និល ទៀង
ព្រះរាជជីវប្រវត្តិ
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃអាទិត្យ ៧ កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។ ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក។ ការភៀសព្រះកាយនៅស្រុកសៀម
ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គឌួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។ការសាងព្រះផ្នួស
បព្វជា្ជ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៨៣៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំមមី ព.ស. ២៣៧៨ ក្នុងពទ្ធសីមាវត្តមហាធាតុយុវរាជរង្សឬទ្ធិ សង្កាត់ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (ដន) អធិបតីសង្ឃវត្តមហាធាតុយុវរាជរង្សឬទ្ធិ ជាព្រះឧបជ្ឈាយ៍ ។ឧបសម្បទា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៨៤៤ ត្រូវនឹងថ្ងៃច័ន្ទ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៣៨៨ ក្នុងពទ្ធសីមាវត្តព្រះស៊ីរតនសាស្ដារាម នាព្រះបរមមហារាជវាំង ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (នាគ) វត្តរាជបូរណរាជវរវិហារ សង្កាត់វាំងបូរព៌ាភិរម្យ ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះឧបជ្ឈាយ៍ ព្រះព្រហ្មមុនី (ថឹក) វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ សង្កាត់ ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះកម្មវាចាចារ្យ ព្រះធម្មឧត្តម (សែង) វត្តអរុណរាជវរារាមរាជវរមហាវិហារ សង្កាត់វត្តអរុណ ខណ្ឌបាងកកយ៉ៃ ទីក្រុងបាងកក ជាព្រះអនុសាវនាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យបព្វជិតនាមថា អរិន្ទមមុនី ប្រែថា អ្នកប្រាជ្ញបង្កា្របសត្រូវតាមផ្លូវធម៌ ។
ការយាងត្រឡប់មកប្រទេសកម្ពុជាវិញ
ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះណាំក្លាវ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះណាំក្លាវ។ សម្ដេចព្រះសង្ឃរាជនៃក្រុងកម្ពុជាធិបតី
ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។
សម្ដេចព្រះសង្ឃរាជនៃព្រះមហាក្សត្រ៣ព្រះអង្គ
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖- ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង
- ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រះចៅក្រុងកម្ពុជាធិបតី
- ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
ព្រះទិវង្គត
ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕
ព័ត៌មានទាក់ទង
ចម្លងចេញពីសៀវភៅព្រះរាជជីវប្រវត្តិ សម្ដេចព្រះសង្ឃរាជ រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការស្ដីទីវត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ២០០៤