប់​ពិធី​ ឆឺនថាន​ ឡើង ។
នៅមុន​ពេល​ដែល​ធ្វើ​ពិធី​នេះ​មួយ​ខែ ឬ​កន្លះ​ខែ ឬ​ដប់​ថ្ងៃ ឪពុក​ម្ដាយ​ត្រូវ​ជ្រើស​រើស លោក ឬ​តាបស​ណា​មួយ ប្រកាន់​ទុក​ជា​មុន ទោះ​បី​នៅ​វត្ត​ណា​ក៏​ដោយ ក៏​តែង​តែ​មាន​គេ​ទៅ​និមន្ត​ដែរ ។
លោកគ្រូ​អង្គ​ណា​ដែល​សំខាន់ៗ​ជាង​គេ​ តែង​តែ​ត្រូវ​ពួក​មន្ត្រី ឬ​អ្នក​មាន​គេ​និមន្ត​ទុក​អស់​ហើយ ឯ​អ្នក​ក្រ​ពុំ​អាច​ជ្រើស​រើស​រក​លោក​បាន​តាម​ចំណង់​ឡើយ ។ មន្ត្រី ឬ​អ្នក​មាន​ គេ​បូជា​លោក​នូវ​សុរា អង្ករ កំណាត់​សំពត់ ស្លា​ម្លូ និង​គ្រឿង​ប្រាក់​យ៉ាង​ច្រើន​រហូត​ដល់​ទៅ ១០០ អម្រែក​ផង ហើយ​មាន​តម្លៃ​ប្រមាណ​មិន​តិច​ជាង​សាច់​ប្រាក់​ចិន ២០០ ឬ ៣០០ តម្លឹង​ឡើយ ។ អ្នក​មាន​របស់​របរ​តិច ក៏​គង់ ៣០‑៤០ ឬ ១០‑២០ អម្រែក​ដែរ ។ ដូច្នេះ គ្រួសារ​អ្នក​ក្រ​ត្រូវ​រង់​ចាំ​ដល់​កូន​ស្រី​អាយុ ១១ ឆ្នាំ​ទើប​ចាប់​ធ្វើ​ពិធី​នេះ មក​ពី​ពិបាក​រក​របស់​របរ​ទាំង​នេះ​ឯង ។
មានអ្នក​ខ្លះ​ គេ​ជួយ​លុយ​ដល់​កូន​អ្នក​ក្រ​ឲ្យ​ធ្វើ​ពិធី​នេះ​ដែល​គេ​ទុក​ជា​ការ​សាង​កុសល ​មួយ​ដែរ ។ ក្នុង​មួយ​ឆ្នាំ លោក​ ឬ​តាបស​មួយ​អង្គ​អាច​ទទួល​និមន្ត​ធ្វើ​ពិធី​នេះ​ឲ្យ​ក្មេង​ស្រី​បាន​តែ​មួយ​ នាក់​ទេ បើ​លោក​យល់​ព្រម​នឹង​អ្នក​ណា​មួយ​ហើយ​មិន​អាច​ទទួល​អ្នក​ដទៃ​ទៀត​បាន​ ទេ ។
នៅ​ពេល​យប់​ដែល​ធ្វើ​ពិធីនេះ គេ​មាន​រៀប​ចំ​គ្រឿង​ស៊ី​ផឹក និង​ភ្លេង​ភ្លាត់​ទ្រហឹង​អឹងកង ។ ក្រៅ​ពី​ការ​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជា​រោង​មួយ តម្កល់​រូប​មនុស្ស រូប​សត្វ​ដែល​សូន​ធ្វើ​អំពី​ដី ។ អ្នក​មាន​យស​សក្ដិ ធ្វើ​រូប​នេះ​ដល់​ទៅ​ជាង​ដប់ ឯ​អ្នក​ហោច​មក ក៏​មាន​បី ឬ​បួន​ដែរ ។
ចំពោះ​អ្នក​ដែល​ទាល់​ក្រ​ខ្លាំង​វិញ គ្មាន​ធ្វើ​រូប​នេះ​ទេ គិត​តែ​រៀប​ពិធី​តែ​ម្ដង​ទៅ លុះ​ដល់​គ្រប់​ពេល​ប្រាំពីរ​ថ្ងៃ ទើប​គេ​រុះ​រោង​នោះ​ចេញ ។ នៅ​យប់​ដែល​ធ្វើ​ពិធី​នោះ​ទៀត​ គេ​យក​គ្រែ​ស្នែង​ទៅ​និមន្ត​លោក ហើយ​បាំង​ក្លស់​ និង​លេង​ភ្លេង​ដង្ហែ​នាំ​យក​មក ។ គេ​មាន​កូន​តូប​ពីរ​ដូច​គ្រែ​ស្នែង​ដែរ​ដែល​បិទ​បាំង​លម្អ​ដោយ​ព្រែ​ពណ៌​ ភ្លឺ​ព្រាល ។ តូប​មួយ​សម្រាប់​ឲ្យ​កូន​ស្រី​នោះ​អង្គុយ ឯ​តូប​មួយ​ទៀត សម្រាប់​លោក ឬ​តាបស​គង់​សូត្រ​ធម៌ តែ​ខ្ញុំ​មិន​ដឹង​ជាលោក​សូត្រ​អ្វី​ឡើយ ។ ពេល​នោះ​ភ្លេង​ក៏​ប្រគុំ​ឮ​គឹក​កង​រំពង​ដែរ ។ ខ្ញុំ​ឮ​ថា​យប់​នេះ​គ្មាន​ត្រណម​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា ដល់​ពេល​វេលា​ភ្លាម លោក ឬ​តាបស​នោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជាមួយ​កូន​ស្រី ហើយ​លូក​ដៃ​របស់​លោក​ផ្ទាល់​ទៅ​យក​របស់​កូន​ស្រី​ដាក់​ទៅ​ក្នុង​ស្រា ។ ខ្លះ​ថា​ឪពុក​ម្ដាយ និង​ញាតិ​មិត្ត យក​ទៅ​ផ្ដិត​នឹង​ថ្ងាស់ ឬ​មុខ​រៀង​ខ្លួន ។ ខ្លះ​ទៀត​ថា យក​មក​ភ្លក្ស​គ្រប់​គ្នា ហើយ​ខ្លះ​ថា លោក​ក៏​រួម​រ័ក​ជាមួយ​កូន​ស្រី​ក្នុងពេល​នោះ តែ​ខ្លះ​ថា ឥត​មាន​ទេ ។ រឿង​នេះ គេ​មិន​ឲ្យ​ពួក​ចិន​បាន​ឃើញ​ផ្ទាល់​ទេ ហេតុ​នេះ ទើប​ខ្ញុំ​មិន​អាច​បាន​ដឹង​នូវ​ការ​ពិត​ឡើយ ។
លុះដល់​ពេល​ទៀប​ភ្លឺ ទើប​គេ​ដង្ហែ​លោក​ដោយ​គ្រែ​ស្នែង​មាន​ភ្លេង​ និង​បាំង​ក្លស់​នាំ​យក​ទៅ​វិញ ហើយ​គេ​យក​របស់​ល្អៗ មាន​ព្រែ​ពណ៌​ជា​ដើម ទៅ​ធ្វើ​ជា​ថ្នូរ​លស់​យក​កូន​ស្រី​នោះ​មក​វិញ ។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូន​ស្រី​នេះ​មិន​អាច​យក​ទៅ​ឲ្យ​មាន​ប្ដី​ដទៃ​ទៀត​បាន​ឡើយ ព្រោះ​នៅ​ជា​កម្ម​សិទ្ធិ​របស់​លោក​នៅ​ឡើយ ។
ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​នេះ គឺ​នៅ​ថ្ងៃ​ទី​៦ ខែ​ទី​៤ នៃ​ឆ្នាំ តេងអ៊ីវ ក្នុង​រជ្ជកាល​ស្ដេច តាយតេក (គ.ស ១២៩៧) ។
នៅពេល​ដែល​មុន​ធ្វើ​ពិធី​នេះ កូន​ស្រី​ត្រូវ​នៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ឪពុក​ម្ដាយ លុះ​ដល់​ធ្វើ​ពិធី​នេះ​រួច​ហើយ កូន​ស្រី​ត្រូវ​បែក​ទៅ​ដេក​បន្ទប់​ដទៃ ហើយ​នាង​ចង់​ទៅ​ដេក​កន្លែង​ណា​ក៏​បាន តាម​ចិត្ត​ចង់​ឥត​មាន​នរណា​តាម​មើល​គយ​ឃ្លាំ​ឡើយ ។
ចំពោះរឿង​រៀប​អាពាហ៍ពិពាហ៍​​វិញ ពិត​មែន​តែ​មាន​តម្រូវ​ឲ្យ​ជូន​លុយ​កាក់​ជាច្រើន ប៉ុន្តែ​គេ​មាន​អនុគ្រោះ​ច្រើន​ដែរ ។ មាន​ខ្លះ​គេ​អាច​ដេក​នៅ​រួមរ័ក​នឹង​គ្នា​ជាមុន​ទៅ​ហើយ ទើប​រៀបការ​ជា​ក្រោយ​ក៏​បាន ។ តាម​ប្រពៃណី​គេ​មិន​មាន​ចាត់​ទុក​ការណ៍​នេះ​ជា​ការ​គួរ​ខ្មាស​អៀន ឬ​ជា​ចម្លែក​ឡើយ ។
នៅ​យប់​ដែល​ធ្វើ​ពិធី​ “ឆឺនថាន” នោះ ជួនកាល​នៅ​តែ​តាម​ផ្លូវ​មួយ​មាន​ដល់​ទៅ​ដប់​ផ្ទះ​ឯ​នោះ រៀប​ធ្វើ​ពិធី​នេះ ។ នៅ​តាម​ទីក្រុង អ្នក​ណា​ហ៊ាន​ដើរ​កាត់​ហ្វូង​ពិធី ពី​មុខ​លោក ឬ​តាបស​ទាំង​នេះ ច្បាស់​ជា​វង្វេង​វង្វាន់​ផ្លូវ​​ហើយ​ ណា​មួយ​ឮ​គឹក​កង​ស័ព្ទ​សូរ​ភ្លេង​គ្មាន​ចន្លោះ​ត្រង់​ណា​ទេ ។

៩. អំពី​ទាសា​ទាសី

គេសុទ្ធ​តែ​ទិញ​មនុស្ស​ព្រៃ​យក​មក​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា​ទាសី ។ អ្នក​ដែល​មាន​ច្រើន គឺ​ទាសា​ដល់​ទៅ​ជាង​មួយ​រយ​នាក់ ឯ​អ្នក​ដែល​មាន​តិច ក៏​ត្រឹម​ដប់ ម្ភៃ​នាក់​ដែរ លើក​លែង​តែ​អ្នក​ក្រ​បំផុត​ទើប​គ្មាន​សោះ ។
ចំណែក​មនុស្ស​ព្រៃ​ទាំង​នោះ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ​មាន​ជា​វង្សត្រកូល​មួយ​ហៅ​ថា​អាចោរ “ថុង” (ជង?) ។ ពួក​នេះ​បើ​មក​នៅ​កន្លែង​ណា​ហើយ មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ក្រៅ​ផ្ទះ​ឡើយ ។ ពួក​អ្នក​ស្រុក​ក្រុង គេ​ឈ្លោះ​គ្នា គេ​ជេរ​គ្នា​ថា “អា​ថុងៗ” ដូច្នេះ គេ​ខឹង​ខ្លាំង​ណាស់ ព្រោះ​ទុក​ជា​ការ​មើល​ងាយ​យ៉ាង​ធ្ងន់ ។ ក្មេងៗ​មាន​កម្លាំង​ពេញ គេ​លក់​បាន​តម្លៃ​មួយ​រយ “ប៉ូវ” (កំណាត់​សំពត់) បើ​ចាស់ៗ ខ្សោយ​កម្លាំង​បាន​តែ​សាមសិប ឬ​សែសិប​ទេ ។
ពួក​នេះ គេ​ឲ្យ​នៅ​តែ​ក្រោម​ផ្ទះ លុះត្រា​មាន​ការ​ប្រើ​ចាំ​បាច់​ទើប​គេ​អនុញ្ញាត​ឲ្យ​ឡើង​លើ​ផ្ទះ ហើយ​ត្រូវ​ឲ្យ​លុត​ជង្គង់​លើក​ដៃ​សំពះ​គេ​សិន ទើប​អាច​ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ គេ​ហៅ​ម្ចាស់​គេ​ថា ប៉ាថូ (ទំនង​មក​ពី​ពាក្យ ប៉ាតាវ ដែល​​នៅ​សល់​ក្នុង​ភាសា​ជនជាតិ​ដើម​ចារ៉ាយ​ហៅ​ឪពុក) ហៅ​ម្ចាស់​ស្រី​ថា មី (មេ ម្ដាយ) ។ ប្រសិនបើ​មាន​កំហុស​ត្រូវ​គេ​វាយ​ដំ​វិញ ពួក​នេះ​សុខ​ចិត្ត​ជ្រប់​មុខ​បណ្ដោយ​ឲ្យ​គេ​វាយ​តាម​ចិត្ត​ មិន​ហ៊ាន​រើ​បម្រះ​ឡើយ ។ ពួក​នេះ​ស្រី‑ប្រុស គេ​យក​តែ​គ្នា​គេ​ជា​ប្ដី‑ប្រពន្ធ គ្មាន​សិទ្ធិ​យក​អ្នក​ដទៃ​ឡើយ ។ បើ​មាន​ពួក​ចិន​ទៅ​នៅ​ស្រុក​នោះ​យូរ លួច​រួមរ័ក​ជាមួយ​ស្ត្រី​ពួក​នោះ ដោយ​ការ​ស្រេក​ឃ្លាន​កាម​តណ្ហា ហើយ​ម្ចាស់​គេ​ទាន់ នោះ​អ្នក​ផង​គេ​លែង​ឲ្យ​ចិន​នេះ​អង្គុយ​ជា​មួយ​គេ​ហើយ ព្រោះ​ខ្លួន​លួច​លាក់​ជាមួយ​ពួក​ទាសៈ ។ បើ​ពួក​ទាសៈ​ទាំង​នេះ ទាក់ទង​លួច​លាក់​ជាមួយ​អ្នក​ក្រៅ រហូត​ដល់​មាន​ផ្ទៃ​ពោះ កើត​បាន​ជា​កូន​ទៅ ក៏​ចៅហ្វាយ​នាយ​ឥត​សួរ​រក​ហេតុ​ផល​ឡើយ ។ បាន​ជា​គេ​មិន​សួរ​មក​ពី​គេយល់​ថា បើ​ទាសៈ​នោះ កាល​ណា​បាន​កូន​មក នឹង​បាន​ផល​ដល់​គេ ព្រោះ​ថ្ងៃ​ក្រោយ​គេ​នឹង​ចម្រើន​ទាសៈ​ឡើង​ទៀត ។
បើទាសៈ​ណា​លួច​រត់ ហើយ​គេ​តាម​ចាប់​បាន​មក​វិញ គេ​ត្រូវ​យក​មក​សាក់​មុខ ចំ​កណ្ដាល​ថ្ងាស់​ពណ៌​ខៀវ ជា​គ្រឿង​ចំណាំ ហើយ​គេ​ដាក់​ឃ្នាង​ជាប់​នឹង​ក ជួន​ដាក់​ឃ្នាង​ជាប់​ទាំង​ដៃ​ជើង​ទៀត​ផង ។

១០. អំពី​ភាសា

ភាសាចិនមាន​សម្លេង​ប្រហាក់​ប្រហែល​នឹង​ភាសា​អ្នក​ស្រុក​នេះ​ដែរ​ តែ​និយាយ​ប្រាស្រ័យ​ស្ដាប់​គ្នា​មិន​បាន​ទេ ស្រុក​នេះ​មាន​ភាសា​មួយ​ពិសេស ទោះបី​ជា​ភាសា​អ្នក​ជិត​ខាង​ខ្លួន​ដូចជា ចាម ឬ​សៀម ក៏​មិន​អាច​ដូច​គ្នា​ស្ដាប់​គ្នា​បាន​ឡើយ ។ គេ​ថា​បួយ ថា​ព័ក ថា​បេក ៤ ថា​ពួន ៥ ថា​ពុណាំ ៦ ថា​ពុណាំបួយ ថា​ពុណាំព័ក ថា​ពុណាំបេក ៩ ថា​ពុណាំពួន ១០ ថា​តាប់ ។ គេ​ហៅ​ឪពុក​ថា “ប៉ាថូ” ឪពុក​ធំ ឪពុក​មា​ក៏​ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេ​ហៅ​ “មី” ឯ​ម្ដាយ​មីង និង​ស្ត្រី​អ្នក​ជិត​ខាង​ក៏​គេ​ហៅ​មី​ដែរ ។ បង​ស្រី ប្រុស ហៅ​ថា “ប៉ង” ប្អូន​ប្រុស​ស្រី ហៅ​ថា “ផូវអ៊ូង” ។ មា​ខាង​ម្ដាយ​ហៅ​ថា “ងាកឡៃ” ឯ​ប្ដី​របស់​ម្ដាយ​មីង​ខាង​ឪពុក ហៅ​ថា “ពូឡៃ” ។ គេ​ប្រើ​ពាក្យ​យក​ខាង​ចុង​ជា​ដើម​បញ្ច្រាស់​គ្នា ។ ឧបមា​ដូច​ពាក្យ “នេះ​មនុស្ស​ទាសាំ ជា​ប្អូន គេ​ថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យ​ថា “នេះ​មនុស្ស លីស៊ឺ​មា​ខាង​ឪពុក” គេ​ថា “ងានឡៃ​លីស៊ឺ” ឧបមា​មួយ​ទៀត ដូច​ពាក្យ​គេ​ហៅ​ចិន​ថា “ពីស៊ី” ហៅ​មន្ត្រី​ថា “ប៉ាតេង” ហៅ​អ្នក​ប្រាជ្ញ​ថា “ប៉ានឃាប” លុះ​ដល់​គេ​ចង់​ថា មន្ត្រី​ចិន ឬ អ្នក​ប្រាជ្ញ​ចិន គេ​មិន​ថា ពីស៊ី​ប៉ាតេងពីស៊ី​ប៉ានឃាប ទេ គេ​ទៅ​ជា​ប្រើ​ថា ប៉ាតេង​ពីស៊ីប៉ានឃាប​ពីស៊ី ទៅ​វិញ ។
ទាំងនេះ គ្រាន់​តែ​លើក​យក​ជា​ឧទាហរណ៍​គោលៗ​ទេ ។ មួយ​យ៉ាងទៀត គឺ​មន្ត្រី​គេ​និយាយ​តាម​បែប​មន្ត្រី អ្នក​ប្រាជ្ញ​និយាយ​គ្នា​​តាម​ភាសា​អ្នក​ប្រាជ្ញ លោក​សង្ឃ ឬ​តាបស​ក៏​មាន​ពាក្យ​សម្ដី​ប្រើ​របៀប​ខ្លួន​ជា​សង្ឃ ជា​តាបស ឯ​អ្នក​ស្រែ​ចម្ការ​ក៏​និយាយ​ប្លែក​តាម​បែប​របស់​គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​អ្នក​ស្រុក​ចិន​ទេ ។

១១. អំពី​មនុស្ស​ព្រៃ

មនុស្សព្រៃ​មាន​ ២​ បែប ។ មួយ​ពួក​ជា​ពួក​ចេះ​និយាយ​ភាសា​អ្នក​ស្រុក​ស្ដាប់​គ្នា​បាន គឺ​ពួក​មនុស្ស​ព្រៃ​លក់​ខ្លួន​ជា​ទាសៈ​បម្រើ​គេ​នេះ​ឯង ។ មួយ​ពួក​ទៀត គឺ​ពួក​មនុស្ស​ព្រៃ​ដែល​និយាយ​ស្ដាប់​ភាសា​គ្នា​​មិន​បាន គ្មាន​រវល់​នឹង​ការ​ចម្រើន ។ ពួក​នេះ គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅ​ទេ តែង​នាំ​គ្នា​ទាំង​គ្រួៗ​ដើរ​រស់​នៅ​តាម​ភ្នំ ។ ក្បាល​គេ​មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី​រាង​ដូច​ឆ្នាំង ។ បើ​ដើរ​ទៅ​ជួប​នឹង​សត្វ​ព្រៃ គេ​បាញ់​នឹង​ព្រួញ ឬ​ពួយ​នឹង​លំពែង បាន​សត្វ​នោះ​មក ក៏​គូស​ដុំ​ថ្ម​យក​ភ្លើង​ចម្អិន​សត្វ រួច​អង្គុយ​​ដំកង់​ចែក​គ្នា​ស៊ី ។ រួច​ហើយ​ដើរ​ទៅ​ទៀត ។ ពួក​នេះ​កាច​សាហាវ​ណាស់ តែង​សម្លាប់​គ្នា​នៅ​ក្រុម​ជាមួយ ហើយ​ចេះ​ផ្សំ​ថ្នាំ​ពិស​ពូកែ​សក្ដិសិទ្ធ​ណាស់ ។ នៅ​ដី​វាល​ជិត​ខាង​កន្លែង​នៅ គេ​មាន​ដាំ​សណ្ដែក​គួ ដើម​ក្រវាញ និង​ដាំ​កប្បាស​ត្បាញ​សំពត់​ជា​វិជ្ជាជីវៈ ។ សំពត់​របស់​គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេម​ក្រវាម​ណាស់​ផង ។

១២. អំពី​អក្សរ​សាស្ត្រ

លិខិតធម្មតា និង​អត្ថបទ​ទាំង​អស់ ដូចជា​ឯកសារ​ផ្លូវការ​ជា​ដើម សុទ្ធ​តែ​សរសេរ​លើ​ស្បែក​សត្វ​ប្រើស រមាំង ឬ ស្បែក​ដទៃ​ទៀត ដែល​គេ​យក​មក​ហាល​ស្ងួត​លាប​ពណ៌​ខ្មៅ ។ គេ​កាត់​ស្បែក​នោះ​ឲ្យ​មាន​ទំហំ​ធំ ឬ​តូច ទៅ​តាម​សេចក្ដី​ត្រូវការ និង​យក​ម្សៅ​ម៉្យាង​មក​ប្រើ មាន​សណ្ឋាន​ដូច​ដី​ស​នៅ​ស្រុក​ចិន ដោយ​លញ់​ឲ្យ​វែង ចិត​ចុង​ស្រួច គេ​ហៅ​ថា សោ ហើយ​គេ​សរសេរ​ដោយ​ដៃ​បាន​ជាប់​ដិត​ល្អ​ណាស់​មិន​ងាយ​នឹង​រលុប​ឡើយ ។ កាល​ណា​គេ​សរសេរ​ហើយ គេ​យក​ដី​ស​នោះ​មក​សៀត​នឹង​ត្រចៀក នាំ​ឲ្យ​គេ​ចំណាំ​បាន​ថា​អ្នក​នេះ ហើយ​ជា​អ្នក​សរសេរ ។ បើ​សរសេរ​ហើយ ត្រូវ​ការ​លុប​វិញ​តោង​ប្រើ​របស់​ទទឹក​យក​មក​ជូត​ទើប​រលុប​អក្សរ​នោះ​ទៅ​ វិញ ។ អក្សរ​នេះ មាន​សណ្ឋាន​ដូច​អក្សរ​ជនជាតិ​ហួយតូវ (តួរក៍) ដូច្នោះ​ដែរ ។ ការ​សរសេរ​ជា​លិខិត​អ្វី​ក៏​ដោយ គេ​សុទ្ធ​តែ​សរសេរ​ពី​ក្រោយ​ទៅ​មុខ មិន​មែន​សរសេរ​ពី​លើ​ចុះ​ក្រោម​ទេ ។ ខ្ញុំ​ឮ​អ៊ាសាយហាយ៉ា និយាយ​ថា ស្រៈ​នៃ​អក្សរ​របស់​គេ ស្រដៀង​គ្នា​នឹង​អក្សរ​ជាតិ​មុងហ្គោល​ដែរ មាន​ប្លែក​គ្នា​តែ​ពីរ​បី​ប៉ុណ្ណោះ ។ កាលនោះ គ្មាន​អត្ថបទ​បោះពុម្ព​ទេ ប៉ុន្តែ​មាន​អ្នក​និពន្ធ និង​អ្នក​តែង​ពាក្យ​ពេចន៍​ដែរ ។

១៣. អំពី​ពេល​ចូល​ឆ្នាំ

គេ​យក​ខែ​ទី​១០ របស់​ចិន​ធ្វើ​ជា​ខែ​ទី​១ ហើយ​ខែ​នោះ​មាន​ឈ្មោះ​ថា កាតិ (កក្ដិក?) ។ នៅ​ពី​មុខ​វាំង គេ​មាន​សង់​វេទិកា​មួយ​យ៉ាង​ធំ ដែល​អាច​ដាក់​បាន​មនុស្ស​ជាង​មួយ​ពាន់​នាក់ ហើយ​គេ​ចង​ប្រទីប​ជ្វាលា និង​ផ្កា​ភ្ញី​ជា​ដើម លម្អ​នៅ​លើ​ថ្នាក់​នោះ ។ នៅ​ពី​មុខ ដែល​ឃ្លាត​ពី​ទី​នេះ​ប្រមាណ​ជា ២០០ ហត្ថ មាន​ទីលាន​មួយ​ទៀត គេ​បន្ត​ឈើ​ធ្វើ​ជា​រោង​រន្ទា ដែល​មាន​កំពស់​ដល់​ទៅ​ជាង ២០០ ហត្ថ ។ ក្នុង​យប់​នោះ គេ​មាន​អុជ​កាំជ្រួច រន្ទា ឬ ផាវ បី‑បួន ឬ ប្រាំ​កន្លែង ។ នៅ​ក្នុង​រោង​នោះ មាន​សុទ្ធ​តែ​មន្ត្រី​ធំ‑តូច គ្រប់​ជាន់​ថ្នាក់ ។ វេលា​នោះ ស្ដេច​ក៏​យាង​ចេញ​មក​ទត កាំជ្រួច រន្ទា និង ផាវ ដែល​គេ​អុជ​នៅ​ខាង​ក្រៅ​ចម្ងាយ ១០០ លី តែ​គេ​អាច​មើល​ឃើញ និង​ស្ដាប់​ឮ​សូរ​យ៉ាង​ច្បាស់ ឮ​ខ្លាំង​មើល​តែ​កាំភ្លើង​ធំ​ទ្រហឹង​ខ្ទរខ្ទារ​ពេញ​តែ​ទីក្រុង ។
មន្ត្រី និង​ញាតិវង្ស​ទាំងអស់​ចែក​គ្នា​​កាន់​ទៀន និង​ម្លូ​ស្លា​ដែល​ជា​ហេតុ​នាំ​ឲ្យ​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន ។ នៅ​ក្នុង​ពិធី​នេះ ស្ដេច​បាន​អញ្ជើញ​ពួក​ទូត​បរទេស​ទៅ​ចូល​រួបរួម​ផង​ដែរ ។ គេ​ធ្វើ​ដូច​នេះ អស់​រយៈ​កន្លះ​ខែ​បាន​ចប់ ។
នៅ​ក្នុង​ខែ​និមួយៗ​សុទ្ធ​តែ​មាន​ពិធី​បុណ្យ​ដែរ ដូច​ជា​នៅ​ខែ​ទី​៤ គេ​បោះ​ឈូង ខែ​ទី​៩ ធ្វើ​អ៊ាបឡាក់ ពិធី​នេះ គេ​ហៅ​ប្រជុំ​មនុស្ស​មក​ចូល​ក្នុង​ទីក្រុង ហើយ​ហាត់​ក្បួន​ដើរ​ដង្ហែ​កាត់​មុខ​វាំង ។ ខែ​ទី​៥ គេ​ទទួល​យក​ទឹក​មន្ត​ព្រះពុទ្ធ ពី​គ្រប់​ទីជិត​ឆ្ងាយ​ពេញ​ទាំង​អាណាចក្រ យក​មក​ស្រោច​ស្រង់​ថ្វាយ​ព្រះរាជា​ជម្រះ​កាយ ហើយ​អុំ​នាវា​នៅ​លើ​គោក (អុំ​ទូក​គោក) ឯ​ស្ដេច​យាង​ឡើង​លើ​កើយ​ប្រាសាទ ទត​មក​ពិធី​នេះ ។ ខែ​ទី​៧ ធ្វើ​ពិធី​ដុត​ភ្នំ​ស្រូវ ។ ពេល​នោះ ស្រូវ​ទើប​នឹង​ទុំ​ថ្មី គេ​ទទួល​យក​មក​តាម​ទ្វារ​ខាង​ត្បូង ហើយ​គេ​គរ​ដុត ថា​ជា​ការ​បូជា​ចំពោះ​ព្រះពុទ្ធ ។ មាន​ស្រីៗ​ជា​ច្រើន​ណាស់​ជិះ​រទេះ ឬ​ជិះ​ដំរី នាំ​គ្នា​មក​មើល​ពិធី​នេះ ឯ​ព្រះ​រាជា​មិន​ចេញ​មក​ក្រសាល​ទត​ពិធី​នេះ​ទេ ទ្រង់​គង់​នៅ​ឯ​ព្រះដំណាក់ ។ ខែ​ទី​៨ ធ្វើ​ពិធី អៃឡាំ ពិធី​នេះ​គឺ​គេ​រាំ​រែក ។ គេ​ចាត់​អ្នក​រាំ និង​អ្នក​ភ្លេង​ពូកែៗ​ឲ្យ​ចូល​ទៅ​រាំ​អៃឡាំ ឯ​ក្នុង​វាំង​រាល់ៗ​ថ្ងៃ ។ ក្រៅពី​នេះ​មាន​ប្រជល់​ជ្រូក និង​ប្រជល់​ដំរី​ទៀត ។ ពិធី​នេះ ស្ដេច​ក៏​អញ្ជើញ​ពួក​ទូត​ប្រទេស​ក្រៅ​ចូល​ទស្សនា​ផង​ដែរ ។ គេ​ធ្វើ​ដូច្នេះ រហូត​ដល់​គ្រប់​ដប់​ថ្ងៃ ។ ឯ​ខែ​ដទៃ​ទៀត ខ្ញុំ​មិន​បាន​កត់​ត្រា​ឲ្យ​ច្បាស់​លាស់​ទេ ។ អ្នក​ស្រុក​នេះ ក៏​មាន​អ្នក​ចេះ​វិជ្ជា​តារា​សាស្ត្រ​ដូច​ចិន​ដែរ អាច​នឹង​ដេញ​រក​ថ្ងៃ​ខែ​ណា​ធំ​តូច​ ឬ​សូរ្យគ្រាស ចន្ទគ្រាស​ដែរ តែ​ថ្ងៃ‑ខែ​ធំ​តូច​នេះ មិន​ដូច​គ្នា​នឹង​ប្រទេស​ចិន​ទេ ។ បើ​ឆ្នាំ​ណា​ជា​ឆ្នាំ​អធិកមាស គេ​ក៏​មាន​លើក​ខែ​ដែរ ។ ខែ​ដែល​ត្រូវ​លើក​នោះ គឺ​ខែ​ទី​៩ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ការ​នេះ​សព្វ​គ្រប់​ទេ ។ ក្នុង​មួយ​យប់ គេ​ចែក​ចេញ​ជា​ប្រាំ​យាម ។ ប្រាំពីរ​ថ្ងៃ​រាប់​ជា​មួយ​ជុំ គឺ​ដូច​គ្នា​នៅ​ស្រុក​ចិន ហៅថា កាយ‑ពី‑ភៀន‑ជូ 
អ្នកស្រុក​នេះ គ្មាន​ប្រើ​នាម​ត្រកូល (សែ) គ្មាន​ឈ្មោះ ហើយ​មិន​ចេះ​កត់​ថ្ងៃ​ខែ​កំណើត​ផង ភាគ​ច្រើន គេ​យក​ឈ្មោះ​ថ្ងៃ​ដែល​កើត ហៅ​ជា​ឈ្មោះ​មនុស្ស ។ តាម​ក្បួន​យាម​ថា ក្នុង​មួយ​សប្ដាហ៍ មាន​ពីរ​ថ្ងៃ​ល្អ​បំផុត បី​ថ្ងៃ​ល្អ​មធ្យម ពីរ​ថ្ងៃ​អាក្រក់ ហើយ​ថ្ងៃ​ណា​ត្រូវ​ចេញ​ដំណើរ​បែរ​មុខ​ទៅ​ទិស​បូព៌ ឬ​ត្រូវ​ឆ្ពោះ​ទៅ​ទិស​បស្ចិម ។ ពួក​ស្រីៗ​ក៏​ចេះ​រាប់​ថ្ងៃ​ខែ​ដែរ ។
ឆ្នាំ​ទាំង ១២ មាន​យក​សត្វ​ជា​ដំណាង​ដូច​ឆ្នាំ​របស់​ចិន​ដែរ តែ​គេ​ហៅ​ឈ្មោះ​ខុស​គ្នា ឧបមា​ដូច​គេ​ហៅ​ឆ្នាំ​សេះ​ថា “ប៉ុកសាយ” ឆ្នាំ​មាន់​ហៅ​ថា “ឡាក់” ឆ្នាំ​ជ្រូក​ ហៅ​ថា “ចេកលូ” និង​ឆ្នាំ​គោ ហៅ “គូ” ជាដើម ។

១៤. អំពី​ការ​កាត់​ក្ដី

រឿង​ប្រជារាស្ត្រ​ក្ដីក្ដាំ​គ្នា ពិត​មែន​តែ​ជាការ​តូច​តាច​ប៉ុន្តែ​ជាការ​មួយ​គួរ​ឲ្យ​ចង់​ដឹង​ចង់​ឮ​ដែរ ។
រឿងក្ដី​ក្ដាំ​របស់​រាស្ត្រ សុទ្ធ​តែ​ឡើង​គាល់​រហូត​ដល់​ស្ដេច​ឲ្យ​ជម្រះ​ក្ដី ។ ដើម​ឡើយ ស្ដេច​ឥត​មាន​វាយ​តប់​ដោយ​រំពាត់​ធំ​ឬ​តូច​ឡើយ មាន​តែ​ពិន័យ​ជា​មាស​ប៉ុណ្ណោះ ។ បើ​អ្នក​នោះ​មានៈ​មិន​ព្រម​ធ្វើ​តាម ឬ​មាន​ទោស​ធ្ងន់​នោះ គេ​មិន​ចាប់​ចង​យក​ទៅ​ប្រហារ​ជីវិត​ដែរ គ្រាន់​តែ​នាំ​ចេញ​ទៅ​ទ្វារ​ខាង​លិច ហើយ​ឲ្យ​ជីក​រណ្ដៅ​កប់​អ្នក​ទោស​នោះ និង​យក​ដី​ឬ​ថ្ម​កប់​គ្រប​ពី​លើ​ប៉ុណ្ណោះ ។
ទោសស្រាល​បន្ទាប់​មក គឺ​កាត់​ម្រាម​ដៃ​ជើង មាន​ខ្លះ​ត្រូវ​គេ​កាត់​ច្រមុះ​ចោល​ក៏​មាន​ដែរ ។ រឿង​សហាយ​ស្មន្ធ និង​លេង​ល្បែង ឥត​មាន​ហាម​ឃាត់​ទេ ។ បើ​ប្ដី​របស់​ស្រី​ដែល​មាន​សហាយ​នោះ​ដឹង គេ​យក​ឈើ​ពីរ ទៅ​ចង​គាប​ជើង​របស់​ប្រុស​សហាយ​នោះ​ឲ្យ​ឈឺ​ស្ទើរ​នឹង​ស្លាប់ ។ បក្ស​ពួក​ខាង​ប្រុស​ទាំង​ប៉ុន្មាន​ត្រូវ​រួច​ខ្លួន ។ ឯ​អ្នក​ដែល​ផ្ដើម​គំនិត​បោក​ប្រាស់​គេ ត្រូវ​មាន​ទោស​ដែរ ។ បើ​មាន​មនុស្ស​ស្លាប់​នៅ​នឹង​ទ្វារ​កំពែង គេ​យក​ខ្សែ​ចង​អូស​ទៅ​ទី​វាល​ក្រៅ​ទីក្រុង​ ហើយ​សម័យ​នោះ គ្មាន​ការ​ពិនិត្យ​សាកសព​អ្វី​ទេ ។ បើ​គេ​ចាប់​បាន​ចោរ ក៏​អាច​នាំ​ទៅ​ឃុំ​ឃាំង​សួរ​ចម្លើយ​ដែរ តែ​មាន​ការ​គួរ​ឲ្យ​អស់​សំណើច គឺ​ថា​បើ​គេ​សង្ស័យ​ថា​ជន​នោះ​ជា​ចោរ ហើយ​ជន​នោះ​មិន​ព្រម​ទទួល​សារភាព គេ​នឹង​យក​ខ្ទះ​មក​ដាំ​ខ្លាញ់​ឲ្យ​ក្ដៅ​មែនទែន ហើយ​គេ​ឲ្យ​ជន​នោះ លូក​ដៃ​ទៅ​ក្នុង​ខ្លាញ់​កំពុង​ពុះ​នោះឯង ។ បើ​ជន​នោះ​ជា​ចោរ​មែនក៏​ត្រូវ​រលាក​រលួយ​ដៃ បើ​មិន​មែន​ជា​ចោរ​ទេ ឥត​មាន​រលាក​ឡើយ ។ គេ​ប្រាប់​ខ្ញុំ​ថា អ្នក​ស្រុក​នេះ​ចេះ​មន្ត​អាគម​ពូកែ​ណាស់ ។ ម៉្យាង​ទៀត បើ​មាន​គ្រួសារ​ពីរ​ក្ដី​ក្ដាំ​គ្នា ហើយ​រក​កាត់​សេចក្ដី​ថា នរណា​ត្រង់​វៀច​មិន​កើត គេ​ធ្វើ​ដូច្នេះ នៅ​ពី​មុខ​វាំង​មាន​ប្រាសាទ​ថ្ម​តូចៗ ១២ ខ្នង ហើយ​បញ្ជា​កូន​ក្ដី​ឲ្យ​ចូល​ទៅ​អង្គុយ​ក្នុង​ប្រាសាទ​នោះ​មួយ​ម្នាក់ ។ គេ​ឲ្យ​អង្គុយ​តាំង​ពី​មួយ​ថ្ងៃ ពីរ បី ឬ​បួន​ថ្ងៃ​ទៅ បើ​នរណា​ដែល​ជា​អ្នក​ធ្វើ​ខុស​នឹង​ច្បាប់​នោះ ពិត​ជា​មាន​ភស្តុតាង​លេច​ឡើង​មិន​ខាន គឺ​បើ​មិន​ចេញកម​រមាស់​ទេ ក៏​ក្អក​ក្ដៅ​ផ្ដាសាយ​ដែរ ។ ឯ​អ្នក​ទៀង​ត្រង់​ឥត​មាន​ផល​រមាស់​អ្វី​ឡើយ ។ ការ​វិនិច្ឆ័យ​ដូច្នេះ គេ​ហៅ​ថា គុក​សួគ៌ ។ រឿង​ធ្វើ​ដូច្នេះ​​បាន មក​ពី​ព្រះ​ភូមិ​រក្សា​ទឹក​ដី​របស់​គេ ពូកែ​សក្តិសិទ្ធិ​ណាស់ ទើប​គេ​អាច​ធ្វើ​ដូច្នេះ​ទៅ​កើត ។

១៥. អំពី​ជម្ងឺ​ស្រែង

អ្នក​ស្រុក​មាន​កើត​ជម្ងឺ​ស្រែង​ច្រើន​គ្នា​ណាស់ មក​ពី​គេ​ចូល​ចិត្ត​មុជ​ត្រាំ​ក្នុង​ទឹក ហើយ​ឧស្សាហ៍​កក់​លាង​សក់​ក្បាល តែង​មាន​កើត​ជម្ងឺ​ស្រែង​ច្រើន​ណាស់ ។ នៅ​តាម​ផ្លូវ​ធ្លា ពួក​នេះ​មិន​សូវ​អៀន​ខ្មាស​ទេ ។
ខ្ញុំឮ​គេ​ថា ពួក​ទាំង​នេះ​តែ​គេ​រួមរ័ក​គ្នា​ភ្លាម គេ​ចុះ​ទៅ​ងូត​ទឹក​ហើយ ដូច្នេះ​តែង​មាន​ជម្ងឺ​មួល បណ្ដាល​ឲ្យ​ស្លាប់​អស់ ៨‑៩ នាក់​ដែរ ក្នុង​បណ្ដា​មួយ​ពាន់​នាក់ ។ នៅ​ទីផ្សារ មាន​លក់​ថ្នាំ​សម្រាប់​កែ​រោគ​ដែរ តែ​មិន​ដូច​ថ្នាំ​ចិន​ទេ មិន​ដឹង​ជា​ថ្នាំ​អ្វី​ឡើយ ថែម​ទាំង​មាន​គ្រូ​មន្ត​អាគម​ដើរ​ព្យាបាល​រោគ​ឲ្យ​គេ​ជា​ការ​គួរ​អស់​សំណើច​ ណាស់ ។

១៦. អំពី​មរណភាព

មនុស្សស្លាប់ គេ​ឥត​មាន​ដាក់​ក្ដារ​មឈូូស​ទេ គេ​យក​តែ​កន្ទេល​ក្រាល​ពី​ក្រោម យក​កំណាត់​សំពត់​គ្រប​ពី​លើ ហើយ​គេ​យក​ទៅ​ព្រៃ​ហើយ ។ កាល​ពី​ដើម គេ​ក៏​ប្រើ​ទង់​ព្រលឹង​ និង​ភ្លេង​ភ្លាត់​ហែ​ខ្មោច​ដែរ ហើយ​គេ​លីង​លាច​ពី​មុខ បាច​តាម​ផ្លូវ​នាំ​មុខ​ខ្មោច លុះ​សែង​ទៅ​ដល់​ក្រៅ​ក្រុង​ដល់​កន្លែង​ណា​ស្ងាត់​ គេ​ដ៏​ដាក់​ចោល​ខ្មោច​នោះ​ហើយ​ត្រឡប់​មក​វិញ ។ បើ​​មាន​សត្វ​ខ្លែង ឬ​តិរច្ឆាន​អ្វី​ដទៃ​ទៀត​ស៊ី​ខ្មោច​នោះ​អស់​មួយ​រំពេច​ទៅ គេ​ថា ឪពុក​ម្ដាយ​នោះ មាន​ភ័ព្វ​បានសុខសប្បាយ​ល្អ​ណាស់ តែ​បើ​គ្មាន​សត្វ​ស៊ី​សោះ ឬ​មាន​ស៊ី​ដែរ តែ​មិន​អស់​វិញ គេ​បែរ​ជា​យល់​ថា ឪពុក​ម្ដាយ​នេះ មាន​ពៀរ​មាន​ទោស​ទើប​បាន​ជា​ដូច្នេះ ។
លុះមក​ដល់​គ្រា​ឥឡូវ​នេះ មាន​គេ​យក​ខ្មោច​ទៅ​ដុត​បូជា​ខ្លះៗ​ហើយ ។ ពួក​អ្នក​ដែល​មាន​ជាប់​ពូជ​ជា​កូន​ចៅ​ចិន ឪពុក​ម្ដាយ​ស្លាប់​ទៅ គេ​ឥត​ស្លៀក​ពាក់​ស​កាន់​ទុក្ខ​ទេ ។ ប្រុស​គ្រាន់​តែ​កោរ​សក់ ស្រី​គេ​គ្រាន់​តែ​កាត់​សក់​ខាង​មុខ​ធ្លាក់​មក​លើ​​ថ្ងាស់​ប៉ុន​មួយ​ទះ ក៏​ចាត់​ជា​ការ​កាន់​ទុក្ខ​ហើយ ។
ចំណែក​ស្ដេច​វិញ មាន​ប្រាសាទ​សម្រាប់​កប់ ប៉ុន្តែ​មិន​ដឹង​ជា​កប់​ខ្លួន​ទាំង​មូល ឬ​កប់​តែ​ឆ្អឹង​ទេ ។

១៧. អំពី​ការ​ភ្ជួរ​ដាំ

ប្រហែលជា​ក្នុង​មួយ​ឆ្នាំ គេ​អាច​សាប​ព្រោះ​ និង​ច្រូត​ស្រូវ​បាន​បី ឬ​បួន​លើក ពីព្រោះ​រដូវ​ទាំង​បួន​មាន​ធាតុ​អាកាស​ស្រួល​ល្អ ដូច​ជា​នៅ​ខែ​ទី​៥ ទី​៦ ដែរ ។ ម៉្យាងទៀត ស្រុក​នេះ គេ​មិន​ស្គាល់​ដូច​ម្ដេច​ថា​ធ្លាក់​ព្រិល ឬ​ទឹកកក​ឡើយ ។ ស្រុក​គេ​ កន្លះ​ឆ្នាំ​មាន​ភ្លៀង កន្លះ​ឆ្នាំ​ឥត​មាន​ភ្លៀង​សោះ ។ ចាប់​តាំង​ពី​ខែ​៤ ដល់​ខែ​ទី​៩ តែ​ដល់​ពេល​រសៀល មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ទឹក​នៅ​ក្នុង​សមុទ្ទ​ទឹក​សាប (ទន្លេសាប) ជោរ​ឡើង​មាន​កម្ពស់ ៧០ ឬ ៨០ ហត្ថ ។ ដើម​ឈើ​ធំៗ​លិច​នៅ​សល់​តែ​ចុង ឯ​ពួក​អ្នក​ស្រុក​រស់​នៅ​ក្បែរ​មាត់​ទឹក​នោះ​បាន​នាំ​គ្នា​រើ​លំនៅ​មក​ជ្រក​ ខាង​ក្រោយ​ភ្នំ​វិញ ។
ចាប់​ពី​ខែទី​១០ ដល់​ខែ​ទី​៣ នៃ​ឆ្នាំ​ថ្មី គ្មាន​ភ្លៀង​មួយ​តំណក់​ទេ នៅ​ក្នុង​សមុទ្ទ​ទឹក​សាប​នោះ ធ្វើ​ដំណើរ​បាន​តែ​ដោយ​កូន​នាវា​តូចៗ​ទេ ។ ត្រង់​កន្លែង​ទឹក​ជ្រៅ មាន​ជម្រៅ​តែ​ត្រឹម ៣ ឬ ៥ ហត្ថ​ប៉ុណ្ណោះ ។ ពេល​នោះ​អ្នក​ស្រុក​រើ​ទី​លំនៅ​ទៅ​នៅ​មាត់​ទឹក​ធ្វើ​ការ​ភ្ជួរ​ដាំ​ វិញ ។ ចំពោះ​ស្រូវ​ដល់​ទៅ​ពេល​ណា​ទុំ ក៏​ត្រូវ​ពេល​ទឹក​ឡើង​ដល់​ល្មម ។ គេ​សាប​ព្រោះ​ដាំ​តាម​កន្លែង​ដី​របស់​គេ​រក្សា​រៀង​ខ្លួន ។ គេ​ភ្ជួរ​ស្រែ​ដោយ​មិន​បាច់​ប្រើ​គោ​ទេ ។ ចប និង​កណ្ដៀវ​របស់​គេ ពិត​មែន​តែ​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​នឹង​របស់​ចិន​ដែរ តែ​មិន​ដូច​គ្នា​ឡើយ ។
មាន​ស្រែ​ព្រៃ​មួយ​បែប​ទៀត គេ​មិន​ព្រោះ​ដូច​ស្រូវ​ធម្មតា​ទេ ស្រូវ​ដែល​គេ​ព្រោះ​នោះ​ចេះ​លូត​ឡើង​តាម​ទឹក​ បើ​ទឹក​ឡើង​ដល់​កម្ពស់ ១០ ហត្ថ ក៏​ស្រូវ​លូត​លាស់​កម្ពស់​នោះ​ដែរ ។ នេះ​ប្រហែល​ជា​ពូជ​ស្រូវ​មួយ​បែប​ផ្សេង​ទៀត​ហើយ ។ ស្រែ​អំពក និង​ថ្នាល​បន្លែ គេ​មិន​ប្រើ​គ្រឿង​ស្មោគគ្រោក​ដែល​ជា​ហេតុ​នាំ​ឲ្យ​មិន​ស្អាត​នោះ​ទេ ។ ពួក​ចិន​ដែល​ទៅ​ដល់​ស្រុក​នោះ ក៏​គេ​មិន​ហ៊ាន​និយាយ​រឿង​ពាង​លាមក​នៅ​ប្រទេស​ចិន​ឲ្យ​ពួក​នោះ​ដឹង​ដែរ ព្រោះ​ខ្លាច​គេ​មើល​ងាយ ។ នៅ​ក្នុង​ផ្ទះ​ពីរ​បី​ខ្នង គេ​ជីក​រណ្ដៅ​បង្គន់​អាចម៍​មួយ​ហើយ​គេ​ប្រក់​ស្បូវ ។ ដល់​កាល​ណា​ពេញ​ទៅ​នោះ គេ​លប់​ចោល​វិញ ហើយ​ទៅ​ជីក​រណ្ដៅ​មួយ​ទៀត ។ នៅ​រាល់​ពេល​ដែល​បន្ទោរ​បង់​រួច​ គេ​តែង​តែ​ចុះ​ទៅ​លាង​ឯ​ក្នុង​ស្រះ​ឲ្យ​បាន​ស្អាត​ជានិច្ច តែ​គេ​យក​តែ​ដៃ​ឆ្វេង​ទៅ​លាង​ទេ ឯ​ដៃ​ស្ដាំ គេ​ទុក​បរិភោគ​បាយ ។ ពួក​គេ​មើល​ឃើញ​ជនជាតិ​ចិន​ចូល​បង្គន់​ហើយ យក​ក្រដាស​កិត​គេ​សើច ថែម​ទាំង​មិន​ចង់​ឲ្យ​ឡើង​លើ​ផ្ទះ​គេ​ទៀត​ផង ។ ស្រីៗ​ស្រុក​នេះ បត់​ជើង​តូច​ក៏​ឈរ​ដូច​ប្រុស​ដែរ ជា​ការ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ។

១៨. អំពី​ទឹក​ដី

ចាប់​តាំង​ពី​ចូល​ក្នុង​ស្រុក “ចេងផូវ” មក ខ្ញុំ​មើល​ឃើញ​សុទ្ធ​តែ​ព្រៃ​ឈើ​វែង​អន្លាយ នៅ​តាម​មាត់​ទន្លេ​ដ៏​ធំ​ធេង មាន​ដើម​ឈើ​ធំ​ចាស់​បុរាណ និង​គុម្ព​ផ្ដៅ​ស៊ុប​ទ្រុប​ចម្ងាយ​រាប់​រយ​លី ហើយ​មាន​សម្លេង​បក្សាបក្សី​ស្រែក​ទ្រហឹង​អឺងកង នៅ​ទី​នោះ​ផង ។ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ទន្លេ ទើប​មើល​ទៅ​ឃើញ​វាល​ស្រែ​ដ៏​ធំធេង គ្មាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ឡើយ គេ​មើល​ទៅ​ឃើញ​តែ​ស្រូវ​ទុំ​នៅ​សព្វ​ទិស​ទី​ប៉ុណ្ណោះ ។
មានសត្វ​គោ​ព្រៃ​រាប់​រយ​រាប់​ពាន់ បាន​មក​ផ្ដុំ​គ្នា​ជា​ហ្វូង​នៅ​ទី​នោះ ។ មាន​ឫស្សី​ដុះ​ជាប់​គ្នា​ជា​ដង​ព្រៃ មាន​ចម្ងាយ​រាប់​រយ​លី ហើយ​ឫស្សី​ទាំង​នោះ​មាន​ជួរ​បន្លា​នៅ​ត្រង់​គ្រប់​ថ្នាំង ។ ទំពាំង​ឫស្សី​មាន​រស​ជាតិ​ហាង​ខ្លាំង​ណាស់ ហើយ​និង​មាន​ភ្នំ​នៅ​គ្រប់​ទិស​ទាំង​បួន​ទៀត​ផង ។

១៩. អំពី​ផលានុផល

ស្រុកនេះ​មាន​ភ្នំ​ច្រើន និង​មាន​ដើម​ឈើ​ប្លែកៗ ។ កន្លែង​ណា​ដែល​គ្មាន​ដើម​ឈើ​ទេ គឺ​ជា​កន្លែង​ដែល​សត្វ​រមាស និង​ដំរី​រស់​នៅ ។ ពពួក​សត្វ​ស្លាប​ដ៏​មាន​តម្លៃ និង​សត្វ​ម្រឹគ​ដ៏​ប្លែកៗ មាន​ច្រើន​ឥត​គណនា ។ មាន​សត្វ​ចចាត​ពណ៌ និង​រោម​ល្អិត ភ្លុក​ដំរី កុយរមាស ឃ្មុំ​ផ្លិត​ធំៗ ឈើ​ចន្ទន៍​ក្រស្នា ក្រវាញ ជ័រចុង បញ្ញើ​ក្អែក (ជីកេង) ប្រេង​សំរោង (តៃហួងជឺ)… ។
ចចាតជា​សត្វ​ព្រៃ​មួយ​បែប គេ​កម្រ​ចាប់​វា​បាន​ណាស់ ។ នៅ​ក្នុង​ព្រៃ​មាន​ស្រះ ឬ​ត្រពាំង ហើយ​នៅ​ក្នុង​ទឹក​នោះ​ មាន​ត្រី​ជា​ច្រើន ។ សត្វ​ចចាត វា​ហើរ​ចេញ​ពី​ព្រៃ​មក​ចាប់​ត្រី​នោះ​ជា​អាហារ ។ ពួក​អ្នក​ព្រៃ គេ​យក​ស្លឹក​ឈើ​បិទ​បាំង​ខ្លួន ហើយ​ទៅ​អង្គុយ​នៅ​ក្បែរ​មាត់​ទឹក ។ គេ​យក​មេ​ចចាត​ធ្នាក់​មួយ​ដាក់​ក្នុង​ទ្រុង ដើម្បី​នឹង​បញ្ឆោត​ចាប់​យក​ចចាត​ឈ្មោល គឺ​នៅ​នឹង​ដៃ​គេ​មាន​កាន់​កូន​លប់​មួយ​ទៀត រង់​ចាំ​កាល​ណា​ចចាត​ឈ្មោល​នោះ​មក​ជិត គេ​ក៏​គ្រប​លប់​នោះ​យក​វា ។ គេ​ធ្វើ​របៀប​នេះ​ក្នុង​មួយ​ថ្ងៃ​ទាល់​ល្ងាច ជួន​កាល​ចាប់​ឥត​បាន​សោះ​ក៏​មាន​ដែរ ។ ភ្លុក​ដំរី មាន​តែ​អ្នក​ដែល​នៅ​ក្នុង​រូង​ភ្នំ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ទើប​រក​បាន ។ ដំរី​មួយ​ស្រុត​ស្លាប់​ទៅ​នៅ​សល់​តែ​ភ្លុក​មួយ​គូ​ប៉ុណ្ណោះ ។ ដូច្នេះ​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​ថា សត្វ​ដំរី​ក្នុង​មួយ​ឆ្នាំ​ប្ដូរ​ភ្លុក​ម្ដង​នោះ មិន​ពិត​ទេ ។ ភ្លុក​ណា​ដែល​ចាក់​នឹង​ច្បូក ឬ​លំពែង​បាន​មក គេ​ទុក​ជា​ភ្លុក​ល្អ​លេខ​មួយ បើ​ភ្លុក​ដែល​គេ​បាន​ដោយ​ឃើញ​ថា​ស្រុត​ស្លាប់​ខ្លួន​វា​ភ្លាម​គេ​ចាត់​ជា​ ភ្លុក​ល្អ​លេខ​ពីរ បើ​គេរើស​បាន​ដោយ​ដំរី​ស្លាប់​យូរ​ឆ្នាំ​ចោល​នៅ​ក្នុង​រូង​ភ្នំ គេ​ចាត់​ជា​ធុន​អន់​ជាង​គេ ។
ក្រមួនឃ្មុំ​គេ​រក​បាន​ពី​ដើម​ឈើ​ចាស់ៗ នៅ​ក្នុង​ភូមិ​ដែល​សត្វ​ឃ្មុំ​មួយ​ប្រភេទ​មាន​ចង្កេះ​ស្ដួច​ឆ្មារ ដូច​សត្វ​អង្ក្រង វា​ធ្វើ​សម្បុក ។ អ្នក​ស្រុក​ដែល​ទៅ​យក​ឃ្មុំ តាម​ទូក​តូចៗ គេ​អាច​ដាក់​បាន​ពីរ​បី​ពាន់​ផ្លិត ។ ផ្លិត​ណា​ដែល​ធំ​ជាង​គេ​មាន​ទម្ងន់​ដល់​ទៅ ៣០‑៤០ នាឡិ ឯ​ផ្លិត​ណា​ដែល​តូច​ក៏​មិន​តិច​ជាង​ ១៨ ឬ ១៩ នាឡិ​ដែរ ។
កុយ​រមាស​ណា​ដែល​ពណ៌​ស ហើយ​មាន​ផ្កា គេ​ចាត់​ទុក​ជា​កុយ​ល្អ ហើយ​បើ​ខ្មៅ​វិញ គេ​ទុក​ជាកុយ​អន់​មិន​សូវ​ល្អ ។
ឈើចន្ទន៍​ក្រស្នា ដុះ​តែ​នៅ​ក្នុង​ព្រៃ​ស្បាត ព្រៃ​ស្ដុក ។ អ្នក​ស្រុក​ទៅ​កាប់​យក​មក​បាន​ដោយ​ពិបាក​ណាស់ ព្រោះ​ជា​ឈើ​ដែល​មាន​ខ្លឹម ។ ឈើ​នេះ​មាន​សាច់​ស្រាយ​កម្រាស់ ៨ ឬ ៩ តឹក ។ ទោះ​បី​ដើម​តូច​ក៏​មាន​សាច់​ស្រាយ ៤ ឬ ៥ តឹក​ដែរ ។
ក្រវាញគឺ​ជា​ពួក​អ្នក​ព្រៃ គេ​ដាំ​នៅ​លើ​ភ្នំ ។
ជ័រចុងគឺ​ជា​ជ័រ​ឈើ​មួយ​យ៉ាង​ដែល​អ្នក​ស្រុក​នេះ គេ​យក​កាំបិត​ទៅ​ចោះ​ឈើ​សម្រក់​ជ័រ​មុន​មួយ​ឆ្នាំ ដល់​ឆ្នាំ​បន្ទាប់​មក​ទើប​គេ​ទៅ​យក​ជ័រ​នោះ​មក ។ បញ្ញើ​ក្អែក​ជីកេង (អ័រគីដេ?) ដុះ​នៅ​លើ​មែក​ឈើ​មួយ​ប្រភេទ ដូច​គ្នា​នឹង​ដើម​មន​ដែល​ដុះ​ផ្ញើ​សាំ​នឹង​គេ​ដូច្នេះ​​ដែរ ហើយ​គេ​កម្រ​នឹង​រក​បាន​ណាស់ ។
ប្រេងសំរោង គេ​យក​មក​ពី​ផ្លែ​ឈើ​ដើម​ធំ​មួយ​ប្រភេទ​ដែល​មាន​សណ្ឋាន​ដូច​ផ្លែ​ដូង​ល្អិត​ មូលៗ ។ នៅ​ក្នុង​ផ្លែ​នោះ​មាន​គ្រាប់​ជា​ច្រើន​ទៅ​ទៀត ។ ឯ​ម្រេច ដុះ​ព័ទ្ធ​លើ​ដើម​ផ្ដៅ​មួយ​គូ មាន​ពណ៌​បៃតង​ដូច​ផ្លែ​ស្មៅ បើ​នៅ​ខ្ចី​ពណ៌​ក៏​ខ្ចី និង​រិត​តែ​ហិរ​ណាស់​ផង ។

២០. អំពី​របរ​ជំនួញ

អ្នកស្រុក​នេះ ពួក​ស្រីៗ​ប៉ិន​ជួញ​ដូរ​ណាស់ ហេតុ​នេះ ពួក​ចិនៗ​គេ​ត្រូវ​រក​ប្រពន្ធ​មួយ​ជាមុន​សិន ហើយ​នឹង​បាន​ចំណេញ​ច្រើន​ដោយ​គេ​ប៉ិន​ប្រសប់​រក​ស៊ី ។ រាល់​ថ្ងៃ គេ​ទៅ​លក់​តាំង​ពី​ភ្លឺ​ព្រាងៗ​ដល់​ពេល​ថ្ងៃ​ត្រង់​ទើប​ឈប់ ហើយ​ពួក​នេះ​គ្មានគ្រែ ឬ​ផ្ទះ​សម្រាប់​ដាក់​លក់​ឥវ៉ាន់​ទេ គេ​ច្រើន​តែ​ក្រាល​វត្ថុ​ ហាក់​ដូច​ជា​កន្ទេល​ផ្ទាល់​ទៅ​នឹង​ដី​តម្រៀប​គ្នា ។ ខ្ញុំ​ឮ​គេ​ថា មាន​បង់​ឈ្នួល​ដី​ជា​លុយ​ឲ្យ​ពួក​មន្ត្រី​ទៀត​ផង ។
ជំនួញ​តូច​តាច គឺ​គេ​ជួញ​ស្រូវ​អង្ករ និង​របស់​ដែល​ធ្វើ​មក​ពី​ស្រុកចិន ។ បន្ទាប់​មក មាន​លក់​ដូរ​កំណាត់​សំពត់​ផ្សេងៗ ។ ជំនួញ​ធំ គឺ​គេ​ជួញ​មាស​ប្រាក់ ។ តាម​ធម្មតា ពួក​អ្នក​ព្រៃ តែ​ឃើញ​ពួក​ចិន​ទៅ​ដល់ គេ​គោរព​ចិន​សម្បើម​ណាស់ ទុក​ដូច​បាន​ជួប​នឹង​ព្រះ ហើយ​ក្រាប​ក្បាល​គោរព​ទៀត​ផង ។ លុះ​មក​ដល់​ពេល​ថ្មីៗ​នេះ ទើប​មាន​ការ​បោក​ប្រាស់ និង​មើល​ងាយ​ចិន ដោយ​ហេតុ​មក​ពី​មាន​មនុស្ស​ទៅ​ច្រើន​ពេក ។

២១. ទំនិញ​ចិន​ដែល​គេ​ត្រូវ​ការ

អ្នក​ស្រុក​នេះ គ្មាន​កើត​មាស​កើត​ប្រាក់​ទេ គេ​នឹក​ឃើញ​តែ​មាស​មក​ពី​ស្រុក​ចិន គឺ​មាស​ប្រាក់​ជា​ផល​លេខ​១ កំណាត់​មាន​ពណ៌​ទាំង​ប្រាំ​ជា​លេខ​២ ។ បន្ទាប់​មក គេ​ត្រូវ​ការ​សំណ​មក​ពី​ស្រុក​កេងជីវ ថាំង​តែ​ស្មាច់​មក​ពី​ស្រុក​អ៊ូជីវ ថូ​ផ្កា​ពណ៌​មក​ពី​ស្រុក​ជួរជីវ និង​ទឹក​ប្រាក់ ជាតិ​ហិង្គុល ក្រដាស​សរសេរ ស្ពាន់ធ័រ ថ្ម​ដុត ឈើ​ក្រអូប ឫស​ប៉េកជី ក្រលៀន​ប្រើស សំពត់​សរសៃ​ឆ្មៃ សំពត់​ហ្វាងឆាវ ឆ័ត្រ ឆ្នាំង​ដែក ថាស់​ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាស​ឈើ ម្ជុល ជាដើម​ ។ ក្រៅ​ពី​នេះ របស់​ដែល​ធំៗ​ដូច​ជា​កន្ទេល​ស្រុក​ម៉េងជីវ ដែល​គេ​ពេញ​ចិត្ត​បំផុត គឺ​មាន​សញ្ញា​រូប​ម្ទេស តែ​គេ​មិន​ងាយ​នឹង​យក​ទៅ​បាន​ទេ ។

២២. អំពី​ស្មៅ​ និង​ ដើម​ឈើ

មានដើម​ទទឹម អំពៅ ផ្កា​ឈូក ក្រអៅ​ឈូក ផ្លែ​ខេមម៉ា ចេក ដូច​នៅ​ស្រុក​ចិន​ដែរ ។ គូលែន និង​ក្រូច​ឃ្វិច ក៏​មាន​រាង​រៅ​ដូច​តែ​ជូរ ។ ក្រៅ​ពី​នេះ មាន​ឈើ​ព្រៃ​ជា​ច្រើន​ដែល​ប្រទេស​ចិន​យើង​មិន​ធ្លាប់​ដែល​ឃើញ ហើយ​ប្លែកៗ​ទៀត​ផង ។ មាន​ផ្កា​ជា​ច្រើន ដែល​ល្អៗ ហើយ​មាន​ក្លិន​ក្រអូប​ណាស់ ។ ផ្កា​ដែល​ដុះ​នៅ​ក្នុង​ទឹក​ក៏​មាន​ជា​ច្រើន​យ៉ាង តែ​ខ្ញុំ​មិន​ស្គាល់​ថា ជា​ឈ្មោះ​ផ្កា​អ្វី​ទេ ។ ចំណែក​ដើម​ថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលូយ ឈើ​ប្រភេទ​អស់​នេះ គ្មាន​ទេ ។ នៅ​ស្រុក​នោះ​ខែ​ទី​១ ក៏​មាន​ផ្កា​ឈូក​ដែរ ។

២៣. អំពី​សត្វ​ស្លាប

បណ្ដា​សត្វ​ស្លាប ឃើញ​មាន​ក្ងោក ចចាត លលក ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ​ដូច​ជា​ខ្លែង ក្អែក ត្មាត សេក ចាប​ស្រុក ត្រដក់ កុក ប្រវឹក និង​ចាប​ពូក​ជា​ដើម​សុទ្ធ​តែ​មាន​ទាំងអស់ ។ សត្វ​ស្លាប​ដែល​ស្រុក​នេះ​គ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ) … ។

២៤. អំពី​សត្វ​ជើង​បួន

សត្វចតុបាទ មាន​រមាស ដំរី គោព្រៃ ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅពី​នេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង​កញ្ជ្រោង​ជាដើម សុទ្ធ​តែ​មាន​ច្រើន​ណាស់ ។ សត្វ​ដែល​ស្រុក​នេះ​គ្មាន គឺ តោស៊ីងស៊ីង (ស្វា​គីងកុង) និងឱដ្ឋ ។ មាន់​ ទា គោ សេះ ជ្រូក និង ពពែ មាន​ច្រើន​ក្រៃ​លែង ។ តែ​សេះ​ស្រុក​នេះ​ទាបៗ​ណាស់ គោ​តូចៗ ក៏​មាន​ច្រើន​ណាស់​ដែរ ។ សត្វ​គោ​នៅ​រស់​ គេ​ហ៊ាន​ជិះ​តែ​ដល់​វា​ស្លាប់​ទៅ គេ​មិន​ហ៊ាន​ស៊ី និង​មិន​ហ៊ាន​វះ​យក​ស្បែក​វា​ទេ គេ​ទុក​ឲ្យ​វា​រលួយ​ទៅ​តាម​ចិត្ត​ចុះ ពីព្រោះ​វា​ធ្លាប់​ជួយ​ដល់​កម្លាំង​មនុស្ស​លោក ។ វា​ធ្លាប់​តែ​អូស​រទេះ ។ ពីដើម​មក មិន​ធ្លាប់​មាន​ក្ងាន​ទេ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ហើយ ព្រោះ​មាន​នាវា​ចិន​ទៅ​ញយៗ គេ​យក​ពូជ​ពី​ស្រុក​ចិន​ទៅ ។ កណ្ដុរ​ស្រុក​នេះ​ធំៗ​ដូច​សត្វ​ឆ្មា ហើយ​មាន​កណ្ដុរ​មួយ​មុខ​ទៀត មាន​ក្បាល​ប្លែក​ពិសេស​ធំ ដូចជា​​ក្បាល​កូន​ឆ្កែ ។

២៥. អំពី​បន្លែ​បង្ការ

បន្លែមាន​ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែ​ដែល​គ្មាន​សោះ គឺ​ឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែ​ដូច​ជា​ត្រប់ ឪឡឹក​ ត្រសក់ ត្រឡាច​ជាដើម តែ​ដល់​ខែ​ទី​១ មាន​ហើយ ។ ដើម​ត្រប់​មាន​ដុះ​រាប់​ឆ្នាំ​មិន​ទាន់​រំលើង​ចោល​ក៏​មាន ។ ដើម​គរ​ខ្ពស់ៗ ជាង​ផ្ទះ​ទៅ​ទៀត អាយុ​ជាង ១០ ឆ្នាំ​មិន​ទាន់​កាប់​ចោល​ក៏​មាន​ដែរ ។ មាន​បន្លែ​ច្រើន​មុខ​ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ឯ​បន្លែ​ដុះ​ក្នុង​ទឹក​ក៏​មាន​ច្រើន​មុខ​ណាស់​ដែរ ។

២៦. អំពី​ត្រី និង​ សត្វ​លូន

ពួក​ត្រី និងអណ្ដើក​មានៈ ត្រីរ៉ស់​ច្រើន​ណាស់ ក្រៅ​ពី​នេះ​ដូចជា​ត្រី​ឆ្ពិន និង​ត្រី​ល្អិតៗ ឯទៀត​រិត​តែ​ច្រើន​ណាស់​ទៅ​ទៀត មាន​ត្រី​ថូវពូ​ ដែល​ធំ​នោះ មាន​ទម្ងន់​ដល់​ជាង​ពីរនាឡិ ហើយ​ត្រី​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​នោះ ក៏​មាន​ច្រើន​ណាស់​ដែរ ដែល​ជាត្រី​មក​ពី​សមុទ្ទ​ទឹក​សាប (ទន្លេសាប) ។ ចំណែក​ត្រី​ទឹក​ប្រៃ​វិញ ក៏​មាន​ច្រើន​មុខ រាង​ដូច​អន្ទង់ និង​ត្រី​ខ្ជឹង​បឹង​ដែរ ។ ពួក​អ្នក​ស្រុក​នេះ មិន​ស៊ី​កង្កែប​ទេ ម៉្លោះ​ហើយ​ដល់​ពេល​យប់ គេ​ឃើញ​កង្កែប​លោត​ច្រវាត់​កាត់​ផ្លូវ​ដើរ ។ អណ្ដើក‑កន្ធាយ​ធំៗ​ប៉ុន​ចង្អេរ​អុំ ។ ទោះ​ជា​អណ្ដើក​នោះ​មាន​អាយុ​ដល់​ទៅ ៦​ឆ្នាំ ក៏​គេ​នៅ​តែ​ស៊ី​វា​ដែរ ។ បង្កង​នៅ​ស្រុក​ឆាណាំ (កំពង់ឆ្នាំង) មួយ មាន​ទម្ងន់​ដល់​ជាង​មួយ​នាឡិ ។ ជើង​អណ្ដើក​នៅ​ស្រុក​ចេនភូ​មាន ​ប្រវែង​ជាង ៨‑៩ តឹក ។ ក្រពើ​ធំ​ប៉ុនៗ​ទូក ។ មាន​នាគ​ជើង​បួន​មួយ​ប្រភេទ​យ៉ាង​ចម្លែក​ឥត​មាន​ស្នែង​ទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅ​ក្នុង​សមុទ្ទ​ទឹក​សាប​នោះ គ្រាន់​តែ​លូក​ដៃ​ទៅ​ក៏​យក​បាន​ភ្លាម​ហើយ តែ​ខ្ញុំ​មិន​ឃើញ​មាន​ក្ដាម​ទេ ខ្ញុំ​ស្មាន​ថា​ប្រហែល​ជា​មាន​ដែរ តែ​គេ​មិន​ស៊ី​ទេ​មើល​ទៅ ។

២៧. អំពី​ការ​បិទស្រា

ស្រា​ស្រុក​គេ​នេះ​មាន​បួន​យ៉ាង ស្រា​លេខ​មួយ ចិន​ហៅ​ស្រា​ទឹក​ឃ្មុំ ដែល​គេ​យក​ជាតិ​ថ្នាំ និង​ទឹក​ឃ្មុំ​លាយ​ជាមួយ​ទឹក​ ហើយ​ផ្សំ​ធ្វើ​ឡើង ។ បន្ទាប់​មក​ហៅ​តាម​ពាក្យ​អ្នក​ស្រុក​ថា ផេងកេស៊ី ដែល​គេ​យក​ស្លឹក​ឈើ​​មក​ផ្សំ គឺ​ស្លឹក​ឈើ​ឈ្មោះ​ ផេងកេស៊ី (ភ្ងាស) នេះ​ឯង ជាឈើ​មួយ​ប្រភេទ ។ បន្ទាប់​មក​ទៀត គេ​យក​អង្ករ​ ឬ​បាយ​ដែល​សេស​សល់​ទៅ​បិទស្រា​ហៅ ប៉ាវឡេងកាក ព្រោះ​ពាក្យ​ថា ប៉ាវឡេងកាក បាន​ន័យ​ថា អង្ករ ។ ក្រោម​ពី​នោះ​មក​ទៀត មាន​ស្រា​ទឹក​ល្ងៃ​ស្ករ ដែល​គេ​យក​ជាតិ​ស្ករ​មក​បិទ​ឲ្យ​កើត​ទៅ​ជា​ស្រា ។ បើ​គេ​ចូល​ទៅ​ស្រុក​ភូមិ​តាម​មាត់​ទន្លេ គេ​ប្រទះ​ស្រា​មួយ​មុខ​ទៀត​ធ្វើ​ពី​ទឹក​ក្រចាប់​ ព្រោះ​ក្រចាប់​ដុះ​នៅ​មាត់​ព្រែក ហើយ​ស្លឹក​វា​មាន​រស​ជាតិ​ស្ករ ដែល​គេ​អាច​យក​មក​ធ្វើ​ជា​ស្រា​បាន ។

២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី

នៅ​ប្រទេស​នេះ ការ​ធ្វើ​របស់​ទាំងនេះ ឥត​មាន​ហាម​ឃាត់​ទេ ។ តាម​ឆ្នេរ​សមុទ្ទ​ចាប់​ពី​ចេនភូ (ចន្ទបូរ) និង​ប៉ាកាង (បាកាន) គេ​ធ្វើ​អំបិល​ដោយ​ទឹក​សមុទ្ទ ។ នៅ​ក្នុង​ភ្នំ​មាន​រ៉ែ ដែល​គេ​បាន​ជាតិ​ថ្ម​ធ្វើ​ជា​អំបិល​ប្រសើរ​ជាង​អំបិល​សមុទ្ទ​ទៀត និង​យក​ថ្ម​ធ្វើ​ជា​វត្ថុ​ដទៃៗ​ទៀត ។ ពួក​អ្នក​ស្រុក​នេះ មិន​ចេះ​ធ្វើ​ទឹកខ្មេះ​តែ​គេ​ចូល​ចិត្ត​ប្រើ​ជាតិ​ជូរ​នៅ​ក្នុង​ម្ហូប​ណាស់ គេ​ត្រាំ​ទឹក​កាំផេង (អម្ពិល) ធ្វើ​ជា​ម្ជូរ កាលណា​ដើម​ឈើ​នេះ​កំពុង​តែ​លាស់ គេ​យក​ស្លឹក ឬ​ទង​ខ្ចី កាលណា​មាន​ផ្លែ គេ​យក​ផ្លែ​វិញ ។
គេ​មិន​ចេះ​ធ្វើ​មី​ទេ ព្រោះ​តែ​គ្មាន​ស្រូវ​សាឡី និង​សណ្ដែក ។
ពួកនេះមិន​ចេះ​ធ្វើ​ដំបែ​គ្រាប់​ទេ ។ កាលណា​គេ​បិទស្រា គេ​លាយ​ទឹក​ឃ្មុំ និង​ទឹក​ត្រាំ​ស្លឹក​ឈើ ឲ្យ​បាន​ជា​ក្បាល​ស្រា ហើយ​ក្បាល​ស្រា​នេះ ដូច​គ្នា​នឹង​ស្រា​ស នៅ​ក្នុង​ភូមិ​ស្រុក​យើង​ដែរ ។

២៩. អំពី​ដង្កូវ​នាង និង ដើម​មន

អ្នកស្រុក​នេះ​មិន​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ទេ ទាំង​ដើម​មន​ក៏​គ្មាន​ដាំ​ដែរ ។ ស្រីៗ​មិន​ចេះ​ប៉ាក់​ជុល និង​ដេរ​ប៉ះ​ឡើយ ។ គេ​ចេះ​ត្បាញ​សំពត់​តែ​គេ​មិន​ចេះ​រវៃ​អំបោះ​ទេ គេ​យក​ដៃ​ត្រគួញ​សរសៃ​កប្បាស​ឲ្យ​កើត​បាន​ជា​អំបោះ ហើយ​គេ​យក​មក​ត្បាញ​មិន​បាច់​មាន​កី​ទេ ។ គេ​ចង​សរសៃ​អំបោះ​ម្ខាង​ជាប់​នឹង​ចង្កេះ​គេ ហើយ​គេ​ត្បាញ​ពី​ចុង​ម្ខាង​ទៀត ដោយ​មាន​ត្រល់​ជា​បំពង់​ឫស្សី ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ មាន​ពួក​សៀម​ចូល​មក​នៅ គេ​ក៏​ដាំ​មន ចិញ្ចឹម​នាង​ធ្វើ​សូត្រ ដោយ​យក​ពូជ​មក​ពី​ស្រុក​សៀម ។ នៅ​ស្រុក​នេះ គ្មាន​ដើម​ឆ្មៃ​ទេ មាន​តែ​ដើម​ក្រចៅ ។ ជនជាតិ​សៀម​ចេះ​ដេរ​ប៉ាក់​ចំណាប់ បើ​សំពត់​អ្នក​ស្រុក​នេះ​រហែក គេ​យក​មក​ពឹង​ស្រី​សៀម​ឲ្យ​ដេរ​ប៉ះ​ឲ្យ ។

៣០. អំពី​ប្រដាប់​ប្រើ​ប្រាស់

អ្នកស្រុក​ធម្មតា​មាន​ផ្ទះ​នៅ​ហើយ តែ​គ្មាន​តុ​កៅអី ចាន​ដែក ឬ​ថាំង​ជា​ដើម ប្រើ​ទេ គេ​ប្រើ​ឆ្នាំង​ដី​សម្រាប់​ដណ្ដាំ​​បាយ ហើយ​ឆ្នាំង​មួយ​ទៀត​សម្រាប់​ស្ល ។ គេ​យក​ថ្ម​បី​​ដុំ​តម្កល់​ធ្វើ​ជា​ជើង​ក្រាន និង​យក​ត្រឡោក​ដូង​ធ្វើ​ជា​វែក ។ គេ​ប្រើ​ចាន​ទាប​មក​ពី​ស្រុក​ចិន​សម្រាប់​ដាក់​បាយ ឯ​សម្ល គេ​ដាក់​នឹង​កន្ទោង​ស្លឹក​ឈើ​ដែល​កេវ​ខ្ទាស់​មិន​លិច​ទឹក​ទេ ។ គេ​យក​ស្លឹក​ក្រចាប់​ធ្វើ ​ជា​ស្លាប​​ព្រា​ដួស​សម្ល​បញ្ចូល​មាត់ កាលណា​ប្រើ​រួច គេ​បោះចោល​ទៅ ។ ម្ហូប​ថ្វាយ​ព្រះ ឬ​ថ្វាយ​ទេពតា​ក៏​គេ​ដាក់​នឹង​ស្លឹក​ដូច្នោះ​ដែរ ។ គេ​យក​គ្រឿង​ដែល​​ធ្វើ​ពី​ស្ពាន់ស​ដែល​ដាក់​ទឹក​នៅ​ក្បែរ​ខ្លួន សម្រាប់​ជ្រលក់​ដៃ​កុំ​ឲ្យ​ជាប់​បាយ​នឹង​ដៃ ព្រោះ​គេ​បរិភោគ​ដោយ​ផ្ទាល់​នឹង​ដៃ បើ​គ្មាន​ទឹក​ផ្សើម​ដៃ​មិន​បាន​ឡើយ ។ គេ​ប្រើ​ផ្តិល​សំរឹទ្ធិ​សម្រាប់​ចាក់​ស្រា​ផឹក ចំណែក​អ្នក​ក្រ​ប្រើ​ផ្តិល​ដែល​ធ្វើ​អំពី​ដី រី​ឯ​ពួក​មន្ត្រី គេ​ប្រើ​ផ្តិល​ធ្វើ​ពី​ប្រាក់ ឬមាស​ផង​ក៏​មាន ។ បើ​ក្នុង​ឱកាស​បុណ្យ​ធំៗ ដូច​ជា​បុណ្យ​ជាតិ​វិញ គេ​ប្រើ​ប្រដាប់​ទាំងនេះ សុទ្ធ​តែ​ពី​មាស​ទាំង​អស់ ហើយ​មាន​របៀប​ផ្សេង​ពិសេស​ទៀត​ផង ។ នៅ​នឹង​ដី​គេ​ក្រាល​កន្ទេល​មក​ពី​ស្រុក​ម៉េងជីវ (ស្រុក ​ចិន) ឬ​មួយ​ក្រាល​ស្បែក​ខ្លា​ធំ ខ្លារខិន ស្បែក​ប្រើស រមាំង… ពុំ​នោះ​ទេ គេ​ប្រើ​កន្ទេល​ផ្ដៅ ។ នៅ​ពេល​ជិតៗ​នេះ គេ​ទើប​នឹង​ចេះ​ប្រើ​តុ​ទាបៗ មាន​កំពស់​ប្រហែល​មួយ​ហត្ថ ។ សម្រាប់​កន្លែង​គេ​ដេក គេ​ប្រើ​កន្ទេល​ឫស្សី តែ​ឥឡូវ​នេះ​មាន​ខ្លះ​ប្រើ​គ្រែ​ទាបៗ​ខ្លះ​ដែរ​ហើយ ដែល​ជា​គ្រែ​ធ្វើ​មក​ពី​ស្រុក​ចិន ។ ម្ហូប​ចំណី គេ​គ្រប​ដោយ​សំពត់ ឯ​នៅ​ក្នុង​វាំង គេ​ប្រើ​សំពត់​ព្រែ​ប៉ាក់ឌិន ឬ​ខ្សែសយ ដែល​បាន​មក​ពី​ពួក​ឈ្មួញ​សំពៅ​ប្រទេស​ក្រៅ​នាំ​យក​មក​ថ្វាយ ។ ដើម្បី​ស្រិត​អង្ករ គេ​មិន​ប្រើ​ត្បាល់​កិន​ទេ គេ​ប្រើ​ត្បាល់​បុក​ទៅ​វិញ ។

៣១. អំពី​រទេះ និង អង្រឹង​ស្នែង

ការធ្វើ​អង្រឹង​ស្នែង គេ​យក​ឈើ​មួយ​ដើម​ដែល​កោង​ចំកណ្ដាល​អ៊ែន​ចុះ​ក្រោម ចុង​សង​ខាង​ឡើង​លើ ហើយ​នៅ​ចុង​នោះ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្កា​ភ្ញី និង​មាន​ស្រោប​មាស ឬ​ប្រាក់​ពី​ក្រៅ​ឈើ​នោះ​ផង គេ​ហៅ​ថា​អង្រឹង​ដង​មាស ដង​ប្រាក់ សម្រាប់​តាម​លំដាប់​ថ្នាក់ ។ ចម្ងាយ​ពី​ចុង​ដង​ប្រមាណ​មួយ​ហត្ថ​ គេ​វាយ​ដែក​ធ្វើ​ជា​ស្រយូវ​ម្ខាង​មួយ​ ហើយ​គេ​យក​សំពត់​មួយ​ផ្ទាំង​យ៉ាង​ធំ ហើយ​ក្រាស់ មក​បត់​ធ្វើ​ជា​ត្រចៀក​សម្រាប់​ស៊ក​ខ្សែ​ភ្ជាប់​ទៅ​នឹង​ស្រយូវ​ដែក​ នោះ ។ អ្នក​ជិះ​អង្គុយ​លើ​សំពត់​នោះ ដៃ​កាន់​ជាយ​សំពត់​ផង ហើយ​ឲ្យ​មនុស្ស​ពីរ​នាក់​ជា​អ្នក​សែង ។ នៅ​ក្បែរ​អង្រឹង​ស្នែង​តែងតែ​មាន​ប្រដាប់​មួយ​ទៀត​មាន​សណ្ឋាន​ដូច​ដំបូល​ទូក ​តែ​ធំ​ជាង​ដ៏​មាន​បិទ​បាំង​ដោយ​សំពត់​ព្រែ​ប្រាំ​ពណ៌ ហើយ​មាន​មនុស្ស​បួន​នាក់​សែង​ និង​មាន​មនុស្ស​ដើរ​តាម​ហែរ​​ពី​ក្រោយ​ផង ។ បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​អាច​ជិះ​ដំរី និង​សេះ ព្រម​ទាំង​ប្រើ​រទេះ​ដែរ ។ រទេះ​នៅ​ស្រុក​នេះ ក៏​មាន​លក្ខណៈ ដូច​រទេះ​ស្រុក​ឯ​ទៀត​ដែរ តែ​គេ​ជិះ​សេះ ឥត​មាន​កែប​ទេ ឯ​ដំរី​ក៏​គ្មាន​ប្រដាប់​សម្រាប់​អង្គុយ​ដែរ ។

៣២. អំពី​ទូ​‑ច្រវា

អំពីទូក​ធំៗ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​យក​ឈើ​រឹងៗ មក​ចាំង​ជា​បន្ទះ​ក្ដារ​សិន រួច​ទើប​វាយ​ផ្ដុំ​ឡើង​ជា​ទូក ។ មេ​ជាង​ឥត​មាន​ប្រើ​រណារ​ទេ គេ​ប្រើ​តែ​ដឹង ហើយ​និង​ដែក​ខួង ដែល​ជា​ហេតុ​នាំ​ឲ្យ​ខាត​ឈើ និង​កម្លាំង​ច្រើន​ណាស់ ។ នៅ​គ្រប់​ពេល​ដែល​គេ​ចង់​កាត់​ឈើ​ជា​កំណាត់ គេ​តែង​យក​ដែក​ខួង​មក​ខួង​ទម្លុះ​ផ្ដាច់​តែ​ម្ដង ទោះ​ជា​ធ្វើ​ផ្ទះ ក៏​ធ្វើ​របៀប​ដូច​គ្នា​នេះ​ដែរ ។ គេ​មាន​ប្រើ​ដែក​គោល​វាយ​ធ្វើ​ទូក​ដែរ ។ គេ​យក​ស្លឹក​ឡេង (ក្រចាប់) មក​ប្រក់​ធ្វើ​ដំបូល ដោយ​យក​ដើម​ស្លា​មក​ពុះ​ជា​បន្ទះ​គាប​​សង្កត់​ស្លឹក​នោះ​ផង ។ ទូក​របៀប​នេះ គេ​ហៅ​ថា “ស៊ីនណា” ។ គេ​បិទ​ពរ​ទូក​ដោយ​ជ័រ​ឈើ ខ្លាញ់​ត្រី លាយ​នឹង​កំបោរ ។ ចំណែក​ទូក​តូច​ៗ​វិញ គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម​ធំ ។ គេ​យក​ភ្លើង​ដុត​ឆេះ​រោល​ឲ្យ​ទន់​សាច់​ឈើ ទើប​ទល់​បំប៉ោង​ពង្រីក​ពោះ​ទូក​ឲ្យ​ធំ ក្បាល​កន្សៃ​ស្រួច​ឥត​មាន​ប្រើ​ដំបូល​ទេ តែ​ដាក់​បាន​មនុស្ស​ច្រើន​នាក់​ដែរ ។ ទូក​របៀប​នេះ​ហៅ​ថា “កុយឡាំង” 

៣៣. អំពី​ខេត្ត

ខេត្ត​មាន​ទាំង​អស់​ជាង ៩០ គឺ​ខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទេ ។ ខេត្ត​និមួយៗ​សុទ្ធ​តែ​មាន​មន្ត្រី​ធំ​នៅ​កាន់​កាប់ ហើយ​មាន​ធ្វើ​បន្ទាយ​ឈើ​ជារបាំង​ផង ។

៣៤. អំពី​ស្រុក​ភូមិ

នៅក្នុង​ភូមិ​នីមួយៗ​ជួន​មាន​វត្ត​ ជួន​មាន​ប្រាសាទ ហើយ​មាន​មន្ត្រី​ម្នាក់​នៅ​ត្រួត​ត្រា​យ៉ាង​ហ្មត់ចត់ ។ មន្ត្រី​នោះ​គេ​ហៅ​ថា បួយស៊ី ។ នៅ​តាម​ផ្លូវ​ធំៗ តែង​មាន​សាលា​មួយ​សម្រាប់​ឈប់​សម្រាក គេ​ហៅ​ថា ស៊ិមប៉ាក់ ។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​កើត​ចម្បាំង​ជាមួយ​នឹង​ប្រទេស​សៀម ភូមិ​ទាំង​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ដី​វាល​ទៅ​វិញ ។

៣៥. អំពី​ប្រមាត់​ប្រមង់

កាលពី​មុន​នេះ តែ​ដល់​ខែ​ទី​៨ គេ​តែង​ធ្វើ​ការ​ចាប់​មនុស្ស​យក​ប្រមាត់ ពីព្រោះ​ស្ដេច​ក្រុង​ចាម​ក្នុង​មួយ​ឆ្នាំ​គេ​សុំ​យក​ប្រមាត់​មនុស្ស​មួយ​ថូ ដែល​មាន​ចំនួន​រាប់​ពាន់ ។ នៅ​ក្នុង​ពេល​យប់​គេ​ចាត់​ពួក​អ្នក​យក​ប្រមាត់ (ប្រមាត់​ប្រមង់?) ដើរ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង និង​ក្នុង​ភូមិ ។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែ​ចង​ក្បាល​ឲ្យ​ជាប់ ហើយ​យក​កូន​កាំ​បិត​ចាក់​ក្រោម​ឃ្លៀក​ខាង​ស្ដាំ​ខ្វេះ​យក​ប្រមាត់​ដាក់​ ក្នុង​ថូ លុះត្រា​តែ​បាន​ពេញ​ចំនួន ទើប​គេ​យក​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម ។ ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​នៃ​ជនជាតិ​ចិន​ទេ ។ ពីព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​នឹង​គេ ក៏​បណ្ដាល​ឲ្យ​ស្អុយ​រលួយ​ខូច​ប្រមាត់​នៅ​ក្នុង​ថូ លែង​ប្រើការ​បាន​ទាំងអស់ ពេល​ក្រោយ​មក គេលែង​មាន​ការ​ដើរ​ចាប់​យក​ប្រមាត់​ទៀត​ហើយ ហើយ​គេ​ចាត់​មន្ត្រី​ដោយ​ឡែក​សម្រាប់​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​ អំណាច​ខ្លួន ដែល​តាំង​ឲ្យ​នៅ​ជាយ​ក្រុង​ក្បែរ​ទ្វារ​ខាងជើង ។

៣៦. អំពី​រឿង​ចម្លែក​មួយ

នៅក្នុង​កំពែង​នា​ទិស​ខាង​កើត មាន​អ្នក​ព្រៃ​ម្នាក់​នោះ​រួមរ័ក​ជាមួយ​ប្អូន​ស្រី​ឯង​បង្កើត ក៏​ស្រាប់​តែ​ជាប់​ស្បែក​សាច់​គ្នា​បេះ​មិន​ចេញ រហូត​ដល់​គ្រប់​បី​ថ្ងៃ ឥត​មាន​ស៊ី​ចុក​អ្វី​សោះ ក៏​ស្លាប់​បង់​ជិវិត​ទៅ ។ អ្នក​ស្រុក​ខ្ញុំ​ម្នាក់​សែ “ស៊ិ” គេ​បាន​មក​រស់​នៅ​ស្រុក​នេះ​រវាង​សាមសិប​ប្រាំ​ឆ្នាំ​ហើយ គេ​ថា គេ​បាន​ឃើញ​រឿង​នេះ​ច្បាស់​នឹង​ភ្នែក​ពីរ​លើក ហើយ​គេ​ថា បាន​ជា​សក្តិសិទ្ធិ​ដូច្នេះ ព្រោះ​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់ ។

៣៧. អំពី​ការ​ងូត​ទឹក

ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃៗ​បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះបី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង ឬ​ពីរ​ដង​ដែរ ។ គេ​គ្មាន​បន្ទប់​ទឹក​ គ្មាន​ចាន​ដែក គ្មាន​ប៉ោត​ទេ ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ គេ​ព្រួត​គ្នា ២­‑៣ ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​អៀន​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ ។ ប៉ុន្តែ​បើ​ឪពុក​ម្ដាយ​ចាស់ គាត់​ទៅ​ដល់​ស្រះ​មុន ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ ប្រសិន​បើ​ក្មេង​កំពុង​តែ​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នោះ នាំ​គ្នា​គេច​ចេញ​ដែរ ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទ​បាំង​កេរ្តិ៍ខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ ។ ជួន​កាល​ក្នុង​រយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃ​ម្ដង ពួក​ស្រីៗ​ក្នុង​ទីក្រុង​មួយ​ក្រុម​មាន​គ្នា ៣‑៤ នាក់ នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ឯ​ខាង​ក្រៅ​កំពែងក្រុង ។ នៅ​ពេល​ដែល​ទៅ​ដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​ នាក់ ។ សូម្បី​តែ​ពួក​ស្រីៗ​ដែល​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ក៏​ដូច្នោះ​ដែរ ។ គេ​ឥត​មាន​ការ​អៀន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់ ។
នៅមាត់​ទន្លេ​ក្រៅ​ទីក្រុង​នោះ រាល់​ថ្ងៃ​តែង​តែ​មាន​ជនជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​ថា​គេ​លួច​ឆ្លៀត​ពេល​នៅ​ក្នុង​ទឹក​នោះ​ផង ។ ទឹក​នោះ​នៅ​ក្ដៅ​ឧណ្ហៗ​ជានិច្ច លុះត្រា​ដល់​ពេល​យប់​យាម​បួន​ទើប​ត្រជាក់ លុះ​ដល់​ព្រឹក​ ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅ​​ឧណ្ហៗ​ឡើង​វិញ​ទៀត ។

៣៨. ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍)

ពួកជនជាតិ​ចិន ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ ក៏​ពេញ​ចិត្ត​គេ​ខ្លាំង​ណាស់ ព្រោះ​ស្រុក​នេះ​មិន​បាច់​ប្រើ​សម្លៀក​បំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រក​បាន ឯ​ផ្ទះ​សម្បែង​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើ​ប្រាស់​ក៏​ងាយ​រក ការលក់​ដូរ​ក៏​ធូរ​ងាយ ម៉្លោះ​ហើយ​បាន​ជា​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ​មក​រស់​នៅ​ស្រុក​នេះ​ច្រើន​ ណាស់ ។

៣៩. អំពី​កង​ទ័ព

កងទ័ព​ក៏​ធ្វើ​ដំណើរ​ដោយ​លែង​ខ្លួន​ឥត​អាវ ។ ដៃ​ស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល គ្មាន​ប្រើ​ធ្នូ និង​ព្រួញ​ទេ កាំភ្លើងធំ ឬ អាវ​ក្រោះ​ក៏​គ្មាន​ដែរ ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​នឹង​ជាតិ​សៀម​គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​ កម្លាំង​តែ​ម្ដង ពុំ​មាន​ប្រើ​ល្បិច​កល​ឧបាយ​អ្វី​ឡើយ (តាម​ឯកសារ​ជា​ ច្រើន​ថា ខ្មែរ​ចេះ​រៀប​ចំទ័ព​ត្រឹមត្រូវ​មាន​សាស្ត្រាវុធ និង​ក្បួន​យុទ្ធសាស្ត្រ​ផង រឿង​នេះ​ប្រហែល​មក​ពី​ ជីវ តាក្វាន់ មិន​បាន​ឃើញ និង​មិន​បាន​ស៊ើប​ព័ត៌មាន) ។

៤០. ការ​យាង​ចេញ​នៃ​មហាក្សត្រ

ខ្ញុំបាន​ឮ​គេ​និយាយ​ថា ស្ដេច​អង្គ​មុនៗ មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ ព្រោះ​ខ្លាច​មាន​រឿង​ហេតុ ។ ស្ដេច​អង្គ​ថ្មី​នេះ ត្រូវ​ជា​សុណិសា​ស្ដេច​មុន ។ កាល​ពី​ដើម​ លោក​មាន​ឋានៈ​ជា​មេទ័ព ។ បិតា​ក្មេក​នោះ​សព្វ​ព្រះទ័យ​នឹង​បុត្រី​ព្រះ​អង្គ​ណាស់​បាន​ជា​កូន​ស្រី​ នេះ លួច​យក​ព្រះ​ខ័ន​មាស​បាន​ ហើយ​យក​ទៅ​ឲ្យ​ប្ដី​របស់​ព្រះ​នាង ។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ្យ​ស្នង​បិតា ក៏​លើក​ទៅ​វាយ​ដណ្ដើម​រាជ្យ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់ ចាប់​បាន​នាំ​យក​មក​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត ។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវ​ក្រោះ​ដែក ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ ។ ដូច្នេះ​ហើយ ទើប​ព្រះអង្គ​ហ៊ាន​យាង​ចេញ​ក្រៅ ។ ខ្ញុំ​បាន​ទៅ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ បាន​ឃើញ​ព្រះអង្គ​យាង​ចេញ​មក​បួន­‑ប្រាំ​ដង ។ ការ​យាង​ចេញ​មក​ម្ដង​ណា តែង​មាន​ទ័ព​នៅ​ការពារ​ពី​ខាង​មុខ មាន​អ្នក​កាន់​ទង់​ជ័យ និង​មាន​តន្ត្រី​នៅ​ខាង​ក្រោយ ។ ស្រី​ស្នំ​បួន ឬ​ប្រាំ​នាក់​ស្លៀក​សំពត់​ផ្កា​សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជា​មួយ​ក្រុមៗ ។ ទោះបី​នៅ​ពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទាន​ដែរ ។ នៅ​ក្នុង​ចំណោម​ស្រី​ស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូច​ជា ភាជន៍​មាស និង​គ្រឿង​បិទបាំង​ជាដើម​ផ្សេងៗ​ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើការ​អ្វី​ខ្លះ​ឡើយ ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត​កាន់​ស្នរ លំពែង ខែល ជាទ័ព​ នៅ​ខាង​​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ ដែល​មាន​តាក់​តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ ។
ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ញាតិវង្ស សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥតគណនា ។ បន្ទាប់​មក ទើប​ដល់​ព្រះ​មហេសី​ធំ‑តូច​តាម​លំដាប់​ថ្នាក់ ជិះ​អង្រឹង​ស្នែង ជិះ​រទេះ​សេះ ឬ​ជិះ​ដំរី​ដ៏​មាន​ក្លស់​បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ ។ បន្ទាប់​មក​ទៀត ទើប​ដល់​ព្រះរាជា​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះហត្ថ​កាន់​ព្រះខ័នទិព្វ ។ ភ្លុក​ដំរី ព្រះទីនាំង​សឹង​មាន​ពាក់​ចង្កំ​មាស ។ មាន​ក្លស់​ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះ​អង្គ ដែល​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស នៅ​ជុំ​វិញ​ព្រះ​អង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ ការពារ ។ បើប្រសិន​ជា​ស្ដេច​យាង​ទៅ​ណា​ជិតៗ​ទេ ទ្រង់​គង់​លើ​គ្រែ​ស្នែង (ព្រះវរ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រីៗ​ស្នំ ។ សឹង​តែ​រាល់​ដង កាលណា​ស្ដេច​យាង​ចេញ​ដំណើរ​តែង​មាន​រូប​ស្តូប​តូច​មួយ ហើយ​ពី​មុខ​នេះ​មាន​ព្រះ​ពុទ្ធ​រូប​មាស​មួយ​អង្គ​ផង សែង​ពី​មុខ​ព្រះ​រាជា ។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី​ដែល​គេហៅ​ថា “សាំប៉ា” (សំពះ?) បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​គេ​ចោទ​ថា មើល​ងាយ​ព្រះចេស្ដា ហើយ​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល ឥត​ដោះ​លែង​ឡើយ ។
ក្នុងមួយ​ថ្ងៃ ព្រះរាជា​ទ្រង់​កិច្ចការ​រដ្ឋ​ពីរលើក គឺ​ទទួល​សវនាការ​ពី​រដ្ឋ​មន្ត្រី និង​រាស្ត្រ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​ និង​កិច្ច​ការ​នោះ​ទេ ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់ ត្រូវ​តែ​ចូល​ទៅ​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ដី​រងចាំ​ជាមុន ។ មួយ​សន្ទុះ​ក្រោយ​មក ទើប​គេ​ឮ​សូរ​សម្លេង​តន្ត្រី​រងំ​ពី​ខាង​ក្នុង ។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​តប​ទៅ​វិញ ។ ខ្ញុំ​ឮ​គេ​ថា គេ​ប្រើ​តែ​ទីនាំង​គ្រែស្នែង​មាស (ព្រះវរមាស) ទេ បើ​គ្រាន់​តែ​យាង​ជិតៗ ។ បន្តិច​មក គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះវរ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះខ័ន នៅ​ក្នុង​ស៊ុមមាស​ជា​ទី​ព្រះ​ទែនគង់​ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី ទាំង​រាស្ត្រ​សុទ្ធ​តែ​ឱន​ក្បាល​លើក​ដៃ​សំពះ លុះត្រា​តែ​ផុត​សម្លេង​ស័ង្ខ​ដែល​ជា​សញ្ញា​ឲ្យ​ងើប​មុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា ។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ ។ ព្រះទែន​នោះ ក្រាល​ដោយ​ស្បែក​សត្វ​សិង្ហ ដែល​ជា​កេរ្តិ៍​​ដំណ​មក​ច្រើន​ស្ដេច​ហើយ ។ លុះ​ទ្រង់​ប្រាស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ពីរ​នាក់​រូត​រនាំង​បិទ​ដូច​ដើម អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ​ហើយ​អែបៗ​ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ ។

No comments:

Post a Comment