ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ
និយមន័យៈ ការប្រយ័ត្នបាត់បង់ និងមិនពិបាកគន់ ។ អត្ថាធិប្បាយ ភាសិតនេះមិនមែនជាពាក្យទូន្មានប្រៀនប្រដៅអ្វីជាធំដុំប៉ុន្មានទេ គឺគ្រាន់តែជាពាក្យលេងសើចបែបលែបខាយប៉ុណ្ណោះ ។ ចំណីឆ្ងាញ់កុំទុកស្អែក ចំណីណាដែលមានរសជាតិឆ្ងាញ់ លោកប្រាប់ថាឲ្យឆាប់បរិភោគភ្លាមៗទៅកុំទុកឲ្យដល់ថ្ងៃស្អែក ក្រែងលោមានការអន្តរាយ ដូចជា មានគេលួចស៊ីមុន ឬឆ្មាឆ្កែពាំយកបាត់ទៅ ក៏នាំឲ្យខានឆីដែរ ជាហេតុនាំឲ្យនឹកស្ដាយក្រោយជាខ្លាំង ។ ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ ការណ៍ដែលលោកប្រាប់ថា កុំឲ្យប្រពន្ធដើរក្រោយនេះ មិនមែនខ្លាចមានគេមកលួច ឬឆក់ដណ្ដើមយកទៅបាត់ទេ ។ ការណ៍ពិតគឺលោកចង់និយាយថា អ្វីក៏ដោយឲ្យតែចូលចិត្តស្រលាញ់ គឺចេះតែចង់មើល ចង់ឃើញ ចង់គយគន់ ។ ព្រោះចក្ខារម្មណ៍គាប់ចិត្តតែនឹងរូបសម្ផស្សដែលល្អស្អាតគួរជាទីគយគន់ គួរជាទីពិតពិល រមិលមើល ។ បើដូច្នោះ មិនចាំបាច់ឲ្យប្រពន្ធដើរក្រោយទេ នាំពិបាកងាកមើលសម្រស់ គឺត្រូវឲ្យប្រពន្ធដើរមុខតែម្ដងទៅស្រណុកមើល ស្រណុកគយគន់ តែប្រយ័ត្នជំពប់ជើងដួលនាំឲ្យខ្មាសគេ ។ សុភាសិតផ្សេងទៀត
No comments:
Post a Comment