Monday, August 28, 2017

ប្រាសាទសម្បូរព្រៃគុក

ប្រាសាទសម្បូរព្រៃគុក

 ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើអំពី​ឥដ្ឋតាន់​/​ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិតនៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ​បី​ព្រះអង្គ​ដ៏​ខ្លាំងពូកែ គឺ​ព្រះបាទ​ភ​វរ្ម័នទី​១ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន នៅ​ចុង​សតវត្សរ៍​ទី ៦ និង​ដើម​សតវត្សរ៍​ទី៧ ។



បន្ទាប់មកទៀត វាត្រូវបាន​ស្ថាបនា​បន្ថែម ជា​បន្តបន្ទាប់រហូតដល់​ដើម​សតវត្សរ៍​ទី ១០​នៃ​គ​.​ស មុន​ការផ្លាស់​ទីតាំង​នៃ​ព្រះរាជ​ធានី​ចេនឡា​ទៅកាន់​តំបន់​គូលែន នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន​។​
​    ​សូម​ជម្រាប​ត្រង់នេះ​ថា ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែលបាន​ចែកចេញជា​បី​ក្រុម​ធំៗ និង​ក្រុម​ឧបសម្ព័ន្ធនានានោះ គឺមិនមែនជា​ទីក្រុង​ឥសាន​បុ​រៈ ឬ​ឥសាន​បុរី​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១៥-៦៣៥ គ​.​ស​) នោះទេ​។ ក៏​ប៉ុន្តែ ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥសាន​បុ​រៈ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង ៣​ខាងលើនេះ​ឡើយ។​

ម្យ៉ាងវិញទៀត ការសរសេរ​ពាក្យ​គុ​ហ៍ ដោយ​អ្នកនិពន្ធ​ខ្លះ គឺជា​ពាក្យ​មិន​សមស្រប​នឹង​អត្ថន័យ​ដើមឡើយ ពោលគឺ​ជាការ​ខុសឆ្គង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​បំភ្លឺ​នៅទីនេះ​។
​ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃ​គុក គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​ទាំង ៣​ម៉ាត់ គឺ​ពាក្យ​សម្បូរ​ព្រៃ និង គុក​។ អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour) ហើយ​នេះ​ជា​អ្វីមួយ​ដែល​អ្នកស្រាវជ្រាវ ក្រោយមកទៀត​ដូចជា លោក ដឺ​ឡា​ហ្សុ​ង​គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​បច្ចុប្បន្ន​។​

​    ​ដូច​ទើប​ពោល ពាក្យ​ថា គុក (Kuk) ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មានន័យថា ប្រាសាទ​ជា​ហូរហែ​។ រីឯ​ពាក្យ​សម្បូរ គឺជា​ឈ្មោះ​របស់​ភូមិ​មួយ​ដែល​ស្ថិត​ជិត​ក្រុម​ប្រាសាទ​ទាំងនោះ​។ ចំណែក​ពាក្យ​ព្រៃ​វិញ សំដៅ​ព្រៃឈើ​។ សេចក្តី​ត្រង់នេះ មាន​សារសំខាន់​ណាស់ ព្រោះ​ពាក្យ​គុក ត្រូវ​បានឮ​ហើយ កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០ មកម្ល៉េះ ដោយ​ប្រវត្តិវិទូ​ដ៏​ល្បីៗ ដែល​បាន​អញ្ជើញ​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ​។​

​    ​ដូចនេះ ពាក្យ​ទាំងបី​ម៉ាត់ សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ’​ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។

​ជា​អវសាន ពាក្យ​គុក​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ជាតិ​យើង ប្រើប្រាស់​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ​ដែរ ម្ល៉ោះហើយ ពាក្យ​គុ​ហ៍ ត្រូវ​ទុក​ថា​ជា​មោ​ឃៈ​៕F
 (​ម​.​ត្រា​ណេ​)

3 comments:

  1. ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ

    ReplyDelete
  2. ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ

    ReplyDelete
  3. ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ

    ReplyDelete