ខ្មែរគិតតែពីកិន ចិនគិតតែពីកត់
«ខ្មែរគិតតែពីកិន ចិនគិតតែពីកត់» នេះគឺជាពាក្យស្ដីបញ្ជោះ របៀបប្រយោល ដាក់ផ្លែផ្កាទៅលើរឿង «លក់ដូរដោយជឿបណ្ដាក់» ។ខ្មែរយើងភាគច្រើនដែលរស់នៅស្រុកស្រែចម្ការ មានជីវភាពទន់ខ្សោយ មានការខ្វះខាតច្រើន ។ ការខ្វះខាតគឺជារបាំងខ្ទប់នូវការសិក្សាគ្រប់បែបយ៉ាង ។ មនុស្សដែលមិនធ្លាប់ចូលសាលារៀនកាលនៅវ័យក្មេង ភាគច្រើនតែងគ្របដណ្ដប់ដោយអវិជ្ជា… ហើយច្រើនក្លាយជាជាឈ្នាន់សម្រាប់មនុស្សមួយពួកទៀតដែលមានគោលបំណងធ្វើជាមហាសេដ្ឋី បឺតជញ្ជក់យកញើសឈាមពីក្រុមអវិជ្ជាទាំងនោះ ដោយទឹកចិត្តលោភលន់ ឥតត្រាប្រណី ។ មានមនុស្សមួយចំនួនតូចដែលមានធ្លាប់ចូលសាលាសោះ តែមានប្រាជ្ញាវាងវៃជាងអ្នកដែលមានសញ្ញាបត្រក៏មានដែរ ។
ពីដើម នៅតាមស្រែចម្ការស្រុកខ្មែរ ក្នុងមួយភូមិៗតែងមានតៀមចិនមួយដែលខ្មែរយើងហៅ «ហាងលក់ចាប់ហួយ» ដែលមានលក់: តែ ស្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច ទឹកខ្មេះ ប្រេងកាត ខ្លាញ់ជ្រូក ក្ដាមប្រៃ ប៊ីចេង ទៀន ធូប សៀង ។ល។ ជាវត្ថុដែលខ្មែរត្រូវការរាល់ថ្ងៃ ។
ខ្មែរតែងទៅទិញដូរហូរហែនៅតៀមនោះ ។ ភាគច្រើនគ្មានប្រាក់បង់ថ្លៃភ្លាមៗទេ គេប្រើរបៀប «ទិញជឿ ឬ បណ្ដាក់» ។ ចិនយល់ព្រមព្រោះសាសន៍ខ្មែរមិនចេះបោកប្រាសទេ កាលណាមានប្រាក់ គេយកទៅសងចិនភ្លាម ។
ការជឿបណ្ដាក់នេះ កើតមានម្ដងហើយម្ដងទៀតស្ទើរតែរាល់ថ្ងៃ ដោយសារការខ្វះខាត ដោះស្រាយមិនរួច ។ ចិនកត់ទុកក្នុងបញ្ជីរបស់គេគ្រប់ពេលបុលទាំងអស់ ។ ឯខ្មែរដែលជាអ្នកទិញជឿ ភាគច្រើនឥតមានបញ្ជីសម្រាប់កត់ឲ្យដឹងថាតើជឿបុលគេអស់ប៉ុន្មានហើយ ព្រោះមិនចេះសរសេរផង ហើយជឿទុកចិត្តទៅលើចិនផង មិនបានដឹងថា «មនុស្សនិងប្រាក់ យក្សនិងសាច់» នោះសោះឡើយ ។ ត្រង់ចំណុចនេះ ហើយដែលគេហៅថា «ខ្មែរគិតតែពីកិន» មានន័យថា គិតតែពីបុលជឿ រហូតដល់បំណុលនោះគរទៅជាភ្នំ ។ លុះដល់ពេលបោកបែនស្រូវនៅស្រែ ចិនដែលជាម្ចាស់បំណុលយកបាវការុងទៅកើបយកស្រូវ ដើម្បីផាត់បំណុលរបស់គេ ។ ជួនកាល ស្រូវទាំងអស់នោះ សងបំណុលមិនរួចផង ទុកសងដល់ឆ្នាំក្រោយទៀត ។ នេះឯងរឿង «ខ្មែរគិតតែពីកិន ចិនគិតតែពីកត់» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
No comments:
Post a Comment