ក្រម ង៉ុយ
ក្រម ង៉ុយ (១៨៦៥-១៩៣៦)
លោកតា ក្រម ង៉ុយ (មាននាមដើម អ៊ុក អ៊ូ) ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរមួយរូប ពូកែខាងវោហារ និងលើកកំណាព្យអប់រំភ្លាមៗ ច្រៀងឡើងនឹងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងមានចំណេះដឹងខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ហើយទេព្យកោសល្យទាំងនេះ បានធ្វើឲ្យអ្នកភូមិស្រុក ហៅលោកថា “ភិរម្យង៉ុយ” ។លោក តែងទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យ ដាស់តឿនរំឭកខ្មែរទូទៅ ជាពិសេស គឺខ្មែរអ្នកស្រុកស្រែចំការដែលខ្សត់ខ្សោយ ដោយទទួលការរំលោភជិះជាន់ នៃរដ្ឋអំណាចបារាំង ឬការកេងបន្លំបំភ័ន្តរបស់ជនបរទេសដទៃទៀត រំឭកឲ្យខំធ្វើការ រំឭកពីការឈ្លោះប្រកែកគ្នា រវាងខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ល្ងង់ខ្លៅ ។ល។
ដោយសារភាពល្បីល្បាញរបស់លោក ព្រះបាទស៊ីសុវត្ថិ បានត្រាស់បង្គាប់លោកឲ្យចូលគាល់ និងច្រៀងថ្វាយ ហើយបានព្រះប្រទានគោរម្យងារជា “ព្រះភិរម្យភាសា” ។
លោកជាកវីម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោង ដែលលោកច្រៀងនោះឡើយ ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើង ដោយការអញ្ជើញលោកទៅច្រៀង នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក ។
ស្នាដៃរបស់លោកតា ក្រម ង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្ដីរំឭកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី បណ្ដាំក្រមង៉ុយ ។ល។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)
No comments:
Post a Comment