Wednesday, August 30, 2017

ល្វី ឯម

ល្វី ឯម

សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម
សាស្ត្រាចារ្យ ឈឹម ស៊ុម រៀបរៀង

កុមារភាព

កុមារ ឯម ប្រសូត ពី​ថ្ងៃ ២ ᧥ ៦ ឆ្នាំ​រោង ទោស័ក ព. ស. ២៤២២ ក្នុង​ក្រុង​ភ្នំពេញ ។ បិតា​នាម មាន់ (ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង) មាតា​នាម ប្រាក់ ។ កាល​លោក​ឧកញ៉ា មាន់ ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុក ខេត្ត​ត្បូងឃ្មុំ ផ្លាស់​ទៅ​ខេត្ត​លង្វែក បាន​បំបួស​កុមារ ឯម ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បាន​ហាត់​សូត្រ​ធម៌ ១ ចប់ ភាណវារ​បាលី ព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្ម ថោង បាន ៣ គម្ពីរ, ត​មក បាន​រៀប​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ យ៉ាំង, លោក​គ្រូ​អាចារ្យ រ៉ត, លោក​ឧកញ៉ា សុធម្មមេធា អ៊ុង និង​លោក​ឧកញ៉ា​សទ្ធម្មប្រីជា កង ទៀត រួម​ទាំងអស់ ៩ គម្ពីរ ។

បព្វជ្ជា

សាមណេរ ឯម បាន​បព្វជ្ជា​អស់ ៦ វស្សា ដល់​ជន្មាយុ​គ្រប់ ២១ ឆ្នាំ បាន​សូម​ឧបសម្បទា​ជា​ភិក្ខុ ពី ព. ស. ២៤៤៣ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍, ព្រះ​ពុទ្ធវង្ស នន្ទ និង​ព្រះ​មង្គល​ទេពាចារ្យ កុយ ជា​ឧបសម្បទាចារ្យ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, មាន​លោក​ឧកញ៉ា​មហា​មន្ត្រី ប៉ុក ឌុច ជា​អ្នក​ឧបត្ថម្ភក៍ ។

ការតែងតាំង

សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។

ស្នាព្រះហស្ត

ដល់ ព. ស. ២៤៥៤ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតី ដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កា ទ្រង់​បាន​ឃើញ​វត្ត​លង្កា ដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិច សល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារ ដែល​មាន​តែ​រោង​ស្បូវ​មួយ គ្រប​ព្រះ​ពុទ្ធ​រូប ១ ព្រះ​អង្គ, ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូប ដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹង ស្ងាត់​ឈឹង មិន​សូវ​មាន​បរិស័ទ​សោះ ទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការ ឯម ពី​វត្ត​ស៊ីធរ មក​គង់​នៅ​វត្ត​លង្កា​វិញ ដើម្បី​ជួយ​កសាង​វត្ត​នេះ ព្រោះ​លោក​គ្រូ​ចៅអធិការ ខាត់ សុគត​ទៅ​ហើយ ។ សម្ដេច​ព្រះ​មហា​សង្ឃរាជ ទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្ម ថោង ឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ ។ លោក​គ្រូ​ព្រះ​មហា​វិមលធម្ម បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កា ពី​ព. ស. ២៤៥៤​។ លោក​គ្រូ​ព្រះ​អាចារ្យ ឯម ជា​ចៅអធិការ​វត្ត​លង្កា គង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ ដែល​ជា​សាលា​រៀន​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង ដែល​លោក​អ្នក​ឧកញ៉ា​យោមរាជ ម៉ែម សេនាបតី​ក្រសួង​យុត្តិធម៌ រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន ។ លោក​គ្រូ​ចៅអធិការ ឯម ខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារ តាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរ និង​ជញ្ជាំង​ឡើង​ជា​ដំបូង ដរាប​ដល់​ខឿន​កំពែង និង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំ ដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ ខាង​អាគ្នេយ៍​វត្ត​ភ្នំ មក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​បាន​កសាង​កុដិ ១ ខ្នង ពីរ​ជាន់ ដែល​រុះ​ចេញ​បាត់​ទៅ ហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ, លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នង ដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់, សាលា​ធម្មសភា​មួយ​ខ្នង គ្រឿង​ស៊ីម៉ងត៍ ២ ជាន់ មាន​រោង​ជួង ១ ជាន់​នៅ​នោះ​ផង, កំពែង​ស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធ​វត្ត​លង្កា ពី​ចំហៀង​ខាង​ជើង​និង​ខាង​កើត ប្រវែង ២៤៧ ម. ៨២ បាន​កសាង​សាលា​បាលី​រង ១ ខ្នង, សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា ១ ខ្នង គ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នា ចំ​ខាង​ក្រោយ​ព្រះ​វិហារ, បាន​កសាង​កុដិ​ឈើ ១ ខ្នង ខាង​លិច​កុដិ​ថ្ម​ធំ, បាន​សាង​ប្រាង្គ ១ ខាង​មុខ​ព្រះ​វិហារ បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្ម ថោង , បាន​ចាក់​ដី​ជម្រៅ ២ ម៉ែត្រ ពេញ​វត្ត​លង្កា​ទាំង​មូល ព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិ ពេញ​បរិវេណ​វត្ត​លង្កា​ចំនួន ៣៦ ខ្នង ។ មិន​តែ​ប៉ុណ្ណោះ, លោក​បាន​កសាង​សាលា​បាលី​រង ១ និង​កុដិ​ធំ ១ (គ្រឿង​ឈើ) ចេតិយ ១ នៅ​វត្ត​ក្រាំងពន្លៃ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បញ្ចុះ​ធាតុ​លោក​ឧកញ៉ា ល្វីជោ មាន់ (១) ជា​បិតា និង​លោក​ស្រី ប្រាក់ ជា​មាតា ។ (១)​ ឧកញ៉ា ល្វី ជោ ជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែក ព្រោះ​សាលា​ខេត្ត​នេះ តាំង​នៅ​ក្នុង​ឃុំ​ល្វី ។ ឃុំ​ល្វី កែ​ជា​ឃុំ​បន្ទាយ​លង្វែក ពី​ឆ្នាំ ១៩៣៥ តាម​ពាក្យ​សុំ​របស់​លោក ម៉ី អ៊ុំ មេ​ឃុំ​ល្វី និង​លោក ទេស លឹម ចៅហ្វាយ​ស្រុក​កំពង់​ត្រឡាច និង​លោក សូរ មៀច គ្រូ​បង្រៀន នៅ​សាលា​ពាម​លង្វែក បាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្ត នឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង ។ ពាក្យ​ថា ល្វី ថា ល្វី នេះ បាន​ជា​ឲ្យ​ដាក់​នាម​ថា ល្វី ឯម ជាប់​ត​មក ។

សមណស័ក្តិ

កាល​ពី ព. ស. ២៤៤៦ លោក​គ្រូ​អាចារ្យ ឯម បាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា ។ ដល់​មក ព. ស. ២៤៥៧ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា (រាជា​គណៈ​ចត្វា) ។ ដល់ ព. ស. ២៤៥៨ មាន​ព្រះ​រាជ​ប្រកាស និង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរ តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខ គឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត ។
ជំនាន់​មុន កាល​សាលា​បាលី​ជាន់​ខ្ពស់ ពុំ​ទាន់​កើត​ឡើង ការ​សិក្សា​ធម៌​វិន័យ និង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋ មាន​ស្ដួចស្ដើង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យ ធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ ។ តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើង មាន​ព្រះ​សព​ព្រះ​មហា​វិមល ថោង ជា​នាយក មាន​ព្រះ​ញាណ​បវរ​វិជ្ជា ឯម , ព្រះ​គ្រូ​សង្ឃសត្ថា ជួន ណាត, ព្រះ​គ្រូ​សង្ឃវិជ្ជា ហួត តាត ជាដើម ដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង លោក​បាន​រៀបចំ​ការ​សិក្សា និង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ មាន​អធិករណ៍​យ៉ាង​ធំ ៗ ខាង​ផ្លូវ​ពុទ្ធសាសនា ដូចជា​មហា​សង្គ្រាម ១ កើត​ឡើង​ក្នុង​ប្រទេស ព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង ។ លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជា ឯម ហាក់​ដូចជា​ធម្មទេសនា ១ រូប​យ៉ាង​ឆ្នើម, វត្ត​លង្កា ហាក់​ដូចជា​សមរភូមិ ១ យ៉ាង​ធំ ក្នុង​ប្រទេស​កម្ពុជា ។
ដោយ​ហេតុ​អធិករណ៍​នេះ បាន​ជា​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម ខំ​កសាង​ធម្ម​អាវុធ គឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេង ៗ (ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅ តទៅ​ខាង​មុខ) សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទាន ដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញា នៃ​ពុទ្ធសាសនិកជន ជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ ។ ប៉ុណ្ណោះ​ហើយ ក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់, បាន​ជា​វេលា​មួយ លោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់ នរោត្តម សិង្ហរ៉ា ជា​ព្រះ​រាជ​សុណិសា នៃ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ, បាន​សម្រេច​ដោយ​យោបល់​ថា​ : គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​ជា​ភាសា​បាលី ឲ្យ​ជា​សេចក្ដី​សម្រាយ ដើម្បី​ឲ្យ​ជន​ទាំងលាយ មើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នា កុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត ។ អ្នក​អង្គ​ម្ចាស់ នរោត្តម សិង្ហរ៉ា មាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លា បាន​ជាវ​គ្រឿង​ប្រដាប់​សរសេរ មាន​ក្រដាស​ជាដើម មក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត ។ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាញ​បវរ​វិជ្ជា ល្វី ឯម ក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈ ជា​សហការី​របស់​លោក​ហើយ ក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូង រហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គ ព្រម​ទាំង​ប្រែ​ផង (២) (ចម្លង​នៅ​វត្ត​លង្កា ក្នុង ព. ស. ២៤៦០) ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយ ដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល ហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​ : កិច្ចការ​នេះ​ធំ​ណាស់ សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត តម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះ ពោធិវ័ង្ស ម៉ា និង​ព្រះ​រាជា​គណៈ​ខ្លះ ខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការ ទើប​នឹង​បាន​សម្រេច ហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង ។ ដំណើរ​ការ​នេះ ក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែន ប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះ អស់​វេលា​ដ៏​យូរ​ឆ្នាំ ។ (២)​ សំណៅ​នេះ សព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ ។
លុះ​មក​ដល់ ព. ស. ២៤៧២ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម បាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់, ដល់ ព. ស. ២៤៧៥ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ សីរីសម្មតិវង្ស, កាល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​បាន​រាជាភោសេក​ហើយ, ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម បាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើ អំពី​ការ​ប្រែ និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង​រាជការ​អាណាព្យាបាល​បារាំងសែស ក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយ ព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង ។ ការ​កសាង​ព្រះ​ត្រៃបិដក ក៏​បាន​លូត​លាស់​​មក​ជា​លំដាប់ ។ ការ​សិក្សា​ធម្មវិន័យ ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ និង​សាលា​បាលី​ក្នុង​វត្ត​លង្កា ក៏​ចម្រើន​ដោយ​ក្រៃលែង ដរាប​តែ​ព្រះ​ថេរានុត្ថេរៈ ខេត្ត​ក្រៅ មាន​ខេត្ត​បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម បាន​បើក​សាលា​រៀន​បាលី និង​ធម្មវិន័យ យក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត ។
អានបន្ថែម wikipedia

No comments:

Post a Comment