Tuesday, August 29, 2017

ពិធីសែនចងដៃម្ចាស់ផ្ទះ” ពេលឡើងផ្ទះថ្មី

ពិធីសែនចងដៃម្ចាស់ផ្ទះ” ពេលឡើងផ្ទះថ្មី

 
បើសិនជាអ្នកធ្វើពិធីឡើងផ្ទះថ្មីអ្នកប្រាកដជាបានជួបនៅពិធីមួយទៀតក្នុងកម្មវិធីនោះគឺ “ពិធីសែងចងដៃម្ចាស់ផ្ទះ“។ នៅក្នុងអត្ថបទនេះយើងរៀបរាប់ថាពិធីនេះគេធ្វើអ្វីខ្លះហើយហេតុអ្វីបានជាយើងប្រារព្ធកម្មវិធីនេះឡើង។ យើងធ្លាប់បានចុះផ្សាយអត្ថបទមួយហើយស្តីពី “អត្ថន័យ និងក្បូនខ្នាតនៃពិធីឡើងផ្ទះរបស់ខ្មែរ” ដូចនេះយើងនឹងរៀបរាប់ពីពិធីសែនចងដៃម្ចាស់ផ្ទះមួយទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងច្បាស់ពីពិធីនេះ។
ពិធីនេះគេនឹងចាប់ផ្តើមធ្វើនៅពេលដែលម្ចាស់ផ្ទះបានឡើងទៅដល់លើផ្ទះ អាចារ្យគាត់នឹងរៀបចំសែនដើម្បីរំឮកដល់ម្ចាស់ទឹកម្ចាស់ដី ជីដូនជីតា និងសាច់ញ្ញាតិនៃម្ចាស់ផ្ទះដែលបានចែកឋានឲ្យអញ្ជើញមកសេពសោយគ្រឿងសំណែនដែលបានសែន​ និងបានសុំពរជ័យពីអស់លោកទាំងនោះផងដែរ។ នៅក្នុងកម្មវិធីនេះលោកអាចារ្យនឹងយកអំបោះឆៅពណ៌ សទៅជ្រលក់ក្នុងប្រេងក្រអូបចងដៃឲ្យម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធដើម្បីឲ្យពួកគាត់ទាំង២ទទួលបានសេចក្តីសុខសប្បាយ និងរកស៊ីមានបានជោគជ័យគ្រប់ការងារជាដើម។ សម្រាប់កម្មវិធីនេះមានតំបន់ខ្លះគេបានប្រារម្ភពិធី បង្វិលពពិល ដូចទៅនឹងពិធីមង្គលការអញ្ចឹងដែរ។
វត្ថុមួយចំនួនដែលបានយកឡើងផ្ទះហើយត្រូវដាក់តាមទិស
  • ឆត្រ័ ឬក្លស់ទុកនៅទិសអាគ្នេយ៍
  • ចង្ក្រានទុកនៅទិសបូព៌
  • អង្ករ ឆ្នាំង ទុកនៅទិសទក្សិណ
  • សង្ខ័ ទុកនៅទិសនិរតី
  • កាំបិត ពូថៅ ថ្ម ទុកនៅទិសបស្ចឹម
  • ភ្លុក និងដែកផ្សេងៗត្រូវទុកនៅទិសពាយព្យ
  • ស្រូវគង់ ទុកនៅទិសឧត្តរ
  • ឆ្មា កែងកង រួមស្ត្រីមានគក៌(បើមាន) ទុកនៅទិសឦសាន
  • ពូក កន្ទេល និងគ្រឿងសារពើភ័ណ្ឌផ្សេងៗទៀតទុកនៅកណ្តាលផ្ទះ

ជាទំនៀមទំលាប់របស់ប្រជាជនខ្មែរនៅពេលឡើងផ្ទះគឺតែងតែរកមើលវេលាដែលល្អដូចច្នេះហើយប្រជាជនខ្មែរតែងតែទៅរកអាចារ្យដើម្បីមើល​ថ្ងៃខែណាដែលល្អទើបប្រារព្ធពិធីនេះឡើង។​​ ហើយអាចារ្យដែលជាអ្នករៀបចំកម្មវិធីតែងតែ​ជ្រើសរើលស្រ្តីដែលមានលក្ខណៈពិសេសដែលមិនបាក់មែករហែកធាងជាតំណាងនៅក្នុងកម្មវិធីនោះ។
អាចារ្យតែងប្រសិទ្ធនាមថា៖ នាងស្រី នាងរតន៍ នាងសួស្តី នាងកែវ នាងនាគ នាងជ័យ រួចមកឲ្យនាងទាំងនោះ​កាន់វត្ថុមួយចំនួនហែរឡើងផ្ទះ៖
  • នាងស្រីកាន់ក្អម ឬផ្តិលទឹក
  • នាងរតន៍កាន់ហិបស្លា
  • នាងសួស្តីកាន់សំពត់អាវ
  • នាងនាគកាន់កន្ទេល ខ្នើយ
  • នាងកែវកាន់មាស់ប្រាក់កែវកង
  • នាងជ័យកាន់គ្រឿងភ្លុកកុយ
  • អ្នកក្រៅពីនោះកាន់គ្រឿងប្រដាប់ផ្សេងៗ ដើរដង្ហែរម្ចាស់ផ្ទះ៣ជុំ(ម្ចាស់ផ្ទះត្រូវមានគេបាំងឆត្រ័ឲ្យ
  • មនុស្សចាស់ទុំពីនាក់ត្រូវនៅលើផ្ទះជាមុនតំណាងអោយទេវតាប្រចាំថ្ងៃ ពេលដង្ហែបាន​៣ជុំ ហើយអ្នកដែលនៅលើផ្ទះ ស្រែកថា អ្នកណា? មកពីណា? ច្រើនម្លេះ?
  • អ្នកនៅដីមានអាចារ្យជាដើមឆ្លើយថា យើងមកពីឆ្ងាយយកគ្រឿងឧបភោគបរិភោគកែវកងជាដើមមករកទីលំនៅ ដោយលឺថានៅទីនេះមានផ្ទះមួយសាងថ្មីនៅទំនេរ ព្រោះយើងខ្ញុំជឿជាក់ថាជាលំនៅផ្តល់សេចក្តីសុខក្សេមក្សាន្ត
  • រួចមកអ្នកនៅលើផ្ទះឆ្លើយថាផ្ទះនេះជារបស់(រៀបរាប់ឈ្មោះប្រពន្ធប្តី កូនចៅទាំងអស់)នៃម្ចាស់ផ្ទះនោះ ហើយពិតជាបានសេចក្តីសុខចំម្រើនទ្រព្យសម្បត្តិបរិបូរណ៍គ្រប់ប្រការ។
ប្រភព៖ លំអានទំនៀមខ្មែរបុរាណ

No comments:

Post a Comment