Tuesday, August 29, 2017

ចោល​ដឹង​ទាំង​ដង

ចោល​ដឹង​ទាំង​ដង

និយមន័យៈ សម្ដី​អសុរោះ និង​អសីលធម៌ ។ អត្ថាធិប្បាយ អត្ថានុរូប «ដឹង» គឺ​ជា​ឧបករណ៍​សម្រាប់​ចាំង​ឈើ​ម្យ៉ាង ដែល​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​យោលយោគ​នៅ​ពេល​គេ​ចាំង​ឈើ ។ ដោយ​សារ​វា​មាន​កន្ទុយ​វែង​យ៉ាង​នេះ កាល​បើ​គេ​ចោល​វា​ទៅ​មុខ វា​មិន​រត់​ចំ​គោលដៅ​ទេ ។ វា​ផ្លាត​ទៅ​ឆ្វេង ទៅ​ស្ដាំ ពុំ​ប្រាកដ ជួនកាល​ទៀត វា​ចង់​ឡង​មក​រក​ម្ចាស់​វិញ​ផង ។ អត្ថប្បដិរូប មនុស្ស​ខ្លះ​មាន​សម្ដី​រាង​ឈ្លើយៗ មិន​ប្រកប​ដោយ​សីលធម៌​សោះ គឺ​ពោលពាក្យ​គំរោះគំរើយ ដែល​គេ​តែង​និយាយ​ថា កូន​ឥត​ពូជ ឥត​មាន​មេបា​ប្រដៅ ។ មនុស្ស​ប្រភេទ​នេះ ពេល​ហា​និយាយ​ម្ដងៗ ពុំ​បាន​គិត​ដល់​ការ​គួរសម ឬ​ពុំ​គួរ​នោះ​ទេ ។ គេ​គ្មាន​ស្គាល់​ចាស់ទុំ ព្រឹទ្ធាចារ្យ​អ្វី​ទេ គឺ​គេ​និយាយ​បែប​ស្មើៗ និង​រម៉ាំងរម៉ោក ។ ការ​និយាយ​ពាក្យ​គ្រោតគ្រាត​បែប​នេះ លោក​ពោល​ថា សម្ដី​និយាយ​ដូច​គេ​ចោល​ដឹង​ទាំង​ដង ។

No comments:

Post a Comment